ខេត្តបាត់ដំបង ៖ តើ «ភ្នំបារាំងធ្លាក់» ដែលស្ថិតក្នុងស្រុកភ្នំព្រឹក ជាប់ព្រំដែនខ្មែរ-ថៃ មានប្រវត្តិយ៉ាងណា? «គ្មានចម្លើយជាក់លាក់ទេ» បើនិយាយពីប្រវត្តិឈ្មោះភ្នំនេះ ។ ហើយក៏គ្មានចាស់ទុំ ឬមន្ត្រីជំនាញ ឬអ្នកប្រវត្តិសាស្ត្រណាបានដឹងពីប្រវត្តិភ្នំនេះ ឬឈ្មោះភ្នំនេះ (ភ្នំបារាំងធ្លាក់) បានច្បាស់លាស់ដែរ ។ គេបានត្រឹមតែនិយាយ ឬតំណាលតៗគ្នាដូចរឿងព្រេងតែប៉ុណ្ណោះ ពីជំនាន់មួយទៅជំនាន់មួយថា «ជនជាតិបារាំងបានរអិលជើងធ្លាក់ចូលល្អាងមួយ នៅលើភ្នំនោះ ទើបគេហៅឈ្មោះភ្នំនេះថា ភ្នំបារាំងធ្លាក់់ៗរហូតមកទល់សព្វថ្ងៃនេះ» ។
នេះជាសាវតាសង្ខេបដែលនាំឲ្យគេរាល់គ្នាហៅឈ្មោះភ្នំ ដែលសំបូរទៅដោយធនធានរ៉ែធម្មជាតិក្រោមដីមួយនេះថា ជា«ភ្នំបារាំងធ្លាក់ៗ»តៗគ្នារហូតមកដល់សព្វថ្ងៃនេះ ។ «ភ្នំបារាំងធ្លាក់» មានទីតាំងនៅចន្លោះជួរភ្នំព្រឹកនៅប៉ែកខាងត្បូង និងជួរភ្នំហុងទឹកនៅប៉ែកខាងជើង ស្ថិតក្នុងឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ព្រំដែន ខេត្តស្រះកែវ ប្រទេសថៃ ។ ក្រៅពីសំបូរទៅដោយធនធានរ៉ែធម្មជាតិក្រោមដី មានតំលៃដ៏មហាសាលនៅតំបន់ «ភ្នំបារាំងធ្លាក់» នេះ ហើយគេក៏បានរកឃើញ «សំណាកបុរេប្រវត្តិ»ខ្លះៗនៅក្នុងល្អាងភ្នំនេះផងដែរ ។ នេះបើតាមអ្នកភូមិ និងមន្ត្រីមូលដ្ឋាន ដែលបានរុករកឃើញកន្លងមក ។
ប៉ុន្តែគេមិនឃើញមានអ្នកប្រវត្តិសាស្ត្រ ឬមន្ត្រីក្នុងស្ថាប័នជំនាញណាបានដឹងច្បាស់ ឬបានកត់ត្រាជាប្រវត្តិសាស្ត្រពីប្រវត្តិភ្នំនេះទុកជាឯកសារឡើយ ។ តាមការស្រង់សម្ដី៖ អ្នកភូមិក៏ដូចមន្ត្រីចំណាស់ៗក្នុងមូលដ្ឋាន និងមន្ត្រីស្ថាប័នជំនាញផង បានលើកឡើកឡើងស្រដៀងៗគ្នាពីប្រវត្តិព្រាលៗនៃ«ភ្នំបារាំងធ្លាក់»នេះថា បើតាមការលេចឮតៗគ្នារហូតមកដល់សព្វថ្ងៃនេះ ឈ្មោះ«ភ្នំបាំរាំងធ្លាក់» នេះ ត្រូវបានគេឮនិយាយតៗគ្នាក្នុង «សម័យសង្គមរាស្ត្រនិយម» តែក៏ពុំមាននរណាបានដឹង ឬលើកមកនិយាយពីប្រវត្តិភ្នំនេះមុន «សម័យសង្គមរាស្ត្រនិយម»ដែរ ។ តើមុនសម័យសង្គមរាស្ត្រនិយម (សម័យបុរាណ) ភ្នំមួយនេះមានប្រវត្តិបែបណា ? តើភ្នំមួយនេះឈ្មោះអ្វី ក្នុងសម័យនោះ ? នេះជាសំណួរដែលគ្មានចម្លើយ… សូម្បីមួយម៉ាត់ ។
អតីតកងទ័ពព្រៃ (ខ្មែរក្រហម) ដែលមានប្រវត្តិកាន់កាំភ្លើងធ្វើសង្គ្រាមជិត២០ឆ្នាំកន្លងទៅនេះ ក្នុងរបបខ្មែរក្រហម គឺលោក សឹង រ៉ាត់ អាយុ៦៣ឆ្នាំ ។ ដោយសារសង្គ្រាមធ្វើឲ្យគាត់ត្រូវបាត់ចង់ជើងម្ខាង ក្លាយជាជនពិការរហូតដល់សព្វថ្ងៃ ។ គាត់រស់នៅមិនឆ្ងាយប៉ុន្មានទេ ពីតំបន់ភ្នំបារាំងធ្លាក់នេះ ។ ជួបជាមួយកោះសន្តិភាព អតីតទាហានខ្មែរក្រហមវ័យ៦៣រូបនេះ បាននិយាយដោយសង្ខេប ពីប្រវត្តិភ្នំបារាំងធ្លាក់នេះដូច្នេះថា «ខ្ញុំធ្លាប់ស្គាល់ ធ្លាប់ឮគេហៅឈ្មោះភ្នំបារាំងធ្លាក់នេះ តាំងពីខ្ញុំនៅក្មេងៗក្នុងវ័យប្រហែល៣០ឆ្នាំ តែសព្វថ្ងៃខ្ញុំមានអាយុ៦៣ឆ្នាំហើយ ។ កាលពីសម័យសង្គមរាស្ត្រនិយម ខ្ញុំរស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះ» ។
លោកបានបន្តទៀតថា «កាលសម័យនោះ ខ្ញុំធ្វើចម្ការនៅតំបន់ម៉ក់ហឺន (ស្រុកម៉ាឡៃសព្វថ្ងៃ)។ កាលនោះ ខ្ញុំបានស្គាល់ច្បាស់នូវក្រុមហ៊ុនដ៏ធំមួយដែលគ្រប់គ្រងព្រៃឈើ ស្ទើរពាសពេញតំបន់ភាគខាងលិច នៃទឹកដីខេត្តបាត់ដំបង (ចាប់ពីតំបន់ម៉ក់ហឺន ស្រុកម៉ាឡៃសព្វថ្ងៃ រហូតដល់ខេត្តប៉ៃលិន) ដែលមានថៅកែឈ្មោះ «យ៉» ។
មិនត្រឹមតែនិយាយប្រាប់ទេ គាត់បានជូនទៅចង្អុលបង្ហាញពីស្ថានភាពភ្នំបារាំងធ្លាក់ និងបាននិយាយពីប្រវត្តិភ្នំនេះខ្លះៗបន្ថែមទៀតផងដែលគាត់បានដឹង ។ អតីតអ្នកសង្គ្រាមរូបនេះបានចង្អុលបង្ហាញភ្នំ ហើយនិយាយថា«កាលសម័យសង្គមរាស្ត្រនិយម លោកថៅកែ យ៉ បានធ្វើផ្លូវសម្រាប់រថយន្តដឹកឈើរបស់គាត់កាត់ក្បែរជើងភ្នំបារាំងធ្លាក់នេះ ។ ហើយនៅសម័យខ្មែរក្រហម ខ្ញុំក៏ធ្លាប់ដើរតាមផ្លូវនោះដែរទៅសមរភូមិ ថែមទាំងធ្លាប់ឡើងភ្នំបារាំងធ្លាក់ និងចូលមើលល្អាងភ្នំទៀតផង ។
មិនតែប៉ុណ្ណោះ មកទល់សព្វថ្ងៃនេះ គេធ្លាប់រកឃើញវត្ថុបុរាណខ្លះៗនៅក្នុងល្អាងភ្នំ បារាំងធ្លាក់នេះ»។ ជាមួយនិងការសួរនាំពីប្រវត្តិឈ្មោះ «ភ្នំបារាំងធ្លាក់» នេះ អ្នកភូមិបារាំងធ្លាក់ ឃុំបាំរាំងធ្លាក់ ដែលរស់នៅក្បែរភ្នំនេះដែរ គឺឈ្មោះ យេន យុង ភេទស្រី អាយុ៦៥ឆ្នាំ មិនធ្លាប់ស្គាល់ ឬដឹងពីប្រវត្តិច្បាស់លាស់នៃភ្នំនេះទេ បើទោះជាគាត់រស់នៅមិនឆ្ងាយប៉ុន្មាន ពីជើងភ្នំបារាំងធ្លាក់នេះអស់រយៈពេលរាប់សិបឆ្នាំកន្លងមកនេះក្ដី ។
អង្គុយលើអង្រឹងក្រោមដើមអម្ពិល អ្នកស្រី យេន យុង បានលើកដៃចង្អុលទៅកាន់ភ្នំបារាំងធ្លាក់ រំលងចម្ការពោតដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកជាមួយនឹងការបរិយាយពីប្រវត្តិខ្លះៗ ដែលអ្នកស្រីបានដឹង និង បានឃើញ ។ អ្នកស្រីបានប្រាប់ដូច្នេះថា «តាមពិតទៅ ខ្ញុំមិនមែនជាអតីតខ្មែរក្រហមទេ ។ ខ្ញុំបានមករស់នៅទីនេះ ក្រោយខ្មែរក្រហមធ្វើសមាហរ័ណកម្ម ក្នុងអំឡុងទសវត្សន៍ឆ្នាំ១៩៩០» ។
គាត់លើកដៃចង្អុលភ្នំ រួចនិយាយថា «កាលខ្ញុំមកដំបូង តំបន់ក្បែរជើងភ្នំបារាំងធ្លាក់នេះ សុទ្ធតែព្រៃក្រាសស្ទើរគ្មានពន្លឺថ្ងៃ ។ កាលនោះ ពិតជាមានស្លាកស្នាមផ្លូវលំធំមួយខ្សែរ៉បជើងភ្នំនេះ ដែលជាផ្លូវដឹកឈើពីសម័យមុន» ។ សំណួរ៖ កោះសន្តិភាពតាំងពីដើមមក តើអ្នកម៉ីងធ្លាប់ឮធ្លាប់ស្គាល់ប្រវត្តិភ្នំនេះខ្លះទេ ? ហើយតើធ្លាប់ឮឈ្មោះ «ភ្នំបារាំងធ្លាក់» នេះតាំងពីជំនាន់ណាមក ?
អ្នកស្រី យេន យុង៖ «ខ្ញុំរស់នៅភ្នំពេញ ។ ខ្ញុំមិនធ្លាប់ស្គាល់ប្រវត្តិភ្នំនេះទេ ព្រោះខ្ញុំជាអ្នកចំណូលថ្មី។ ហើយឈ្មោះភ្នំបារាំងធ្លាក់នេះ ខ្ញុំឭតែគេហៅតៗគ្នារហូតមក ខ្ញុំក៏ហៅតាមគេដែរទៅ ។ បើតាមខ្ញុំដឹងតាមរយៈអ្នកធ្លាប់ឡើងលើភ្នំ គឺភ្នំនេះមានល្អាងច្រើន និងជ្រៅៗទៀតផង ។ ហើយថែមទាំងមានវត្ថុបុរាណ ដែលអ្នកឡើងភ្នំរកឃើញ ។ ដូច្នេះ ឈ្មោះភ្នំបារាំងធ្លាក់នេះ ខ្ញុំគ្រាន់តែហៅតាមគេតាមឯង ។ ប៉ុន្តែមានប្រវត្តិបែបណា ឬឈ្មោះភ្នំពិតប្រាកដយ៉ាងណា ខ្ញុំមិនបានដឹងទេ» ។
តាមរយៈការសាកសួរប្រជាពលរដ្ធចាស់ ទុំ និងមន្ត្រីក្នុងមូលដ្ឋានជាច្រើន ហាក់គ្មានចម្លើយច្បាស់លាក់ពីប្រវត្តិភ្នំបារាំងធ្លាក់នេះទេ ។ ស្ទើរជាទូទៅសុទ្ធតែបានផ្ដល់ចម្លើយពីការនិយាយ ឬហៅតៗគ្នាពីឈ្មោះ«ភ្នំបារាំងធ្លាក់» ។ គ្រប់ប្រភពទាំងអស់ រាប់ទាំងមន្ត្រីៗផង សុទ្ធតែមានអំណាស់អំណាងប្រហាក់ប្រហែលគ្នាពីប្រវត្តិភ្នំ និងធនធានធម្មជាតិក្រោមដីដូច្នេះថា «ភ្នំបារាំងធ្លាក់នេះ មានធនធានធម្មជាតិច្រើនប្រភេទណាស់។ ជាពិសេសរ៉ែមាសតែម្ដង» ។
ប្រភពដដែលបានលើកពីប្រវត្តិព្រាលៗពីឈ្មោះ«ភ្នំបារាំងធ្លាក់» ដូច្នេះថា «បើតាមការនិយាយតៗគ្នា កាលពីសម័យសង្គមរាស្ត្រនិយមមានអ្នកជំនាញជនជាតិបារាំងមួយក្រុមចុះស្រាវជ្រាវរុករកធនធានធម្មជាតិ (រ៉ែមាស) នៅតំបន់នេះ ។ ហើយកាលនោះ គេល្បីតៗគ្នាថា មានអ្នកជំនាញជនជាតិបារាំងម្នាក់បានរអិលជើងធ្លាកពីលើភ្នំ ទើបគេនាំគ្នាហៅឈ្មោះភ្នំនេះថា ជាភ្នំបារាំងធ្លាក់ៗ រហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែត្រង់ប្រវត្តិភ្នំនេះពិតប្រាកដ កាលពីសម័យបុរាណរាប់លានឆ្នាំកន្លងមក គ្មាននរណាបានដឹងទេ»។
ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិភ្នំបារាំងធ្លាក់នេះ លោក កឹម សុភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក៏មិនបាននិយាយលម្អិតដែរពីប្រវត្តិភ្នំដែលសំបូរទៅដោយធនធានធម្មជាតិក្រោមដីមួយនេះ ។ លោក គឹម សុភ័ណ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ឌថា តាមពិត រឿងរ៉ាវប្រវត្តិភ្នំបារាំងធ្លាក់នេះ គ្រាន់តែដឹង និងនិយាយតៗគ្នាប៉ុណ្ណោះ ពុំមានសរសេរនៅក្នុងឯកសារណាមួយជាក់លាក់ទេ ។
លោកប្រធានមន្ទីរជំនាញរូបនេះបាននិយាយដូច្នេះថា«គ្មានឯកសារជាក់លាក់ដែលនិយាយពីប្រវត្តិភ្នំនេះទេ។ ឈ្មោះភ្នំបារាំងធ្លាក់នេះ គេគ្រាន់តែដឹងនិងហៅឈ្មោះតៗគ្មានតែប៉ុណ្ណោះ ។ គេតំណាលតៗគ្នាថា ភ្នំនេះធ្លាប់មានពួកជនជាតិបារាំងចុះស្រាវជ្រាវ ហើយធ្លាក់ពីលើភ្នំ ។ ដូច្នេះហើយ ទើបគេនាំគ្នាហៅឈ្មោះភ្នំនេះថា ភ្នំបារាំងធ្លាក់ៗ តែគេមិនបានដឹងច្បាស់ថា ជនបរទេសដែលធ្លាក់ពីលើភ្នំនោះ ជាជនជាតិអ្វីឲ្យប្រាកដនោះទេ ដោយឃើញជននោះមានច្រមុះស្រួចៗ ក៏នាំគ្នាសន្និដ្ធានបែបស្មានៗថា ជាជនជាតិបារាំង ហើយគេជាប់មាត់ហៅភ្នំបារាំងធ្លាក់ៗនេះ រហូតដល់សព្វថ្ងៃនេះ» ។
ពាក់ព័ន្ធនឹងការប្រទះឃើញវត្ថុបុរាណវិញ មានដូចជាបំណែកចាន បំណែកឆ្នាំងដី និង វត្ថុតបុរាណដទៃៗទៀត ដែលប្រជាពលរដ្ឋអះអាងថា ធ្លាប់មានគេរកឃើញកន្លងមកនេះ លោក គឹម សុភ័ណ ក៏មិនបាននិយាយលម្ពិតដែរ ដោយលោកគ្រាន់តែប្រាប់បែបនេះថា «កន្លងមក យើងធ្លាប់ឮបែបនេះដែរ តែមន្ត្រីជំនាញយើងមិនបានចុះស្រាវជ្រាវទេ ព្រោះភ្នំបារាំងធ្លាក់នេះ មានស្ថានភាពលំបាក ។ ហើយម្យ៉ាអទៀតយើងមិនមានឯកសារជាមូលដ្ឋានផង ដើម្បីចុះស្រាវជ្រាវ។ ដូច្នេះ មន្ត្រីជំនាញយើងមិនទាន់ទទូលបាន ឬ បានឃើញវត្ថុបុរាណទាំងនោះជាផ្លូវការនៅឡើយទេ៕
ចែករំលែកព័តមាននេះ