ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​សៀវភៅ​កម្ពុជា លើក​ទី​១១ រំពឹង​ថា នឹង​ទទួល​បាន​អ្នកចូលរួម​កើន​ជាង​មុន ខណៈ​អ្នក​រៀបចំ​ចង់​ឲ្យ​អ្នកជាវ​ឲ្យ​បាន​ច្រើន

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ពិ​ព័រ​ណ៌​សៀវភៅ​កម្ពុជា លើក​ទី​១១ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​បាន​អ្នកចូលរួម​ទស្សនា​កើន​ជាង​លើក​មុន ខណៈ​អ្នក​រៀបចំ​ចង់​ឲ្យ​មានការ​ទិញ​សៀវភៅ យក​ទៅ​អាន​ឲ្យ​បាន​ច្រើន ដើម្បី​លើកកម្ពស់​ការ​អាន និង​ស្នាដៃ​អ្នកនិពន្ធ…

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ពិ​ព័រ​ណ៌​សៀវភៅ​កម្ពុជា លើក​ទី​១១ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​បាន​អ្នកចូលរួម​ទស្សនា​កើន​ជាង​លើក​មុន ខណៈ​អ្នក​រៀបចំ​ចង់​ឲ្យ​មានការ​ទិញ​សៀវភៅ យក​ទៅ​អាន​ឲ្យ​បាន​ច្រើន ដើម្បី​លើកកម្ពស់​ការ​អាន និង​ស្នាដៃ​អ្នកនិពន្ធ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ពិ​ព័រ​ណ៌​សៀវភៅ​កម្ពុជា លើក​ទី​១១ ឆ្នាំ​២០២៤ «​អ្នក​អាន​ជា​អ្នករៀន​ពេញ​មួយ​ជីវិត​» នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ លោក គឹ​ម ពី​ន​ន់ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា មហា​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​សៀវភៅ លើក​ទី​១១​នេះ នឹង​ធ្វើ​រយៈពេល​៤​ថ្ងៃ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៩-២០-២១ និង​២២ ខែធ្នូ នៅ​កោះ​ពេជ្រ ។

លោក​បន្ត​ថា ការ​ពិ​ព័រ​ណ៌​សៀវភៅ នឹង​មានការ​ចូលរួម​ពី​ឯកឧត្តម​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, លោក​ជំទាវ ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ និង​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ។

លោក គឹ​ម ពី​ន​ន់ បាន​លើក​ឡើង​ទៀត​ថា គោលបំណង នៃ​ការ​រៀបចំ​ពិ​ព័រ​ណ៌​សៀវភៅ គឺ​ចង់​ឲ្យ​មានការ​ផ្សព្វផ្សាយ​ការ​បោះ​ពុ​ម្ភ​សៀវភៅ​គ្រប់​ប្រភេទ ទាំង​ស្នាដៃ​ថ្មី និង​ស្នាដៃ​ចាស់ ដើម្បី​ឲ្យ​មាន​ទីផ្សារ និង​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ទំលាប់​ក្នុង​ការ​អាន​សៀវភៅ ហើយ​ជា​សារ​មួយ​ទៅ​កាន់​យុវជន​ឲ្យ​ដឹង​ពី​គុណ​តម្លៃ នៃ​ការ​អាន​សៀវភៅ ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង និង​បង្កើន​គំនិត ក្នុង​ការ​សិក្សា​ការងារ​។ លើស​ពី​នេះ ដើម្បី​បង្កើន​កម្ម​វិធិ​និន្ទា​ន​រឿង​នឹង​គំនូរ​ភាព​ផ្សេង​ៗ ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​ស្រឡាញ់​សៀវភៅ​តាំងពី​នៅ​តូច​ៗ​។ គាំទ្រ​ឧស្សាហកម្ម​បោះពុម្ពផ្សាយ​នៅ​កម្ពុជា និង​នៅ​ពិភពលោក​។ ជាង​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​កវីនិពន្ធ​ស្រាវជ្រាវ ផលិតករ​ខ្មែរ​ដើម្បី បង្កើន​ស្នាដៃ​ថ្មី​ៗ​បន្ថែម​ទៀត ។

លោក​អនុរដ្ឋលេខាធិការ ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិ​ព័រ​ណ៌​សៀវភៅ​នេះ​ដែរ ក៏​នឹង​មានការ​បញ្ចុះតម្លៃ​សៀវភៅ ឬ​ការ​ចែក​ជូន​សៀវភៅ ដោយ​ឥត​គិតថ្លៃ ដល់​អ្នក​ដែល​ចូលរួម​ទស្សនា​នៅ​ពិ​ព័រ​ណ៌ ផង​ដែរ ។

ចំណែក​លោក សុខ ឬ​ទ្ធី អនុប្រធាន​គណៈកម្មការ​រៀបចំ​ពិ​ព័រ​ណ៌​សៀវភៅ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពិ​ព័រ​ណ៌​សៀវភៅ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មាន​ចំនួន​អ្នក​ទស្សនា​បាន​កើន​ឡើងជា​លំដាប់ រហូត​ដល់​ដូរ​ទីតាំង​មក​នៅ​កោះ​ពេជ្រ ដែល​មាន​បរិវេណ​ធំ​ទូលាយ​ងាយស្រួល​ឲ្យ​អ្នក​ទស្សនា​អាច​ចូលរួម​បាន​ច្រើន ។

លោក​ថា ការ​ពិ​ព័រ​ណ៌​សៀវភៅ​នេះ បាន​ថវិការ​ពី​ក្រសួង​វប្បធម៌ និង​បាន​ពី​អ្នក​ឧ​ត្ថ​ម្ភ និង​បាន​ពី​ការ​ជួល​ស្តង់​ដល់​អ្នក​ដែល​ដាក់​លក់​សៀវភៅ ឬ​សម្ភារៈ​ផ្សេង​ៗ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ហុ​ក សុទ្ធិ សមាជិក​គណៈកម្មការ​ពិ​ព័រ​ណ៌​សៀវភៅ បាន​លើក​ឡើង​ថា ចំនួន​ស្តង់​ដែល​ដាក់​តាំង​ពិ​ព័រ​ណ៌​សៀវភៅ​នៅ​ឆ្នាំ​២០២៤ មាន​ចំនួន​កើន ជាង​ឆ្នាំ​កន្លង​មកនេះ មាន​ចំនួន​២៩២​ស្តង់ និង​២០​ស្តង់​ជា​កន្លែង​សម្រាប់​លក់​ភេ​ជ្ជៈ និង​អាហារ​ផ្សេង​ៗ ។

លោក​បញ្ជាក់​ថា ៖ «​អ៊ីចឹង​ឆ្នាំ​នេះ មាន​ចំនួន​កើន​ច្រើន​ជា​ឆ្នាំទៅ ហើយ​ស្តង់​សៀវភៅ​ឆ្នាំទៅ មិន​បាន​២៥០​ស្តង់​ផង អ៊ីចឹង​ឆ្នាំ​នេះ​បាន​ច្រើន​។ ហើយ​ឆ្នាំទៅ​តាម​ការ​រាប់​នោះ​យើង​ឃើញ​ថា មាន​អ្នកចូលរួម​ប្រមាណ​ជាង​២០​ម៉ឺន​នាក់ ដែល​ជា​ចំនួន​ច្រើន​ណាស់​ក្នុង​យៈ​ពេល​៤​ថ្ងៃ​» ។

លោក​បន្ត​ថា សម្រាប់​ពិ​ព័រ​ណ៌​ឆ្នាំ​នេះ អាច​នឹង​បាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​ឆ្នាំទៅ​។ កម្ពុជា​មាន​អ្នកចូលរួម​ទស្សនា​ពិ​ព័រ​ណ៌​ច្រើន​ជាងគេ បើ​ធៀប​នឹង​ប្រទេស​គេ ប៉ុន្តែ​នៅ​កម្ពុជា នៅ​ខ្វះខាត​មួយ គឺ​អ្នកទិញ​សៀវភៅ​យក​ទៅ​អាន ។

លោក ហុ​ក សុទ្ធិ បាន​គូសបញ្ជាក់​ថា ៖ «​កម្ពុជា​យើង​មាន​អ្នកចូលរួម​ទស្សនា​ច្រើន​សម្រាប់​ពិ​ព័រ​ណ៌​សៀវភៅ ប៉ុន្តែ​យើង​នៅ​ខ្វះខាត​កម្លាំង​ទិញ​សៀវភៅ ដែល​ខុស​ពី​ពិ​ព័រ​ណ៌​របស់​ប្រទេស​គេ គឺ​មាន​អ្នកចូលរួម​តែ​៤​ឬ​៥​ម៉ឺន​នាក់ តែ​ថវិការ​គេ​ដោះ​ដូរ​ទិញ​ក្នុង​ពិ​ព័រ​ណ៌​បាន​រាប់​លាន​ដុល្លារ តែ​កម្ពុជា​យើង​មាន​ចំនួន​តិច​» ។

មូលហេតុ ដែល​ក្នុង​ពិ​ព័រ​ណ៌​ទទួល​បាន​ថវិកា​រតិច ត្រូវ​បាន​លោក ហុ​ក សុទ្ធិ ថា​ដោយសារ​អ្នក​ដែល​ចូល​ទស្សនា​ពិ​ព័រ​ណ៌​ភាគច្រើន​សុទ្ធតែ​យុវជន ឬ​វ័យ​ជំទង់​ដែល​គេ​នៅ​ចាយ​លុយ​របស់​ឪពុក​ម្តាយ តែ​គាត់​ចាប់អារម្មណ៍​ចូល​មើល​ពិ​ព័រ​ណ៌​សៀវភៅ តែ​ទិញ​បាន​តិចតួច ។

ជាមួយ​គ្នា​នោះ​ដែរ លោក ហុ​ក សុទ្ធិ បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​ចូលរួម​ជួយ​ទិញ​សៀវភៅ នៅ​ក្នុង​ពិ​ព័រ​ណ៌​សៀវភៅ ឲ្យ​បាន​ច្រើន​ដើម្បី​លើកកម្ពស់​ស្នាដៃ​អ្នកនិពន្ធ លើកទឹកចិត្ត​ឲ្យ​ពួក​គាត់ ខិតខំ​ស្រាវជ្រាវ​កង​ក្រង​សៀវភៅ​សម្រាប់​បោះពុម្ព​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ