ខេត្តព្រះសីហនុ ៖ ទឹកធ្លាក់កាកាវអូរធំ កសិដ្ឋានចិញ្ចឹមសត្វចៀម និងសត្វអូទ្រីស មានទីតាំងនៅចំណុច(ខ)៣ ស្ថិតភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅតែជាកន្លែងកសិទេសចរណ៍មួយ ដែលជាទីចាប់អារម្មណ៍ និងចង់ទៅទស្សនា ហ្វូងសត្វជៀម និងសត្វអូទ្រីស ដាក់ចំណី បង្កើតលក្ខណៈលេងកម្សាន្តជាមួយសត្វទាំងនោះ និងមុជទឹកហូរធម្មជាតិត្រជាក់ៗ ។
បើតាមប្អូនប្រុស សន ចឿម ប្រធានក្រុមផ្នែកកសិដ្ឋានចិញ្ចឹមចៀម អូទ្រីសនេះ បានអោយដឹងថា កសិដ្ឋានចញ្ចឹមសត្វចៀម និងសត្វអូទ្រីសនេះ អាចនិយាយបានថា ជាកន្លែងមួយប្លែក ដែលបានបង្កើតតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ មកទល់ពេលនេះអាយុកាល ៤ឆ្នាំហើយ ដែលកាលពីដំបូង មានសត្វចៀម ជាង ៦០០ក្បាល និងអូទ្រីស មានចំនួនជាង ៤០០ក្បាល ។
បច្ចុប្បន្នសត្វទាំងនេះ នៅតែស្ថិតក្នុងដូងចិត្ត អ្នកចូលទស្សនា ដែលមានចំនួនច្រើនគួរសម ជាមធ្យមរថយន្ត ដែលចូលមកទស្សនាមានប្រមាណជា ៤០០គ្រឿង និងម៉ូតូប្រមាណជា ១,០០០គ្រឿង ក្នុងមួយខែ ដោយខ្លះដាក់ចំណី ខ្លះបីកូនចៀមលេង និងមួយចំនួនទៀត ពួកគាត់ដើរចូលក្នុងហ្វូងចៀម តាមបែបធម្មជាតិ ថតទុកអនុស្សាវរីយ៍ គួរអោយគយគន់ ថតសែលហ្វីក្នុងហ្វូងចៀម ហ្វូងអូទ្រីស ។
ប្រភពដដែលបានបន្តទៀតថា បច្ចុប្បន្ន កសិដ្ឋាននេះ នៅបន្តបើកដំណើរការជាធម្មតា តាមតម្រូវការ ដោយសារការស្រលាញ់ចូលចិត្តចង់ចូលទស្សនាពីសំណាក់ភ្ញៀវគ្រប់មជ្ឈដ្ឋាន លោកចង់មកលេងកម្សាន្តតាមបែបធម្មជាតិ ខាងកសិដ្ឋាន ទទួលស្វាគមន៍ដោយក្តីរីករាយ ហើយក្រោយពីទស្សនាលេងកម្សាន្តជាមួយសត្វអូទ្រីស និងសត្វចៀម បងប្អូនភ្ញៀវទេសចរណ៍ អាចមុជទឹកលេងកម្សាន្តទឹកជ្រោះកាកាវ ដែលនៅក្នុងបរិវេណកសិដ្ឋាននោះ ផងដែរ ។
កាលពីបង្កើតដំបូង ពិបាកបន្តិច ក្នុងការថែទាំសត្វចៀម និងសត្វអូទ្រីស មកទល់នឹងបច្ចុប្បន្ន គឺមានភាពងាយស្រួលក្នុងការចិញ្ចឹមថែទាំ ដោយគ្រាន់តែចាក់វ៉ាក់សាំង ចំណែកចំណីអាហារ គឺខាងកសិដ្ឋានមានស្មៅធម្មជាតិ និងដាំស្មៅ ដាំត្រកួន និងចកសឡា សម្រាប់ផ្គត់ផ្គង់ដល់សត្វចៀម និងសត្វអូទ្រីស បានយ៉ាងគ្រប់គ្រាន់ ។
ប្រភពដដែលបានបន្ថែមថា បើចង់ចូលមកទស្សនាកសិដ្ឋាននេះ អ្នកមកតាមផ្លូវជាតិលេខ៤ អាចចូលមកតាមផ្លូវសម្តេចសង្ឈ(ផ្លូវបំបែកថ្មដា វាលរេញ-ស្ទឹងហាវ) ស្ពានទី១៣ ចន្លោះគីឡូម៉ែត្រ លេខ៧-៨ បត់ឆ្វេង ឬក៏អាចចុះពីផ្លូវល្បឿនលឿន ចំណតស្ទឹងហាវបត់ស្ដាំមកដល់ចន្លោះគីឡូម៉ែត្រ លេខ៨-៧ បទស្ដាំ នោះនឹងដល់កសិដ្ឋានហើយ ។
ជាមួយគ្នានេះ លោក អ៊ី ធារីន អភិបាលស្រុកព្រៃនប់ បានសម្ដែងការសប្បាយចិត្ត និងមានមោទនភាពសម្រាប់ស្រុកព្រៃនប់ ដែលមានកសិដ្ឋានចិញ្ចឹមសត្វចៀម និងអូទ្រីស មិនត្រឹមប៉ុណ្ណោះ សត្វទាំងនោះ កំពុងក្លាយជាទស្សនីយភាព បង្កើតអោយមានលក្ខណៈទេសចរណ៍ មកលេងកម្សាន្តច្រើនកុះករ ពីសំណាក់មជ្ឈដ្ឋានផ្សេងៗ ក្នុងនាមអាជ្ញាធរពិតជាសប្បាយចិត្ត និងពេញចិត្តណាស់ ។
ប្រភពដដែល បន្ថែមថា បច្ចុប្បន្នសត្វចៀម និងសត្វអូទ្រីសនៅទីតាំងក្នុងកសិដ្ឋាន មានចំនួនថយចុះបន្តិច ដោយសារក្រុមកសិដ្ឋាន បានចម្រាញ់យកមេពូជមួយចំនួនធំ ទាំងមេពូជសត្វចៀម ទាំងសត្វអូទ្រីស យកទៅកាន់ទីតាំងមួយកន្លែងទៀត នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដើម្បីបង្កើតទីកន្លែងកសិទេសចរណ៍ នៅ រីហ្ស៊តតំបន់នោះបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ