មន្ត្រីយោធាម្នាក់ ជិះម៉ូតូទៅធ្វើការ ត្រូវរថយន្តបែនដឹកដីបុករងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ ខណៈជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ នៅខេត្តកំពង់ស្ពឺ ទៅធ្វើការនៅ DN រាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ ខណៈជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ នៅខេត្តកំពង់ស្ពឺ ទៅធ្វើការនៅ DN រាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ ខណៈជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ នៅខេត្តកំពង់ស្ពឺ ទៅធ្វើការនៅ DN រាជធានីភ្នំពេញ ក៏ត្រូវរថយន្តបែនដឹកដី ១គ្រឿង បើកឆ្លងផ្លូវ បុកពេញទំហឹង បណ្ដាលរងរបួសធ្ងន់ធ្ងរ ។
ឧប្បត្តិហេតុនោះ បានកើតឡើងនៅវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅលើជាតិលេខ៤ នៅត្រង់ចំណុចទល់មុខទីតាំងឆៀករថយន្តកំបូល ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើនោះឈ្មោះ ឌិត សាវេត អាយុ៣៨ឆ្នាំ មុខរបរជាមន្ត្រីយោធា មានស្រុកកំណើតនៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយសព្វថ្ងៃមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ។
បុរសអ្នករត់ម៉ូតូកង់បីម្នាក់ បាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងអង្គុយរង់ចាំដឹកម៉ូយ នៅត្រង់ចំណុចខាងលើ បានឃើញរថយន្ត បែនដឹកដី ១គ្រឿង ពណ៍សលាយខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 3A-8833 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែកមន្ត្រីយោធារងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FO-6676 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បញ្ច្រាស់ទិសគ្នា ។
អ្នករត់ម៉ូតូកង់បីរូបនោះ បានប្រាប់ទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបែននោះ បានបត់ឆ្វេងឆ្លងផ្លូវ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយមន្ត្រីយោធារូបនោះ បានរងរបួសធ្ងន់ ចំណែករថយន្ត បានហួសទៅមុខប្រមាណជាង១០ម៉ែត្រ ពីកន្លែងកើតហេតុ ទើបឈប់ស្ងៀម។ បន្ទាប់មក អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួននាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍កន្ទោក ចំណែកមន្ត្រីយោធារងគ្រោះ ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ។
បើតាមប្អូនប្រុសរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បងប្រុសខ្លួន បានជិះម៉ូតូចេញពីផ្ទះនៅខេត្តកំពង់ស្ពឺ ឆ្ពោះទៅកន្លែងធ្វើការនៅ DN រាជធានីភ្នំពេញ ប៉ុន្តែជាអកុសល ពេលជិះទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបែនដឹកដីខាងលើបុកបណ្ដាលឲ្យរងរបួសធ្ងន់បែបនេះតែម្ដង ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បានចុះទៅសម្រួលចរាចរមិនឲ្យមានការកកស្ទះ ។ បន្ទាប់មក នគរបាលខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែង រួចនាំយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ