ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​កែះ​១​ក្បាល រត់​ចូល​ភូមិ​អន្លង់​ត្រា​ត ត្រូវ​បាន​សង្គ្រោះ និង​ត្រៀម​បញ្ជូន​ទៅ​កាន់​ឧទ្យាន​សួនសត្វ«​ភ្នំ​តា​ម៉ៅ​»

15 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់​ត្រា​ត ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ប្រទះ​ឃើញ​ សត្វ​កែះ ១​ក្បាល រត់​ចេញពី​ព្រៃ…

ខេត្តបន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់​ត្រា​ត ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ប្រទះ​ឃើញ​ សត្វ​កែះ ១​ក្បាល រត់​ចេញពី​ព្រៃ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​មក​ប្រគល់​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ នៃ​ក្រសួងបរិស្ថាន ដើម្បី​ពិនិត្យ​តាមដាន​សុខភាព និង​ទាក់​ទៅ​មន្ត្រី​ជំនាញ​សត្វព្រៃ មើលថែ​ទាំ​ មុន​នាំ​ទៅ​លែង​ទៅ​ព្រៃ​ធម្មជាតិ​វិញ ​។

លោក ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា សត្វ​កែះ​នេះ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​សហគមន៍ ​ក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ ប្រទះ​ឃើញ​រត់​ចូល​ភូមិ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤​។ ហើយ​បច្ចុប្បន្ន​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​តំបន់ការពារទេសភាព​បន្ទាយឆ្មារ បាន​ទទួល​ពី​សហគមន៍ ដោយ​បាន​នាំ​យក​មក​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ពិនិត្យ​សុខភាព និង​ត្រៀម​ប​ញ្ជូ​ល​ទៅ​កាន់​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​» វិញ ​។

លោកក៏​បាន​វាយតំលៃ​ផង​ដែរ​ថា វត្តមាន​របស់​សត្វ​«​កែះ​» អាច​នឹង​មាន​ច្រើន​ជាង​នេះ ដែល​នេះ​ គឺជា​ការ​ល្អ ហើយ​មិនមែន​ជា​ការ​រំខាន​នោះ​ទេ ចំពោះ​មនុស្ស ហើយ​លោក ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ បើ​ឃើញ​សត្វព្រៃ​សូម​កំ​ឱ្យ​មានការ​បរបាញ់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​អភិរក្ស​ថែរក្សា​សត្វព្រៃ ព្រោះ​និង​ផ្តល់​សារៈ​ប្រយោជន៍​ទៅ​ដល់​សហគមន៍​វិញ តាម​រយៈ​ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​ ដែល​មក​លេង​កម្សាន្ត​ ។

សត្វ«​កែះ​» ជា​សត្វព្រៃ​ ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​ការ​បាត់បង់​ទីជម្រក ការ​ទាក់​ចាប់ ឬ​បរបាញ់ ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការ​ជួញដូរ​។ «​កែះ​» ស្ថិត​ក្នុង​ក្រុម​មាន​ដោយ​កម្រ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អង្គការ IUCN ថា​ ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​។ នេះ​បើ​តាម​សៀវភៅ​ថនិកសត្វ​កម្ពុជា​។ លក្ខណៈ​ជីវសាស្ត្រ «​កែះ​» ចូល​ចិត្ត​រស់នៅ​តំបន់​ព្រៃ​ភ្នំ ជ្រលង ផ្ទាំង​ថ្ម​ខ្ពស់​ៗ ដែល​មាន​គម្រប​ព្រៃ និង​មាន​ស្រទាប់​រុក្ខជាតិ​ថ្នាក់ ក្រោម​ច្រើន​។ «​កែះ​» ជា​ប្រភេទ​សត្វ​ដែល​មាន​ភាព​រហ័សរហួន ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់នៅ​តាម​ទីជម្រក​ស្ងាត់​ដូច្នេះ​គេ​កម្រ​ជួប​ប្រទះ​វា​ណាស់ ​។

«​កែះ​» ចូល​ចិត្ត​យក​រូងភ្នំ​រាក់​ៗ​ធ្វើ​ជាទី​ជម្រក ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា​បាន​ដោយសារ​គំនរ​លាមក​របស់​វា​។ នៅ​ពេល​ថ្ងៃ​វា​ចូល​ចិត្ត​សម្រាក​តាម​គម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី​នៅ​ពេល​ព្រលឹម ឬ​ក្បាល​ព្រលប់​។ វា​ចូល​ចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​ប្រភេទ​។ នា​រដូវ​បន្ត​ពូជ​នៅ​ខែតុលា​និង​ខែធ្នូ កែះ​ញី អាច​កើតកូន​បាន​ម្ដង​១​ជួនកាល​ភ្លោះ ប៉ុន្តែ​វា​មាន​ដោយ​កម្រ​បន្ទាប់​ពី​ពពោះ​រយៈពេល​៧​ខែ​។ កូន​ដែល​កើតមក​រស់នៅ​ជាមួយ​មេ​របស់​វា​ស្ទើរ​ពេញ​មួយ​ឆ្នាំ​ទើប​ចាកចេញ​។

សត្វ «​កែះ​» គេ​អាច​សម្គាល់​បាន​គឺ វា​មាន​មាន​សម្បុរ​ខ្មៅ​ប្រផេះ និង​រោម​វែង​ៗ​ស្តើង ហើយ​មាន​ដងខ្លួន​ខ្លី ចំណែក​ជើង​ទាំង​៤​របស់​វា​វែង​។ ផ្នែក​ខាងលើ​ដងខ្លួន​សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាលជង្គង់​ចុះ​មាន​ពណ៌​ចម្រុះ​ខ្មៅ​-​ប្រផេះ​-​លឿង កន្ទុយ​របស់​វា​ខ្លី មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ​។ នៅ​លើ​ពំនូល​ក្បាល​រហូត​ដល់​ស្មា​របស់​វា​មាន​រោម​រឹង​វែង​ៗ​សណ្ឋាន​ដូច​ជា​ប្រែង​។ រីឯ​បបូរមាត់​របស់​វា​វិញ​ពណ៌​ស ហើយ​ផ្នែក​ក្រោម​ក​មាន​ពណ៌​លឿង ឬ​ពណ៌​ស ចំពោះ​ត្រចៀក​វា​វែង​ត្រង់​ទៅ​លើ​។ សត្វ «​កែះ​» វា​មាន​ស្នែង​ដូច​សត្វ​ពពែ​ដែរ ដោយ​ដុះ​កោង​ទៅ​ក្រោយ​បន្តិច មាន​ប្រវែង​ប្រហែល ២៨០​ម​ម ពណ៌​ខ្មៅ និង​មាន​គន្លាក់​ៗ​ជា​រង្វង់​នៅ​ផ្នែក​គល់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ