រាជធានីភ្នំពេញ ៖ ក្ដីសង្ឃឹមឈោងចាប់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Mitsubishi Electric Cup 2024 សម្រាប់ក្រុមគោព្រៃកម្ពុជា ហាក់នៅសែនឆ្ងាយក្រោយទទួលបរាជ័យទាំងមិនអស់ចិត្ត ក្រោមថ្វីជើងក្រុមតោសមុទ្រសិង្ហបុរី កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០២៤ ខណៈ២ប្រកួតចុងក្រោយត្រូវការលទ្ធផលឈ្នះដាច់ខាតក្នុងជំនួបជាមួយទីម័រខាងកើតនិងថៃ។
អ្នកគាំទ្របាល់ទាត់កម្ពុជាសម្ដែងការមិនអស់ចិត្តទាល់តែសោះជុំវិញការបរាជ័យរបស់ក្រុមគោព្រៃកម្ពុជាដោយដាក់ការសង្ស័យទៅលើអ្នកចាំទីជុំវិញការធ្វេសប្រហែសធ្វើឱ្យរបូតគ្រាប់បាល់២គ្រាប់ផ្ទួនៗបណ្ដាលឱ្យចាញ់ក្រុមតោសមុទ្រសិង្ហបុរី១-២ ក្នុងវគ្គសន្សំពិន្ទុក្នុងពូលA ពានរង្វាន់ASEAN Championship កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។
មកដល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបើកការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីខុសពីធម្មតារបស់ក្រុមគោព្រៃកម្ពុជាតាមសំណូមពរអ្នកគាំទ្រហើយដើម្បីជម្រះនូវមន្ទិលសង្ស័យដែលកើតមាន ។
គេនៅចាំបានថា ការប្រកួតកាលពីថ្ងៃទី១១ ធ្នូ នៅដើមវគ្គ១ ក្រុមតោសមុទ្រសិង្ហបុរីបានស៊ុតទម្លុះសំណាញ់ទីក្រុមគោព្រៃកម្ពុជាស្រួលៗចំនួន២គ្រាប់ ដោយសារកំហុស និងភាពធ្វេសប្រហែសរបស់អ្នកចាំទីក្រុមគោព្រៃកម្ពុជា ខណៈក្រុមគោព្រៃកម្ពុជាបានព្យាយាមគ្រប់គ្រងបាល់ សម្រុក និងវាយបកទៅលើក្រុមតោសមុទ្រសិង្ហបុរីផ្ទួនៗវិញដែរ ប៉ុន្តែហាក់មិនមានសំណាងទាល់តែសោះ។
ក្រោយមានការដោះដូរកីឡាករមួយចំនួននៅវគ្គ២ ក្រុមគោព្រៃកម្ពុជា បានស៊ុតទម្លុះសំណាញ់ទីក្រុមតោសមុទ្រសិង្ហបុរីបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ។ ទោះបីក្រុមគោព្រៃកម្ពុជាបង្ហាញទម្រង់លេងបានយ៉ាងល្អក៏ដោយក៏ការប្រកួតពេញម៉ោងនាពេលនោះក្រុមគោព្រៃកម្ពុជាបានត្រឹមបន្សល់ទុកនូវវិប្បដិសារៈសម្រាប់កីឡាករ និងអ្នកគាំទ្រកម្ពុជាប៉ុណ្ណោះ ក្រោយអាជ្ញាកណ្ដាលដាក់កញ្ចែរចូលមាត់រួចផ្លុំបញ្ចប់ការប្រកួតវគ្គជម្រុះជុំទី២ ក្នុងពូលA រវាងក្រុមគោព្រៃកម្ពុជា និងតោសមុទ្រសិង្ហបុរីក្នុងលទ្ធផល១-២។
ក្រោយទទួលលទ្ធផលស្មើ២ទល់នឹង២ជាមួយម៉ាឡេស៊ី និងបរាជ័យ១-២ទាំងមិនអស់ចិត្តក្រោមថ្វីជើងសិង្ហបុរី ធ្វើឱ្យក្រុមគោព្រៃកម្ពុជាធ្លាក់់ទៅក្នុងភាពស្រពេចស្រពិលក្នុងការកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ទោះបីក្រុមគោព្រៃកម្ពុជានៅសល់២ប្រកួតនៅក្នុងដៃទៀតមែនតែត្រូវប៉ះក្រុមទីម័រខាងកើតនៅថ្ងៃទី១៧ ធ្នូ វេលាម៉ោង៥ និង៤៥នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមដំរីសឹកថៃ ដែលជាក្រុមខ្លាំងជាងគេក្នុងពូលA ។ ដូច្នេះឱកាសក្នុងការឈោងចាប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ក្រុមគោព្រៃកម្ពុជាហាក់នៅសែនឆ្ងាយ ដោយសារ២ប្រកួតចុងក្រោយនេះក្រុមដែលទើបត្រូវទទួលការសុើបអង្កេតពីសហព័ន្ធបាល់ ទាត់កម្ពុជាមួយនេះត្រូវការលទ្ធផលឈ្នះដាច់ខាត។
គួរបញ្ជាក់ថា នៅក្នុងពូលA ថៃឈរនៅកំពូលតារាងបណ្តោះអាសន្នដោយមាន៦ពិន្ទុក្នុងដៃ(គ្រាប់បាល់ចំណេញ១១គ្រាប់)បន្ទាប់មកគឺសិង្ហបុរីឈរនៅលេខ២បណ្តោះអាសន្ន មាន៦ពិន្ទុក្នុងដៃ(គ្រាប់បាល់ចំណេញ៤គ្រាប់)ខណៈម៉ាឡេសុីឈរនៅលេខ៣បណ្តោះអាសន្នមាន៤ពិន្ទុ(គ្រាប់បាល់ចំណេញ០គ្រាប់)។ ចំណែកកម្ពុជាឈរនៅលេខរៀងទី៣ បណ្តោះអាសន្នមាន១ពិន្ទុក្នុងដៃ (ជំពាក់គ្រាប់បាល់១គ្រាប់) និងទីម័រខាងកើតស្ថិតនៅបាតតារាបណ្តោះអាសន្នមាន០ពិន្ទុ(ជំពាក់គ្រាប់បាល់១៤គ្រាប់)៕
ចែករំលែកព័តមាននេះ