ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោកម៉ាក្រុង តែងតាំងលោកហ្វ្រង់ស័រ បារូ (Francois Bayrou) ជានាយករដ្ឋមន្ត្រីថ្មី និងជានាយករដ្ឋមន្ត្រីទីបីដែលតែងតាំងនៅឆ្នាំនេះ។ លោកបារូជាអ្នកនយោបាយជើងចាស់ (veteran) ដែលនិយមកណ្ដាលដែលមានភារកិច្ចដឹកនាំប្រទេសជាតិចាកចេញពិវិបត្តិនយោបាយធំៗកាលពីរយៈពេល៦ខែចុងក្រោយនេះ។
នយោបាយជាអាទិភាពរបស់លោកបារូក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកម៉ាក្រុងគឺត្រូវធ្វើយ៉ាងណាអនុម័តច្បាប់ដ៏សំខាន់១ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិនៅឆ្នាំ២០២៤នេះ ហើយនឹងត្រៀមអនុម័តថវិកាឆ្នាំ២០២៥ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងលំបាកថែមទៀត។ ដោយសារសភាច្រានចោលគម្រោងប្រើប្រាស់ថវិកាឆ្នាំ២០២៥នេះហើយដែលនាំទៅដល់ការបោះឆ្នោតដកសេចក្ដីទុកចិត្តពីអតីតនាយករដ្ឋមន្ត្រីបារាំង លោកមីសែល បានីញ៉េ (Michel Barnier)។
លោកបារូសព្វថ្ងៃនេះមានអាយុ៧៣ឆ្នាំ។ លោកនឹងរៀបចំបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែលោកក៏អាចនឹងមានជោគវាសនាមិនខុសពីលោកបានីញ៉េប៉ុន្មានដែរព្រោះគណបក្សរបស់លោកម៉ាក្រុងមានអ្នកតំណាងរាស្ត្រមិនច្រើនគ្រប់គ្រាន់សម្រាប់ការអនុម័តសំណើរបស់រដ្ឋាភិបាលនោះទេ។ ម៉្យាងទៀត សម្ព័ន្ធភាពដ៏ជិតស្និទ្ធរវាងលោកបារូ និងលោកម៉ាក្រុងក៏ជាសញ្ញាមិនល្អប៉ុន្មានទេខណៈដែលប្រជាប្រិយភាពរបស់លោកម៉ាក្រុងកំពុងតែថយចុះ។
គេកំពុងតែដាក់ជាចម្ងល់ថាតើលោកម៉ាក្រុងអាចតស៊ូកាន់អំណាចរហូតដល់ផុតអាណត្តិនាឆ្នាំ២០២៧ដែរឬទេបើដូរនាយករដ្ឋមន្ត្រី១ភ្លែតបីនាក់នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល? ក្រោយការដួលរលំនៃរដ្ឋាភិបាលរបស់លោកបានីញ៉េ លោកម៉ាក្រុងបានដើរបញ្ចុះបញ្ចូលប្រធានគណបក្សនយោបាយដែលមានអាសនៈនៅក្នុងសភារួមទាំងគណបក្សអភិរក្សនិយម និងគណបក្សកុម្មុយនិស្តនិយមដើម្បីឱ្យពួកគេចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះ និងបោះឆ្នោតគាំទ្រលោកបារូ។
គណបក្សស្ដាំនិយមជ្រុលរបស់លោកស្រីឡឺពេន (Marine Le Pen) និងគណបក្សឆ្វេងនិយមជ្រុលគ្មានឈ្មោះនៅក្នុងកញ្ចប់ថ្មីនេះនេះទេ។ លោកម៉ាក្រុងសង្ឃឹមថាលោកបារូយ៉ាងហោចណាស់អាចឈរនៅក្នុងតំណែងនាយករដ្ឋមន្ត្រី ហើយគេចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តរហូតដល់ខែកក្កដា ឆ្នាំ២០២៥។ រួចហើយចាំគិតគ្នាទៀត។ ទម្រាំដល់ពេលនោះ ប្រទេសបារាំងនឹងរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រជាថ្មី។
ប៉ុន្តែបើរដ្ឋាភិបាលចេះតែបាត់បង់សំឡេងគាំទ្រពីសភាបែបនេះ សួរថាតើតំណែងប្រធានាធិបតីរបស់លោកម៉ាក្រុងអាចរក្សាគង់វង្សដែរឬទេ? លោកបារូជាស្ថាបនិកគណបក្សចលនាប្រជាធិបតេយ្យដែលធ្លាប់ចូលរួមជាមួយរដ្ឋាភិបាលរបស់លោកម៉ាក្រុងកាលពីឆ្នាំ២០១៧។ លោកធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីចំនួនបីដង។ ក្រោយមក លោកម៉ាក្រុងតែងតាំងលោកបារូជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ កាន់តំណែងនេះបានតែប៉ុន្មានអាទិត្យប៉ុណ្ណោះ លោកបារូក៏លាលែងពីតំណែងវិញ៕
ចែករំលែកព័តមាននេះ