ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​ប្រ​ធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង​បាន​សម្រេច

9 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ នៅ​ទី​បំផុត​ ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​របស់​គាត់​បាន​សម្រេច​ហើយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ សូម​បញ្ជាក់​ឡើង​វិញ​ថា​​តំណែង​នេះ​មិន​ទាន់​ត្រូវ​បាន​ដក​ហូត​ជា​ស្ថា​ពរ​នៅ​ឡើយ​ទេ​។ លោ​កយូន​ស៊ុក​យូន​នៅ​មាន​ពេល​វេលា​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត​ដើម្បី​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ​ និង​ឡើង​ការ​ពារ​ទង្វើ​របស់​គាត់​ដែល​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​​។ តាម​ផ្លូវ​ច្បាប់​ សភា​នឹង​រុញ​សំណុំ​រឿង​នេះ​បន្ត​ទៅ​តុលាការ​ធម្ម​នុញ្ញ​ដើម្បី​​សម្រេច​ថា​តើ​ត្រូវ​​ដក​តំណែង​របស់​លោក​យូន​ស៊ុក​យូល​ជា​ស្ថា​ពរ…

ទី​ក្រុង​សេអ៊ូល៖ នៅ​ទី​បំផុត​ ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​របស់​គាត់​បាន​សម្រេច​ហើយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ សូម​បញ្ជាក់​ឡើង​វិញ​ថា​​តំណែង​នេះ​មិន​ទាន់​ត្រូវ​បាន​ដក​ហូត​ជា​ស្ថា​ពរ​នៅ​ឡើយ​ទេ​។ លោ​កយូន​ស៊ុក​យូន​នៅ​មាន​ពេល​វេលា​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត​ដើម្បី​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ​ និង​ឡើង​ការ​ពារ​ទង្វើ​របស់​គាត់​ដែល​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​​។

តាម​ផ្លូវ​ច្បាប់​ សភា​នឹង​រុញ​សំណុំ​រឿង​នេះ​បន្ត​ទៅ​តុលាការ​ធម្ម​នុញ្ញ​ដើម្បី​​សម្រេច​ថា​តើ​ត្រូវ​​ដក​តំណែង​របស់​លោក​យូន​ស៊ុក​យូល​ជា​ស្ថា​ពរ ឬ​ត្រូវ​ប្រគល់​តំណែង​ជូន​គាត់​វិញ​។ ​នៅ​ក្នុង​​​សម័យ​កាល​អន្តរ​កាល​​នេះ នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង លោក​ហាន​ដុក​ស៊ូ (Han Duck-soo) ​នឹង​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ស្ដី​ទី​។ ចំណែក​លោក​យូន​ស៊ុក​យូល​អាច​បន្ត​អង្គុយ​នៅ​ក្នុង​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​ដដែល​ ជា​លក្ខណៈ​ទៅ​អង្គុយ​លេង​ដោយ​គ្មាន​ភារ​កិច្ច និង​តួ​នាទី​អ្វី​ទាំង​អស់​។​​

លោក​ហាន​ដុក​ស៊ូ​សន្យា​ថា​លោក​នឹង​ខិត​ខំ​បំពេញ​ការ​ងារ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋា​ភិ​បាល​​មាន​ស្ថិរ​ភាព​ឡើង​វិញ​។ ​នៅ​ក្នុង​គណ​បក្ស​ស្ដាំ​និយម ឬ​អភិរក្ស​និយម​នៅ​កូរ៉េ​ខាង​ត្បូង លោ​ក​យូន​ស៊ុកយូល​ជា​ប្រធានា​ធិបតី​ទី២​ដែល​ត្រូវ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​បន្ទាប់​ពី​លោក​ស្រី​ប៉ាក់​ឃុន​ហេ​ (Park Geun-hye) ដែល​ជា​កូន​ស្រី​របស់​អតី​ត​មេ​ដឹក​នាំ​ផ្ដាច់​ការ​ប៉ាក់​ជុង​ហ៊ី​ (Park Chung-hee) ក៏​ត្រូវ​សភា​ព្យួរ​តំណែង​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧​។

​ក្រោយ​មក លោក​ស្រី​ប៉ាក់​ឃុន​ហេ​ត្រូវ​តុលាការ​សម្រេច​ដក​ហូត​តំណែង​ជា​ស្ថា​ពរ និង​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ថែម​ទៀត​។ បើ​ប្រៀប​ធៀបគ្នា​​ទៅ,​ ទោស​កំហុស​របស់​លោ​កស្រី​ប៉ាក់​ឃុន​ហេ​ស្រាល​ជាង​លោក​យូន​ស៊ុក​យូល​ឆ្ងាយ​ណាស់​បើ​​​តុលាការ​រក​ឃើញ​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​។ លោក​យូន​ស៊ុក​យូល​ទោស​ធ្ងន់​ជាង​។ ទោស​ក្បត់​ជាតិ និង​ទោស​​ប្រឆាំង​នឹង​រដ្ឋ​​គឺ​មាន​តែ​ប្រហារ​ជីវិត​ប៉ុណ្ណោះ​សម្រាប់​កូរ៉េ​ខាង​ត្បូង​​។​​

ក្រុម​អ្ន​កហែ​បាតុកម្ម​​ដែល​ទាម​ទារ​ដក​តំណែង​របស់​លោ​កយូន​ស៊ុក​យូល​ជា​យូរ​មក​ហើយ​នោះ គ្រាន់​តែ​ទទួល​ដំណឹង​ថា​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​របស់​គាត់​បាន​សម្រេច​ហើយ​ ពួក​គេ​សប្បាយ​ហ៊ោរ​កញ្ជ្រៀវ​យ៉ាង​កង​រំពង​។ ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​គាំទ្រ​លោក​យូន​ស៊ុក​យូល​នាំ​គ្នា​កាត់​រំសាយ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ក្រោយ​ពេល​ទទួល​ដំណឹង​ថា​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​។​

យោង​តាម​លទ្ធ​ផល​ឆ្នោត​សភា​លើក​នេះ​ អ្នក​តំណាង​រាស្ត្រ​២០៤​នាក់​បោះ​ឆ្នោ​តគាំទ្រ​ញត្តិ​ស្នើ​សុំ​ដក​តំណែង​,​ អ្នក​តំណាង​រាស្ត្រ​៨៥​រូប​បោះ​ឆ្នោត​ជំទាស់​នឹង​ញត្តិ​នោះ​, ៣​រូប​បោះឆ្នោត​អនុប​វាទ​​ និង​៨​សំឡេង​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ​។ ក្រុម​គណ​បក្ស​ប្រឆាំង​ទាំង​តូច​ទាំង​ធំ​ប្រមូល​បាន​១៩២​សំឡេង​។ ដូច្នេះ មាន​ន័យ​ថា​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​កាន់​អំណាច​យ៉ាង​តិច​១២​រូប​បាន​ចូល​រួម​គាំទ្រ​ញត្តិ​នោះ​។​​

ជា​បន្ត​ទៅ​ទៀត​នេះ តុលាការ​ធម្ម​នុញ្ញ​មាន​ពេល​៦​ខែ​​​ដើម្បី​​​ពិនិត្យ​មើល​សំណុំ​រឿង​នេះ​ឡើង​វិញ​មុន​នឹង​ចេញ​សេចក្ដី​សម្រេច​ជា​​ស្ថា​ពរ​​។ បើ​តុលាការ​សម្រេច​ថា​ត្រូវ​តែ​ដក​តំណែង​របស់​លោ​កយូន​ស៊ុក​យូល ​ពេល​នោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ជា​ថ្មី​។ តាម​ពិត ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​យប​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​នោះ​គ្មាន​ផល​ចំណេញ​សម្រាប់​លោក​យូន​ស៊ុក​យូល, សម្រាប់​គណ​បក្ស​របស់​គាត់​ និង​សម្រាប់​សង្គម​ជាតិ​ទាល់​តែ​សោះ​។

បើ​ត្រឹម​តែ​អស់​តំណែង​ប្រធានា​ធិបតី​មួយ​មុខ​មិន​សូវ​​អី​ទេ​​។ ប៉ុន្តែ​លោក​ក៏​កំពុង​ជាប់​ក្ដី​ក្ដាំ​នៅ​ក្នុង​តុលាការ​ព្រហ្ម​ទណ្ឌ​ថែម​ទៀត​។ សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត​យ៉ាង​ស៊ី​ជម្រៅ​ និង​ចាប់​ខ្លួន​មន្ត្រី​ធំ​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ចូ​លរួម​នៅ​ក្នុង​អំពើ​ក្បត់​ជាតិ​។ ឧទាហរណ៍​ចាប់​ខ្លួន​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​, អតី​ត​រដ្ឋ​មន្ត្រីមហា​ផ្ទៃ, អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​ និង​មន្ត្រី​ជា​ច្រើន​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ