ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ខែ ធ្នូ ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ១គ្រឿង ឈ្មោះ USS Savannah (LCS-28) បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ។ មន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារកំពង់ផែស្វ័យតក្រុង/ ខេត្តព្រះសីហនុបានឲ្យដឹងថា នាវាសហរដ្ឋអាមេរិក ចូលចតតាមការគ្រោងទុកមានរយៈពេល ៥ថ្ងៃ ។
នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានចូលសំចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃខាងលើនោះ គឺមាននាវិកសរុបចំនួន១០៣នាក់ ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារកំពង់ផែស្វយ័តក្រុង/ ខេត្តព្រះសីហនុបានឲ្យដឹងថា នាវាសហរដ្ឋអាមេរិក ចូលចតតាមការគ្រោងទុកមានរយៈពេល ៥ថ្ងៃ ( ចាប់ផ្តើមពីថ្ងៃទី ១៦ដល់ថ្ងៃទី ២០ ខែ ខែ ធ្នូ ឆ្នាំ ២០២៤ ) ។ ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា៖ លក្ខណៈបច្ចេកទេសនាវា ទម្ងន់ផ្ទុក៣២៥០តោន ,បណ្ដោយមាន១២៧,៤ ម៉ែត្រទទឹង ៣១,៦ ម៉ែត្រ ,ជម្រៅទឹក ៦,១០ម៉ែត្រ ,ល្បឿន ៤០ knots (៧៤ km/h; ៤៦mph),ល្បឿនខ្ពស់៤ knots (៨៧ km/h; 54 mph) ។ មាននាវិកសរុបចំនួន១០៣នាក់ (នាយនាវី ១៥នាក់ នាវិក ៨៣នាក់ និងស៊ីវិល ៥នាក់ ។ មេបញ្ជាការនាវាខាងលើលោក Daniel A. Sledz, USN ។ មានឧទ្ធម្ភាគចក្រ MH-60R/S Seahawkមួយគ្រឿង ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិបានឲ្យដឹងថា តបតាមសំណើររបស់សហរដ្ឋអាមេរិក ក្នុងការចូលសំចតនាវា និងទទួលបានការឯកភាព ពីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិកឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣នាក់ធ្វើការចូលសំចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ។

ក្រសួងការពារជាតិបានលើកឡើងថា ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពក៏ដូចជា ការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ។
ក្រសួងការពារជាតិបានឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកមានចំនួន២៧គ្រឿង ដែលការចូលសំចតលើកនេះជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ ។ ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជារយៈពេលប្រាំថ្ងៃនេះ គណៈ ប្រតិភូនាវាបានរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ។

ក្នុងផែនការ សកម្មភាពដែលបានគ្រោងទុករួមមាន ជំនួបពិភាក្សា ការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាមជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជាក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ ។
ជាមួយគ្នានោះដែរ ក្រសួងការពារជាតិបានលើកឡើងទៀតថា ដំណើរទស្សនកិច្ចខាងលើនេះជាព្រឹត្តិការណ៍សំខាន់មួយទៀតនៃភាពជាដៃគូកាន់តែប្រសើរ ឡើងរវាងព្រះរាជាណាច ក្រកម្ពុជា និងសហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ