រាជធានីភ្នំពេញ ៖ បុរសអ្នកលក់អីវាន់ចាបហួយម្នាក់ មានជំងឺហូបបាយអត់ចូល ដោយពេលហូបម្ដងៗ គាត់ចេះតែក្អួតចង្អោរ និងឈឺចាប់ក្នុងខ្លួន ទីបំផុត គាត់ក៏បានគិតខ្លី បណ្ដាលឲ្យបាត់បង់ជីវិត តាមបំណងចោលប្រពន្ធ និងកូនប្រុសស្រី ឲ្យរស់នៅកំព្រា ឥតបា ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះលេខ១៤៧ ផ្លូវលេខ២២ បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសអ្នកលក់អីវាន់ចាបហួយ ដែលបានបញ្ចប់ជីវិតនោះ មានឈ្មោះ ពេជ្រ សំណាង អាយុ៤១ឆ្នាំ ទីកន្លែងកំណើតនៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានប្រពន្ធ និងកូន២នាក់ ក្នុងនោះកូនប្រុស អាយុ១៥ឆ្នាំ និងកូនស្រី អាយុ៥ឆ្នាំ នៅក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នមានទីលំនៅផ្ទះកើតហេតុខាងលើ ។
បើតាមស្ត្រីជាប្រពន្ធ បានប្រាប់ឲ្យដឹងថា ប្ដីរបស់នាង មានជំងឺម្យ៉ាង គឺហូបបាយអត់ចូល នៅពេលហូបបាយម្ដងៗ ចេះតែក្អួតចង្អោរ ហើយតែងតែត្អូញត្អែរថា ឈឺក្នុងខ្លួន និងអត់ស្រួលខ្លួន ប៉ុន្តែនាងពុំបានដឹងថា ជំងឺនោះជាជំងឺអ្វីនោះទេ ។ ដោយឡែក រូបនាង នៅពេលឃើញប្ដីមានអាការៈបែបនេះ នាងបាននិយាយលើកចិត្តទៅកាន់ប្ដីថា «បើបងឯងឈឺ បងអត់ប្រឹងហូបបាយ ប្រយ័ត្នជំងឺ វាយលុកកាន់តែខ្លាំងទៀត» ។
ប្រពន្ធរូបនោះ បានរៀបរាប់ប្រាប់ឲ្យដឹងបន្តទៀតថា កន្លងមក នាង និងប្ដី មិនដែលឈ្លោះប្រកែកគ្នា ឬធ្វើឲ្យប្ដីពិបាកចិត្តនោះទេ ហើយសង្ស័យតែប្ដីនាង ពិបាកក្នុងខ្លួន ព្រោះតែជំងឺនោះហើយ ទើបដាច់ចិត្តចង.កសម្លាប់ខ្លួន ចោលនាង និងកូនទាំង២នាក់បែបនេះ ។ នាងថា ប្ដីប្រពន្ធ គឺទាំង២នាក់ មានមុខរបរ លក់អីវាន់ចាបហួយ នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ប៉ុន្តែពុំមែនលក់នៅក្នុងផ្សារនោះទេ ដោយឡែកនៅមុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ បាននាំគ្នាទៅលក់ដូរដូចរាល់ថ្ងៃ ផងដែរ ។
ស្ត្រីជាប្រពន្ធ បានបញ្ជាក់ប្រាប់បន្ថែមទៀតថា លុះដល់វេលារសៀល ខណៈកំពុងលក់ដូរ ស្រាប់តែមេឃធ្លាក់ភ្លៀង ហើយប្ដីរបស់នាង បានសុំត្រលប់ទៅផ្ទះមុន ដើម្បីសារខោអាវ ដែលហាលនៅក្រៅផ្ទះ ទុកដាក់កុំឲ្យភ្លៀងទទឹក ហើយក៏ទៅបាត់រហូត មិនឃើញត្រលប់ទៅកន្លែងលក់វិញឡើយ។ ពេលនោះ នាងក៏បានខលទៅរកប្ដី ប៉ុន្តែខលចូលច្រើនដង អត់លើកសោះ ទើបនាង ទៅតាមមើល ស្រាប់តែឃើញប្ដីចង.ក ជាប់បង្កាន់ដៃដែកក្នុងផ្ទះ បាត់ទៅហើយ ខណៈនោះនាងបានស្រែកឆោឡោ ប្រាប់អ្នកជិតខាង ទៅជួយទាំងការតក់ស្លុត ។
ក្រោយពេលកើតហេតុ មន្ត្រីនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះ ហើយរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចបច្ចេកទេស នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ ៕
ចែករំលែកព័តមាននេះ