ខេត្តមណ្ឌលគិរី ៖ មុខសញ្ញាលួចយ៉ាងសកម្ម និងអ្នកទទួលផលចោរកម្ម រួមជាមួយវត្ថុតាងអាវុធកែច្នៃជាច្រើនដើម ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងនគរបាលខេត្ត នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បកំពុងល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំណុចឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន) ។
ភ្លាមៗនោះ សមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ។ ក្រោយសួរនាំរួច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចខាងលើជាច្រើនលើកពិតប្រាកដមែន ហើយបានយកទៅលក់ឱ្យឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់) មានអាសយដ្ឋានភូមិរហារ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ម៉ូតូចំនួន៣គ្រៀង ។
លោកវរសេនីយ៍ឯក ចំរើន ភីរុណ បន្តថា ក្រោយពីការស្រាវជ្រាវ និងបានចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងផែនការនគរបាលព្រហ្មទណ្ឌ បានការសម្រប សម្រួលដោយលោក អ៊ាង សុគុន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការពន្លាតដែនដី និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ចុះដល់ចំណុចសង្ស័យថា ជាទីតាំងទទួលផលចោរកម្ម និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ១-ឈ្មោះ ហ៊ីម វីរ៉ា(ហៅម៉ាប់) ២-ឈ្មោះ ភឿន ញេន និង៣-ឈ្មោះ សេង ម៉ាប់(ហៅតាកូរ៉េ) ។
ក្នុងករណីលួច និងទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់ខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ Yamaha Exenter ១គ្រឿង ម៉ូតូ Honda wave អាល់ហ្វា១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន១កញ្ចប់ធំល្មម និង៨កញ្ចប់តូច កាំភ្លើងកែច្នៃប្រើហ្គាស៤ដើម ដាវ៣ដើម ពូថៅ៣ដើម និងកាំបិតផ្គាក់២ដើម ។ បច្ចុប្បន្ន ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន៤នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ