ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ស្ថានីយ​ផលិត​ទឹក​ស្អាត​បឹង​ធំ នឹង​សម្ពោធ​ដំណើរការ​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ​នេះ សង្ឃឹមថា ពលរដ្ឋ​ភ្នំពេញនៅ​ភាគ​ខាងលិច មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សូម​ឱ្យ​ជួយ​ព​ន្លឿ​ន​កា​រត​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់ ចំនួន​៣ ក្នុង​ខណ្ឌ​កំ​បូល និង​សូម​បន្ត​ការ​ផ្សព្វផ្សាយ​ច្បាប់​ច​រា​រណ៍ អោយ​បាន​ច្រើន ពិសេស​នៅ​តាម​សាលារៀន…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សូម​ឱ្យ​ជួយ​ព​ន្លឿ​ន​កា​រត​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ក្នុង​សង្កាត់ ចំនួន​៣ ក្នុង​ខណ្ឌ​កំ​បូល និង​សូម​បន្ត​ការ​ផ្សព្វផ្សាយ​ច្បាប់​ច​រា​រណ៍ អោយ​បាន​ច្រើន ពិសេស​នៅ​តាម​សាលារៀន ដើម្បី​អោយ​សិស្សានុសិស្ស បាន​យល់ និង​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណៈ​ដែល​នៅ​ក្នុង​មួយ​ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើនឡើង​រហូត​ដល់​១០​លើក ។

ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៧ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឆាយ វី​រៈ អភិបាលរង តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

លោក ម៉ប់ សា​រិ​ន ក្នុង​ឱកាស​នោះ បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៤ បាន​យ៉ាង​ល្អ​ប្រសើរ បង្ក​លក្ខណៈ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស ចូលរួម​ដើរ​លេង​កម្សាន្ត​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ ប្រមាណ​ជាង ៦​លាន​នាក់ ។

បន្ថែម​ពី​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏​បាន​សម្តែង​ពី​ការ​កោតសរសើរ​កងកម្លាំង​មាន​សមត្ថកិច្ច​ផង​ដែរ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​រហូត​ធ្វើ​អោយ​បទល្មើស ក្នុង​ខែវិច្ឆិកា​នេះ បាន​ថយ​ចុះ ប៉ុន្តែ​បែរជា​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើនឡើង​រហូត​១០​ករណី ដូច្នេះ​ស្នើ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ការ​ផ្សព្វផ្សាយ​ច្បាប់​ច​រា​រណ៍ អោយ​បាន​ច្រើន ពិសេស​នៅ​តាម​សាលារៀន ដើម្បី​អោយ​សិស្សានុសិស្ស បាន​យល់ និង​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សូម​ជួយ​ព​ន្លឿ​ន​កា​រត​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅ​ក្នុង​សង្កាត់ ចំនួន​៣ ក្នុង​ខណ្ឌ​កំ​បូល ។

ចំពោះ​ការ​សំណូមពរ​ខាងលើ​នេះ លោក ឆាយ វី​រៈ ក៏​ដូច​ជា​តំណាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​លើក​ឡើង​ថា នៅ​សង្កាត់​ស្នោ កាលពី​ឆ្នាំ​២០២២ ឫ​២០២៣ គឺ​ពិតជា​មានការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ប៉ុន្តែ​ឆ្នាំ​នេះ អាច​នៅ​ខ្វះ​តិចតួច​ទេ​។ យើង​អាច​ដោះស្រាយ​បាន​ល្អ លើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ ដោយនៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ យើង​នឹង​សម្ពោធ​អនុ​ស្ថានីយ​ផលិត​ទឹក​ស្អាត​បឹង​ធំ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត បាន​ប្រមាណ​៦,០០០​មែ​ត្រ​គូប​ក្នុង​១​ថ្ងៃ ជាមួយនឹង​កា​រត​ភ្ជាប់​បំពង់​មេ​ធំ បាន​សម្រេច​មុន​ផែនការ ដែល​គ្រោង​អនុវត្ត​នៅ​ឆ្នាំ​២០២៥ ។

លោក ឆាយ វី​រៈ អភិបាលរង​រាជធានី​ភ្នំពេញ បាន​បន្ត​ថា ការ​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំង​មាន​សមត្ថកិច្ច ជា​ការ​ជម្រុញ​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​បំពេញការងារ​ជូន​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ កាន់តែ​ល្អ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ