រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ការទប់ស្កាត់ ការជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែអាចជួយដល់បុគ្គល ឬជនរងគ្រោះតែមួយមុខនោះទេ តែជាការជួយសង្គ្រោះដល់ជាតិ និងបានរួមចំណែកនៅក្នុងការកាត់បន្ថយ និងទប់ស្កាត់នៃបណ្តាញជួញដូរមនុស្សពិភពលោកផងដែរ ។
ថ្លែងក្នុងទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្របកោះពេជ្រ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ការជួញដូរមនុស្ស ទប់ស្កាត់មិនមែនគ្រាន់តែធ្វើ ដើម្បីបុគ្គលឬជួយសង្គ្រោះជនរងគ្រោះទេ ប៉ុន្តែជួយសង្គ្រោះជាតិរបស់យើង ហើយក៏រួមចំណែក នៅក្នុងការកាត់បន្ថយទប់ស្កាត់នៃបណ្តាញជួញដូរមនុស្សពិភពលោក ដែលធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋទាំងអស់ នៅលើសកលលោក»។
សម្តេចបវរធិបតីបានលើកឡើងថា កម្ពុជាមិនអាចលូកទៅធ្វើការជំនួសប្រទេសណាផ្សេងទេ ប៉ុន្តែកម្ពុជា ធ្វើការគ្រប់គ្រងនៅក្នុងប្រទេសរបស់យើង គឺនឹងចូលរួមចំណែក នៅក្នុងការកាត់បន្ថយ ព្រោះវាជាបណ្តាញពាក់ព័ន្ធគ្នាជាបណ្តាញអន្តរជាតិ» ។
ក្នុងនោះ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា រឿងនេះ មិនមែនជារឿងកម្ពុជាម្នាក់ឯងនោះទេ គ្រប់យ៉ាងត្រូវការកិច្ចសហការគ្នាបន្តទៀត ព្រោះជាកិច្ចការដែលត្រូវការឆ្លងកាត់ព្រំដែន។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានអំពាវនាវបណ្ដាប្រទេសនានា បន្ដកិច្ចសហការដោយភាពស្មោះត្រង់ ក្នុងឆន្ទះដោះស្រាយពិតប្រាកដ ដែលប៉ះពាល់សុវត្ថិភាពប្រជាជននៃប្រទេសនីមួយៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា ការយល់ឃើញមិនសមស្របគ្នារវាងប្រទេសពាក់ព័ន្ធ ទៅនឹងបទល្មើសការផ្សព្វផ្សាយបំភ្លើសពីការពិត ឬការបញ្ចេញព័ត៌មានដោយមិនការគ្រប់គ្រងត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់កត្តិយសរបស់កម្ពុជា តែក៏ជាការបង្កលក្ខណៈឱ្យជនល្មើស និងបណ្ដាញមានឱកាសរៀបចំវិធីសាស្ដ្រគេចខ្លួនពីអន្ទាក់របស់សមត្ថកិច្ច និងរិះរកវិធីសាស្ដ្រថ្មីៗ ដើម្បីប្រព្រឹត្តិបទល្មើសបន្ដទៀត។
ឯកឧត្តមបានបញ្ជាក់ថា៖ «ខ្ញុំអំពាវនាវដល់បណ្ដាប្រទេសដែលមានការពាក់ព័ន្ធ សូមបន្ដកិច្ចសហការដោយភាពស្មោះត្រង់ ក្នុងឆន្ទះដោះស្រាយពិតប្រាកដ ដែលប៉ះពាល់សុវត្ថិភាពប្រជាជន នៃប្រទេសនីមួយៗ គប្បីពិនិត្យស្ថានភាព និងការវាយតម្លៃឡើងវិញ ឱ្យបានត្រឹមត្រូវ ហើយបន្ដសហការគ្នា ក្នុងការដោះស្រាយឱ្យបានល្អប្រសើរ ដោយមិនគ្រាន់តែផ្សព្វផ្សាយ ចោទប្រកាន់ដោយគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវនោះទេ» ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបន្ដថា សូមកុំភ្លេចថា មេឧក្រិដ្ឋជន មានកលល្បិចខ្ពស់ ពិតជាមិនមានបង្ហាញវត្តមាន ឬមួយខ្លួននៅកម្ពុជា ដែលជាកន្លែងធ្វើសកម្មភាពបទល្មើសនោះទេ ពោលគឺឧក្រិដ្ឋជន និងបណ្ដាញមេខ្យល់ គឺសំងំខ្លួននៅតាមបណ្ដាប្រទេសនានា ។ បណ្ដាញឧក្រិដ្ឋជន មេខ្យល់ ដែលនាំមនុស្សមកប្រព្រឹត្តិបទល្មើស ឬរងគ្រោះនៅកម្ពុជា និងបណ្ដាញប្រទេសមួយចំនួនទៀត ក៏អាចកំពុងសំងំខ្លួនផងដែរ។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបន្ថែមថា ដូច្នេះ ប្រទេសទាំងឡាយត្រូវបន្ដជួយគ្នា ក្នុងការបង្ការទប់ស្កាត់ស្វែងរកបណ្ដាញឧក្រិដ្ឋជន ក្នុងប្រទេសរបស់ខ្លួន ដើម្បីដាក់ទោសតាមច្បាប់ និងអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះកលល្បិច បទល្មើស និតិវិធីផ្សេងៗ ដើម្បីចូលរួមចំណែកបង្ការទប់ស្កាត់ទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ