អន្តរជាតិ ៖ ការស្ទង់មតិដ៏សំខាន់មួយបានរកឃើញថា បណ្តាមហាសេដ្ឋីពិភពលោកមានសុទិដ្ឋិនិយមតិចតួចអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាទិសដៅបន្ទាប់របស់ពួកគេ សម្រាប់ការវិនិយោគរយៈពេលខ្លី។
របាយការណ៍ស្តីពីមហិច្ឆតាមហាសេដ្ឋីឆ្នាំ ២០២៤ របស់ធនាគារផ្តល់ប្រាក់កម្ចីវិនិយោគ UBS ដែលមានមូលដ្ឋាននៅប្រទេសស្វីស UBS បានរកឃើញមានតែ ២៥% ប៉ុណ្ណោះ នៃអ្នកឆ្លើយតបការស្ទង់មតិ ដែលមើលឃើញឱកាសដ៏ល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសចិន ក្នុងរយៈពេល១២ខែបន្ទាប់ ពោលនៅឆ្នាំ ២០២៥ ដោយធ្លាក់ចុះ ១៧% ធៀបនឹងឆ្នាំ ២០២៤។ របាយការណ៍ស្ទង់មតិ ដែលធ្វើឡើងចន្លោះខែមិថុនា និងខែកញ្ញា បន្តឱ្យដឹងថា ប្រហែល ១១% បានចាត់ទុកប្រទេសចិនគឺជាឱកាសដ៏ល្អបំផុត ប្រហាក់ប្រហែលនឹងឆ្នាំ ២០២៣។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ បណ្តាមហាសេដ្ឋីមានទំនុកចិត្តកាន់តែខ្លាំងឡើងអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយ ៤៥% នៃអ្នកមានទ្រព្យចាយមិនអស់ទាំងនោះគិតថា ឱកាសវិនិយោគដ៏ល្អបំផុតនឹងមានក្នុងតំបន់នៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចមួយនេះ។ ចំណែកតំបន់អាមេរិកខាងជើង ត្រូវបានរំពឹងថា គឺជាទឹកដីនៃឱកាសវិនិយោគដ៏ល្អបំផុត ដោយ ៨០% មានទស្សនវិស័យវិជ្ជមាននៅក្នុងតំបន់អឌ្ឍគោលភាគខាងជើង និងខាងលិចមួយនេះ សម្រាប់រយៈពេល១២ខែបន្ទាប់។
ធនាគារ UBS បានឱ្យដឹងថា បណ្តាមហាសេដ្ឋីកំពុងតែគាំទ្រប្រទេសឈានមុខគេក្នុងការច្នៃប្រឌិតបច្ចេកវិទ្យា ដែលមានសក្តានុពលក្នុងការជំរុញផលិតភាពការងារ នៅពេលដែលកម្លាំងពលកម្មខ្វះខាត។ ធនាគារជាច្រើនរំពឹងថា អាមេរិកខាងជើង ជាពិសេសសហរដ្ឋអាមេរិកនឹងឃើញកំណើនហិរញ្ញវត្ថុដ៏រឹងមាំ នៅក្នុងប៉ុន្មានខែខាងមុខនេះ។
ធនាគារ UBS រួមជាមួយធនាគារវិនិយោគ Goldman Sachs និង Morgan Stanley បានព្យាករណ៍ថា សន្ទស្សន៍ហ៊ុន S&P 500 ដែលតាមដានបណ្តាក្រុមហ៊ុនខ្នាតយក្ស ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកនឹងឈានដល់ ៦,៥០០ នៅឆ្នាំក្រោយ កើនឡើង ៧% ចាប់ពីពេលនេះ។
Goldman Sachs ដែលជាធនាគារវិនិយោគធំលំដាប់ទី២ នៅលើពិភពលោករំពឹងថា នឹងមានការរីកលូតលាស់យឺតនៅក្នុងប្រទេសចិន ខណៈដែលកិច្ចខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានទូទាត់សងលើផលប៉ះពាល់នៃពន្ធដែលនឹងត្រូវដាក់លើប្រទេសនេះ ដោយអនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមកាសែត The Straits Times បានចេញផ្សាយ។
របាយការណ៍របស់ធនាគារ UBS គឺផ្អែកលើការស្ទង់មតិតាមអ៊ីនធឺណិតលើមហាសេដ្ឋីចំនួន ៨២នាក់ នៅក្នុងឆ្នាំ ២០២៤ និងទិន្នន័យពីក្រុមហ៊ុនប្រឹក្សា PWC ដែលបានតាមដានទ្រព្យសម្បត្តិបណ្តាមហាសេដ្ឋីពិភពលោកជាង ២,៥០០នាក់ នៅក្នុងទីផ្សារចំនួន ៤៧ ដោយផ្តោតលើរយៈពេល១០ឆ្នាំកន្លងមក។
យោងតាមរបាយការណ៍ថ្មីមួយរបស់គេហទំព័រ Global Financial Centers Index កាលពីខែចុងកញ្ញាកន្លងទៅ បានឱ្យដឹងថា ហុងកុងបានវ៉ាដាច់សិង្ហបុរី ដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ៣ លើពិភពលោក បន្ទាប់ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ហុងកុងបានដណ្តើមតំណែងកំពូលរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រឡប់មកវិញ បន្ទាប់ពីធ្លាក់ទៅដៃសិង្ហបុរី កាលពីឆ្នាំ ២០២២។
តាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានឱ្យដឹងថា ទ្រព្យសកម្មក្រោមការគ្រប់គ្រងនៅហុងកុងមានចំនួនសរុបជាង ៣.៩៨ទ្រីលានដុល្លារ នៅចុងឆ្នាំ ២០២៣ កើនឡើងប្រហែល ២% ធៀបនឹងឆ្នាំ ២០២២ ខណៈដែលលំហូរចូលមូលនិធិផ្ទាល់សុទ្ធបានកើនឡើងច្រើនជាង ៣.៤ដង រហូតដល់ ៥០ពាន់លានដុល្លារ៕ ដកស្រង់ ៖ VnExpress, Reuters និង The Straits Times
ចែករំលែកព័តមាននេះ