ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រី​ក្រ​មហាផ្ទៃ​ ឲ្យ​អាជ្ញាធ​រាជធានី​-​ខេត្ត ត្រូវ​ចាត់វិធានការ​បញ្ឈប់​ជា​បន្ទាន់ ​នូវ​សកម្មភាពរបស់​សមាគម និង​អង្គការ ដែល​បោកប្រាស់​ប្រជាពលរដ្ឋ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ចាត់វិធានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ចាត់វិធានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​បោកប្រាស់ អូស​ទាញ​ប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ចូល​ជា​សមាជិក និង​ការ​តម្រូវ​ឱ្យ​បង់ប្រាក់​ចូល​មូលនិធិ ដើម្បី​យក​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ។

ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​ ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល លើក​ទី​៦ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ជំរុញ និង​លើកទឹកចិត្ត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួម​ប្រកៀក​ស្មា​គ្នា​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ និង​មនុស្សជាតិ​ស្រប​តាម​ច្បាប់ និង​លក្ខន្តិកៈ​ដែល​ខ្លួន​តម្កល់​ទុក​នៅ​ក្រសួង​មាន​សមត្ថកិច្ច​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​ចៀសវាង​ជា​ដាច់ខាត​ការ​ពាក់ព័ន្ធ ឬ​គាំទ្រ​អំពើ​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​អាវុធ​មហា​ប្រល័យ ព្រមទាំង​បន្ត​ចូលរួម​ដោយ​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស នីតិរដ្ឋ ការ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ និងបរិស្ថាន ការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ និង​បទល្មើស​នេសាទ ដើម្បី​ពង្រឹង​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ។

នៅ​ចំពោះ​ថ្នាក់ដឹកនាំ​អង្ក​ការ និង​សហ​គម​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ណែនាំ​អង្គការ និង​សមាគម ចៀស​ចេញពី​ក្រុម​ជ្រុលនិយម​ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រឆាំង​រដ្ឋធម្មនុញ្ញ និង​ជា​វិទ្ធង្សនា​លើ​របប​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស ដែល​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​ជាតិ​ ។

លើស​ពី​នេះ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា ដូច​ប្រទេស​នានា​ដែរ រួម​ទាំង​អាម៉េរិក និង​អឺរ៉ុប អង្គការ សមាគម ត្រូវធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់ ក្នុង​នោះ​សម្រាប់​កម្ពុជា ច្បាប់​បាន​តម្រូវ​ឱ្យ​ផ្ដល់​របាយការណ៍​សកម្មភាព របាយការណ៍​ហិរញ្ញវត្ថុ និង​លេខ​គណនី​ប្រតិបត្តិការ​មក​ក្រសួង​មាន​សមត្ថកិច្ច​ ។

ចំណែក​អាជ្ញាធរ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​វិញ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ណែនាំ​បន្ត​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចុះបញ្ជី​ត្រឹមត្រូវ​ស្របច្បាប់ ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​រារាំង និង​ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ជា​មុន លើកលែងតែ​ក្នុង​ស្ថានភាព​ចាំបាច់​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​លក្ខខណ្ឌ​តម្រូវ​ផ្សេង​ទៀត ​កំណត់​ដោយ​ច្បាប់​ជា​ធរមាន​។ ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត បន្ត​រៀបចំ​វេទិកា ​ស្តី​ពី​ភាព​ជា​ដៃគូ ជាមួយ​អង្គការ​សង្គម​ស៊ី​វិល ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ឡើង​វិញ​ឱ្យ​បាន​ហោច​ណាស់​ ២​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​លើក​ទី​១ អាច​រៀបចំ​តាម​ប្រព័ន្ធ​ហ្ស៊ូ​ម​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ទៀត​ថា «​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ចាត់វិធានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​បោកប្រាស់ អូស​ទាញ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ចូល​ជា​សមាជិក និង​ការ​តម្រូវ​ឱ្យ​បង់ប្រាក់​ចូល​មូលនិធិ ដើម្បី​យក​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ត្រូវ​យកចិត្តទុកដាក់​តាមដាន និង​ចាត់វិធានការ​ភ្លាម​ចំពោះ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម​រៀបចំ​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​ ។

សូម​បញ្ជាក់​ថា វេទិកា​លើក​ទី​៦ ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្និត​ស្នាល ដោយ​មាន​តំណាង​ក្រសួង​ស្ថាប័ន ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អង្គទូត តំណាង​អង្គការ​ជាតិ អន្តរជាតិ និង​សមាគម​នានា ចូលរួម​ប្រមាណ​៥២០​នាក់​។

អង្គ​វេទិកា​បាន​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​តាម​វិស័យ​ជំនាញ ព្រមទាំង​បាន​ពិភាក្សា ពិគ្រោះ​យោបល់ ចែករំលែក​បទ​ពិសោធន៍ បញ្ហា​ប្រឈម លើក​ដំណោះស្រាយ និង​សំណូមពរ​មួយ​ចំនួន ក្នុង​ន័យ​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល អាជ្ញាធរ ជាមួយ​និង​អង្គការ សមាគម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ