ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យម្នាក់បញ្ឆោតអ្នកស្គាល់គ្នាឲ្យយកលុយទៅដាក់ចូលវីង រួចឆ្លៀតពេលលួចម៉ូតូទៅបាត់ទីបំផុតអស់លក្ខណ៍ត្រឹម GPS

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ប្រើ​ល្បិចបញ្ឆោត​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នក​ស្គាល់គ្នា​យក​លុយ​ទៅ​ដាក់​ចូល​គណនី​ធនាគារ​វី​ង ហើយ​ខ្លួន​អង្គុយ​ចាំ​ម៉ូតូ​ឲ្យ ប៉ុន្តែ​ឆ្លៀតឱកាស​ម្ចាស់​ម៉ូតូ​ចូល​ទៅ​ក្នុង​កន្លែង​វី​ង​ផុត​បន្តិច ជន​នេះ​ក៏​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ប៉ុន្តែ​ក្រោយមក​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ប្រើ​ល្បិចបញ្ឆោត​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នក​ស្គាល់គ្នា​យក​លុយ​ទៅ​ដាក់​ចូល​គណនី​ធនាគារ​វី​ង ហើយ​ខ្លួន​អង្គុយ​ចាំ​ម៉ូតូ​ឲ្យ ប៉ុន្តែ​ឆ្លៀតឱកាស​ម្ចាស់​ម៉ូតូ​ចូល​ទៅ​ក្នុង​កន្លែង​វី​ង​ផុត​បន្តិច ជន​នេះ​ក៏​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

ប៉ុន្តែ​ក្រោយមក​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍ឯក​ជូន​ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពេញ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព GPS រហូត​កំណត់​បាន​ពី​គោលដៅ​ដែល​ជនសង្ស័យ​កំពុង​ស្ថិត​នៅ រួច​ក៏​បាន​សហការ​ការណ៍​ជាមួយ​នគរបាល​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ឃាត់ខ្លួន​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​ជន​ជនសង្ស័យ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ចំណុច​តូប​លក់​អំបុក ស្ថិត​នៅ​ក្នុងភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ អ៊ូច ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ក្នុងភូមិ​ម្ភៃ​បួន សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀ​.​ន​)​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KJ-5466 ។ ដែល​ជា​របស់​អ្នក​ស្គាល់គ្នា​ឈ្មោះ ឯម វុ​ទ្ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ​រោងចក្រ ទីលំនៅ​ផ្ទះ​លេខ​46 ផ្លូវ​បេតុង ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​១០ ខែធ្នូ ឆ្នាំ​២០២៤ មាន​បុរស​ម្នាក់​ឈ្មោះ រិ​ន សា​រុន ហៅ​តោ អាយុ​២៩​ឆ្នាំ ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ឲ្យ​ទៅ​ផ្ទះ​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​ព្រៃធំ​ខាងលើ​ដែរ ។ ខណៈនោះ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ខាងលើ ទៅ​ផ្ទះ​របស់​ឈ្មោះ រិ​ន សា​រុន នោះ​ហើយ​ក៏​បាន​ជួប​ជនសង្ស័យ​ឈ្មោះ អ៊ូច ចាន់​រិ​ទ្ធ កំពុង​ស្ថិត​នៅ​ទីនោះ​ដែរ ។ ជនសង្ស័យ​ក៏​បាន​ពឹង​ឲ្យ​ជន​រង​គ្រោះ​ជូន​ទៅ​ដាក់​ប​ញ្ជាំ​ទូរស័ព្ទ​ដៃ នៅ​ម្ដុំ​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ឌុ​ប​ជូន​ទៅ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​បញ្ចាំ​រួច​ជន​រង​គ្រោះ​ក៏​បាន​ឌុ​ប​ជនសង្ស័យ​ត្រឡប់​ទៅ​ផ្ទះ​ស្ថិត​នៅ​ភូមិ​ម្ភៃ​បួន សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​វិញ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ដូរ​លុយ​វី​ង​មួយ​កន្លែង នៅ​ក្នុងភូមិ​នោះ​ដែរ ជនសង្ស័យ​ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​ឈប់ ។ បន្ទាប់​មក​បាន​ឲ្យ​ជន​រង​គ្រោះ​ទៅ​ដាក់​លុយ​ចំនួន​០៥​ដុល្លារ ចូល​គណនី​វី​ង​របស់​ឈ្មោះ រិ​ន សា​រុន ហៅ​តោ ហើយ​ខ្លួន​ចាំ​នៅ​កន្លែង​ទុក​ម៉ូតូ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ទៅ ហើយដោយ​អាង​ថា ជា​អ្នក​ស្គាល់គ្នា​ទើប​អត់​ដក​សោ​ម៉ូតូ​ចេញ​ឡើយ ។ លុះ​ពេល​ជន​រង​គ្រោះ​ចូល​ទៅ​កន្លែង​វី​ង​បាត់​បន្តិច ស្រាប់តែ​ជនសង្ស័យ​ឆ្លៀត​ឱកាសល្អ ឃើញ​ម៉ូតូ​មាន​សោ​ជាប់​ស្រាប់​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្ដង ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ក្រោយ​ពេល​ចេញ​មក​ពី​ផ្ទះ​វី​ង​វិញ​បាត់​មិនឃើញ​ទាំង​ម៉ូតូ និង​ជនសង្ស័យ បែប​នេះ​ជន​រង​គ្រោះ​ដឹង​ច្បាស់​ថា ជនសង្ស័យ​លួច​យក​ម៉ូតូ​របស់​ខ្លួន ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស ឲ្យ​ជួយ​អន្តរាគមន៍ ឆែក​ជី​ភី​អេស ដែល​បំពាក់​នៅ​ជាប់​ម៉ូតូ ។

ពេល​នោះ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ និង​ក្រុមការងារ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​GPS ដែល​បំពាក់​នៅ​ជាប់​ម៉ូតូ ក៏​បានដឹង​ពី​ពី​ទីតាំង​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា បន្ទាប់​មក​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល នគរបាល​ខាងលើ​បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​ទាំង​ម៉ូតូ​ដែល​លួច​យក​ពី​ជន​រង​គ្រោះ ។

ក្រោយមក​បាន​នាំ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ