ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប សុវត្ថិ សម្រេច​លាលែង​ចេញពី​ក្រប​ខណ្ឌ​នៃ​កង​យោធពល​ខេ​មរ​ភូមិន្ទ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​សម្រេច​លាលែង​ចេញពី​ក្រប​ខណ្ឌ​នៃ​កង​យោធពល​ខេ​មរ​ភិ​ន្ទ​ហើយ បន្ទាប់​ពី​លោក​បាន​កាន់​តួនាទី និង​ឋានន្តរ​ស័ក្តិ​ជា​វរសេនីយ៍ឯក និង​ជា​នាយ​រង​ការិ​យាល័យ​​ទី​៥​នៃ​កងទ័ពជើងគោក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។ យ៉ាងណា​…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក​ព្រាប សុវត្ថិ បាន​សម្រេច​លាលែង​ចេញពី​ក្រប​ខណ្ឌ​នៃ​កង​យោធពល​ខេ​មរ​ភិ​ន្ទ​ហើយ បន្ទាប់​ពី​លោក​បាន​កាន់​តួនាទី និង​ឋានន្តរ​ស័ក្តិ​ជា​វរសេនីយ៍ឯក និង​ជា​នាយ​រង​ការិ​យាល័យ​​ទី​៥​នៃ​កងទ័ពជើងគោក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។

យ៉ាងណា​ តារាចម្រៀង​រូប​នេះ​​បាន​លាលែង​ពី​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​គោរមងារ​ជា​ឧកញ៉ា​របស់​លោក​គឺ​នៅ​តែ​រក្សា​ដដែល ។ បើ​យោង​តាម​អនុ​ក្រិត​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នោះ​បាន​ឲ្យ​ដឹង​ថា លោក​​ជា​វរសេនីយ៍ឯក ព្រាប សុវត្ថិ អត្តលេខ​០៤៨៦៩៤ ជា​នាយ​រង​ការិយាល័យ​ទី​៥ នៃ​កងទ័ពជើងគោក ត្រូវ​បាន​លាលែង​ពី​ក្រប​ខណ្ឌ​នៃ​កង​យោធពល​ខេ​មរ​ភិ​ន្ទ ដោយ​សុំ​រក្សា​ទុក​គោរមងារ​ជា​ឧក​ញ៉ា ។

ទោះជា​យ៉ាងណា​ ការ​លាលែង​ពី​ក្រប​ខណ្ឌ​របស់​តារាចម្រៀង​លោក ព្រាប សុវត្ថិ នា​ពេល​នេះ ​គឺជា​ការ​ត្រឹមត្រូវ ព្រោះ​ច្បាប់​បាន​តម្រូវ​ឲ្យ​ជ្រើសរើស​យកមុខ​ងារ​តែ​មួយ​ប៉ុណ្ណោះ​ រវាង​ក្រប​ខណ្ឌ​ជា​មន្ត្រីរាជការ  ឬ​មុខងារ​ឧកញ៉ា ។

ជា​ការ​កត់សម្គាល់​មុន ​សុំ​លាលែង​ពី​ក្រប​ខណ្ឌ​ជា​មន្ត្រី​នៃ​កង​យោធពល​ខេ​មរ​ភូមិ​ន្ទ​របស់​តារាចម្រៀង​លោក ព្រាប សុវត្ថិ នា​ពេល​នេះ​ កន្លង​មក​មហាជន​តិច​ណាស់​ដែល​បានដឹង ដោយសារ​តែ​តារា​រូប​នេះ​ហាក់​មិនសូវ​បង្ហាញខ្លួន​ក្នុង​សម្លៀក​បំពាក់​ជា​ទា​ហាន​នោះ​ឡើយ ។

ជា​ការ​កត់សម្គាល់​ កន្លង​មក​គេ​ក៏​ធ្លាប់​បាន​ប្រទះ​ឃើញ​រូបភាព​របស់​លោក​មួយ​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម នៅ​ក្នុងអំឡុងពេល​លោក​ប្រជុំជួរ ដោយ​តារា​រូប​នេះ​បាន​គ្រង​សម្លៀក​បំពាក់​ឈុត​ទា​ហាន​ពាក់​ស័ក្តិ​៥ ។

ជាង​នេះ​ទៅ​ទៀត កាលពី​អំឡុង​ដែល​ប្រទេស​កម្ពុជា​កំពុង​រាតត្បាត​នូវ​ជំងឺ​កូ​វី​ដ​១៩​នោះ នៅ​ក្នុង​លិខិត​មួយ​របស់​លោក ព្រាប សុវត្ថិ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បរិច្ចាគ​ថវិកា​ចូលរួម​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ តារា​រូប​នេះ​ក៏​បាន​ប្រើប្រាស់​ឋានន្ត​រស័ក្តិ និង​តួនាទី​ក្នុង​ក្រប​ខណ្ឌ​នៃ​កង​យោ​ធិ​ពល​ខេ​មរ​ភូមិន្ទ​នេះ​ផង​ដែរ ។

តាម​រយៈ​លិខិត​នោះ​បាន​បញ្ជាក់​ថា «ខ្ញុំបាទ​វរសេនីយ៍ឯក ព្រាប សុវត្ថិ នាយ​រង​ការិយាល័យ​ទី​៥ កងទ័ពជើងគោក សូម​គោរព​ជូន ឯកឧត្តម វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​! ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩(Covid-19)ខ្ញុំបាទ​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ប្រាប់​បៀវត្ស​ផ្ទាល់​ខ្លួន​របស់ខ្ញុំ​បាទ​ចំនួន ៤០០,​០០០ ៛ (​សែ​សឹ​ប​ម៉ឺន​រៀល​) ចំនួន០៦​ខែ (​ប្រាំមួយ​ខែ​) ដោយ​រាប់​គិត​ចាប់ពី​ខែឧសភា សល់​ខែ តុលា ឆ្នាំ​២០២០ ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ប្រើប្រាស់​ក្នុង​បេសកកម្ម​ដ៏​ឧត្តុ​ង​ឧត្តម​របស់​ខ្លួន​  »។

គួរ​បញ្ជាក់​ថា ក្រៅពី​លោកព្រាប​ សុវត្ថិ មាន​តួនាទី​ក្នុង​ក្រសួងការពារជាតិ​នោះ កូនប្រុស​ទាំង​៣ របស់​តារាចម្រៀង​រូប​នេះ​ក៏​ជា​ទាហាន​ក្នុង​ជួរ​ទ័ព​ផង​ដែរ ក្នុង​នោះ​ លោក សុវត្ថិ មុនី​នាគ មាន​ឋានន្តរស័ក្តិ​ជា​ពលទោ មាន​តួនាទី​ជា​ជំនួយការ​ផ្នែក​ចម្រៀង​សម័យ​យោធា​ភិ​រម្យ​ការិយាល័យ​ទី​៥ លោក សុវត្ថិ មុនី​វណ្ណ មាន​ឋានន្តរស័ក្តិ​ជា​ព្រិ​ន្ទ​បាល​ឯក មាន​តួនាទី​ជា​ជំនួយការ​ការិយាល័យ​ទី​៥ នៃ​កងទ័ពជើងគោក និង​ពលទោ សុវត្ថិ សិរី​វុ​ឌ្ឍ មាន​តួនាទី​ជា​ជំនួយការ​ផ្នែក​ចម្រៀង​សម័យ​យោធា​ភិ​រម្យ​ការិយាល័យ​ទី​៥​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ