ខេត្តបាត់ដំបង ៖ សម្ភារៈប្រើប្រាស់ផលិតពី «ស្រទបដើមចេក» ដែលមានលក្ខណៈជាវត្ថុអនុស្សាវរីយ៍ដ៏ល្អស្អាតផងបាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនដែលគេតែងប្រទះឃើញមានដាក់តាំងលក់នៅក្នុងកម្មវិធីប្រគុំតន្ត្រី និងសម្ដែងសិល្បៈនានានៅតាមទីសាធារណៈក្នុងក្រុងបាត់ដំបង ។
សម្ភារៈប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ ដែលកើតចេញពីគំនិតច្នៃប្រឌិតនេះត្រូវបានគេផលិតចេញពី «ស្រទបចេក» ដែលប្រជាពលរដ្ឋទូទៅមានទម្លាប់តែងកា.ប់បោះចោលឥតប្រយោជន៍ ។ នេះបើតាមលោកស្រី ឆាត សុឃឿប អ្នកគ្រប់គ្រង «សិប្បកម្មតម្បាញចេកខ្មែរ» បានពន្យល់ពីការវត្ថុធាតុដើមនៃការផលិតសម្ភារៈប្រើប្រាស់ដែលចម្លែកភ្នែកនេះ ។
លោកស្រី ឆាត សុឃឿប បានលើកបង្ហាញពីផលិតផលរបស់លោកស្រី នៅក្នុងកម្មវិធីប្រគុំតន្ត្រី និងសម្ដែងសិល្បៈដ៏អធិកអធម៌មួយ ដោយក្រុមតន្ត្រី «មហោស្រពសិល្បៈជំនោរ ART » រយៈពេល០៣រាត្រី ( ១៣, ១៤, ១៥, ១២, ២០២៤ ) នៅលើទីធ្លាសួនសម្ដេចក្រឡាហោម ស ខេង ក្នុងក្រុងបាត់ដំបង ។
លោកស្រី ឆាត សុឃឿប បានប្រាប់ថា សម្ភារៈប្រើប្រាស់ដែលមានលក្ខណៈជាវត្ថុអនុស្សាវរីយ៍នេះត្រូវបានកែច្នៃពី «ស្រទបដើមចេក» ដែលអ្នកភូមិមានទម្លាប់កា.ប់បោះចោល ។ លោកស្រី បាននិយាយថា អ្នកត្បាញ ឬអ្នកផលិតសម្ភារៈប្រើប្រាស់ដែលច្នៃពីស្រទបចេកខាងលើនេះគឺ «អ្នកភូមិ» ជាពិសេសស្ត្រីមេម៉ាយៗនៅក្នុងមូលដ្ឋានដែលពុំមានការងារធ្វើក្រោមការបង្ហាត់បង្រៀនពីលោកស្រីផ្ទាល់ដែលមានទីតាំងនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
សម្ភារៈប្រើប្រាស់ដែលគេត្បាញ ឬផលិតចេញពីស្រទបចេកទាំងនោះរួមមាន ៖ កាបូបដាក់កុំព្យូទ័រយូរដៃ កាបូបដាក់សម្ភារៈផ្សេងៗ កន្ត្រកដាក់ដបទឹកសុទ្ធ អង្រឹង មួក កន្ត្រកយូរ កន្ត្រកដាក់បន្លែ និងសម្ភារៈប្រើប្រាស់ឬវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀត ។ល។ល។
នៅក្នុងកម្មវិធីប្រគុំតន្ត្រីដ៏អធិកអធម៌របស់ក្រុម «មហោស្រពសិល្បៈជំនោរ ART» នេះ គេឃើញមានការតាំងលក់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ផ្សេងៗរាប់សិបតូបដែលទំនិញទាំងនោះភាគច្រើនគេធ្វើដោយដៃច្នៃចេញពីវត្ថុធាតុដើមនានាដែលមនុស្សទូទៅមើលរំលង ហើយនឹកស្មានមិនដល់ ។ ដូចជា ដើមឈើជ័រ ដើមចេក ស្លឹកត្នោត ផ្ទាំងគំនូរប្លែកៗ និងនំចំណីផ្សេងៗ។ល។ នៅក្នុងចំណោមតូបរាប់សិបដែលតាំងលក់សម្ភារៈ ឬវត្ថុអនុស្សាវរីយ៍ទាំងនោះគេឃើញមានមនុស្សម្នាជាច្រើនមានទាំងព្រះសង្ឃផង បាននិមន្ត និងដើរមើល ឬទិញសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ ។
ជាពិសេស តូបលក់សម្ភារៈប្រើប្រាស់ត្បាញពីស្រទបចេករបស់លោកស្រី ឆាត សុឃឿប ដ៏គួរឲ្យទាក់ទាញបំផុតដែលមានមនុស្សម្នាចោមរោមមើលបំផុត ។ ជាមួយនឹងសកម្មភាពដ៏មមាញឹកជាមួយនឹងអតិថិជន លោកស្រី ឆាត សុឃឿប បានឆ្លៀតពេលបន្តិចបន្តួចងាកមកផ្ដល់បទសម្ភាសន៍ជាមួយ កោះសន្តិភាព ក្នុងរាត្រីថ្ងៃទី០២ ក្នុងកម្មវិធីប្រគុំតន្ត្រីនេះ ដែលមានរយៈពេល០៣ថ្ងៃនេះ ។
លោកស្រី បាននិយាយដូច្នេះថា «សម្ភារៈនានាដែលត្បាញពីដើមចេកនេះ ខ្ញុំលក់ដាច់ស្ទើរអស់ពីស្ដុក កាលពីរាត្រីទី០១ ឥឡូវមកដល់រាត្រីទី០២នេះខ្ញុំចង់អស់អីវ៉ាន់លក់ហើយ» ។ អ្នកគ្រប់គ្រង« អនុសារតម្បាញចេកខ្មែរ» ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតរូបនេះបានប្រាប់ទៀតថា «នេះជាលើកទី០៤ហើយ ដែលខ្ញុំបានយកផលិតផលច្នៃពីស្រទបចេកនេះដាក់តាំងបង្ហាញលក់លើទីផ្សារតាមរយៈការប្រគុំតន្ត្រី និងការសម្ដែងសិល្បៈនានានៅទីសាធារណៈ ។
ផលិតផលកែច្នៃពីស្រទបចេកនេះលក់ដាច់គូរសមដែរ ។ មានអតិជនច្រើនណាស់ ដែលចាប់អារម្មណ៍លើសម្ភារៈធ្វើពីស្រទបចេកនេះ ។ ប៉ុន្តែផលិតផលខ្ញុំនេះ ពុំមានដាក់លក់លើទីផ្សារនានាទេមានដាក់តាំងបង្ហាញពេលមានការប្រគុំតន្ត្រី និងសម្ដែងសិល្បៈជាលក្ខណៈបែបមនុស្សធម៌របស់ក្រុមហ៊ុន ឬរបស់អង្គការនានា ។
កោះសន្តិភាព ៖ តើមានសមាជិកប៉ុន្មាននាក់នៅក្នុងសិប្បកម្មដែលផលិតសម្ភារៈធ្វើពីដើមចេកនេះ0x017d7 លោកស្រី ឆាត សុឃឿប ៖ «សព្វថ្ងៃនេះ មានប្រហែល២០នាក់ដែលភាគច្រើនជាស្ត្រីមេម៉ាយពុំមានការងារ ។ ពួកគាត់ធ្វើនៅតាមផ្ទះរៀងៗខ្លួនតែពេលធ្វើបានពួកគាត់យកមកខ្ញុំ ដើម្បីរកទីផ្សារ ។ ខ្ញុំបានបង្ហាត់បង្រៀនពួកគាត់ឲ្យចេះត្បាញស្រទបចេកនេះច្នៃប្រឌិតជាសម្ភារៈផ្សេងៗ ដែលយកទៅប្រើប្រាស់បាន ឬ ទុកជាវត្ថុអនុស្សាវរីយ៍» ។
លោកស្រី បានបញ្ជាក់ថា ផលិតផលដែលសមាជិកធ្វើ គឺលោកស្រី ជាអ្នកធ្វើទីផ្សារ ។ ហើយរាល់ប្រាក់ចំណូលដែលបានពីការលក់សម្ភារៈច្នៃប្រឌិតទាំងនេះសមាជិកទទួលបានចំណែកចន្លោះពី៥០% ទៅ៦០%។ ដូច្នេះ «អនុសារ តម្បាញចេកខ្មែរ» របស់លោកស្រី បានបង្កើតការងារ និងជួយបង្កើនប្រាក់ចំណូលដល់ស្ត្រីៗមួយចំនួននៅក្នុងមូលដ្ឋាន ដែលពួកគាត់ពុំមានការងារធំដុំធ្វើ ។
លោកស្រី បានប្រាប់ថា លោកស្រីនឹងពង្រីកការងារនេះ និងបង្កើនការច្នៃប្រឌិត ផលិតជាសម្ភារៈប្រើប្រាស់ ឬវត្ថុអនុស្សវរីយ៍ដែលច្នៃចេញពីស្រទបចេកនេះឲ្យបានច្រើនមុខ ដើម្បីតម្រូវការ និងតាមចំណង់ចំណូលចិត្តរបស់អតិថិជន ៕
ចែករំលែកព័តមាននេះ