ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ដឹក​ដី​លក់ ធ្វើ​ឲ្យ​ខូច​កំណាត់​ផ្លូវ​បេតុង ហើយ​មក​ជួសជុល​ខុស​ស្តង់ដា ត្រូវ​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង ចុះ​ហាមឃាត់

15 ម៉ោង មុន

ខេត្តស្វាយរៀង ៖ លោក ភឹ​ម ថា អភិបាលរង ​ក្រុង​ស្វាយ​រៀង និង​មន្ត្រី​ទីចាត់ការ​ផែនការ​វិនិយោគរដ្ឋបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឃាត់​ក្រុម​អ្នក​ជួសជុល ​កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ…

ខេត្តស្វាយរៀង ៖ លោក ភឹ​ម ថា អភិបាលរង ​ក្រុង​ស្វាយ​រៀង និង​មន្ត្រី​ទីចាត់ការ​ផែនការ​វិនិយោគរដ្ឋបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឃាត់​ក្រុម​អ្នក​ជួសជុល ​កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ ប្រវែង​ជិត​២០​ម៉ែត្រ ស្ថិត​នៅ​សង្កាត់​គយ​ត្របែក ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​អាច​ម៌​ដី​លក់ បាន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ បណ្ដាល​ឲ្យ​ស្រុត​ផ្លូវ​ខូច​ខ្ទេច​ទាំងស្រុង ហើយ​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ រួច​សុំ​ឲ្យ​លោក​អភិបាលក្រុង មាន​វិធានការ​ទប់ស្កាត់ និង​ឲ្យ​ក្រុមហ៊ុន​ជួសជុល​ផ្លូវ​បេតុង​នេះសង​ប្រជាពលរដ្ឋ​វិញ ​ប៉ុន្តែ​ក្រុមហ៊ុន​បាន​មក​ជួសជុល​ខុស​ស្តង់ដា​បច្ចេកទេស ទើប​អាជ្ញាធរចុះ​មក​ផ្អាក​ការងារ​សិន ។

ការ​ចុះ​មក​ផ្អាក​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង ។

លោក ភឹ​ម ថា អភិបាលរង​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រី​នៅ​មូលដ្ឋាន បាន​ជម្រាប​មក​រដ្ឋបាល​ក្រុង អំពី​រថយន្ត​ក្រុមហ៊ុន​អាជីវកម្ម​ដឹក​អាច​ម៌​ដី​លក់ ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ បាន​បង្ក​ជា​ហេតុ​បណ្ដាល​ឲ្យ​កំណាត់​ផ្លូវ​មួយ​កន្លែង ក្នុងភូមិ​សាស្ត្រ​ខាងលើ​បាន​ទទួល​រង​ការ​ខូចខាត​ដោយ​ការ​បាក់​ស្រុត​ផ្លូវ​បេតុង​ហើយ​បាន​បង្ក​ផលវិបាក​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក៏​ដូច​ជា​អ្នក ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីកន្លែង​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ខាង​ក្រុមហ៊ុន​ដឹក​ដី​ខាងលើ ក៏​បាន​បង្ក​ឲ្យ​ធ្លាយ​បំពង់​ទឹក​ស្អាត​របស់​ប្រជាពលរដ្ឋ​ដាច់​ទឹក​ប្រើប្រាស់​អស់​១​ថ្ងៃ ថែម​ទៀត​ផង ។

លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង បាន​បន្ត​ថា ដោយ​ឃើញ​សភាព​ជាក់ស្ដែង រដ្ឋបាល​ក្រុង​ស្វាយ​រៀង ក៏​បាន​ឲ្យ​ក្រុមហ៊ុន ដែល​បាន​ដឹក​ដី​លក់​បង្ក​ឲ្យ​ខូចខាត​កំណាត់​ផ្លូវ​បេតុង​ខាងលើ ធ្វើ​កិច្ចសន្យា​ថា នឹង​ជួសជុល​កំណាត់​ផ្លូវ​បេតុង​នេះ ឡើង​វិញ ក្រោយ​ចប់​កិច្ចសន្យា​រយៈពេល​កន្លះ​ខែ​។ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤​នេះ ខាង​ក្រុមហ៊ុន​បាន​ឲ្យ​តំណាង​របស់​ខ្លួន មក​ធ្វើការ​ជួសជុល​កំណាត់​ផ្លូវ​នេះ​ឡើង​វិញ ក៏​ប៉ុន្តែ​ការ​ជួសជុល​នេះ គឺ​វា​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​នោះ​ទេ ទើប​រដ្ឋបាល​ក្រុង​ស្វាយ​រៀង រួម​នឹង​មន្ត្រី​ជំនាញ ក៏​បាន​ធ្វើការ​ហាមឃាត់ ផ្អាក​ការ​ជួសជុល​សិន ពីព្រោះ​ការ​ក្រង​ដែក និង​ដាក់​ទំហំ​ដែក មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​នោះ​ទេ លុះត្រា​ណា​ធ្វើ​ទៅ​ទៅ​តាម​លក្ខណៈ​ស្តង់ដា ទើប​រដ្ឋបាល​ក្រុង អាច​ទទួលយក​បាន ហើយ​អនុញ្ញាត​ឱ្យ​ជួសជុល​បន្ត​ទៀត​បាន ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ថា ក្រុមហ៊ុន​ដឹក​អាចម៍ដី​លក់​ខាងលើ​នោះ នឹង​ធ្វើការ​កែតម្រូវ​ការ​ចង​សរសៃដែក និង​ដាក់​ទំហំ​ដែក​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដា នៅ​ពេល​ណា​នោះ​ទេ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ ក្រុមហ៊ុន​មិន​ទាន់​កិន​បង្ហាប់ដី និង​ក្រាល​បាត​ឡើង​វិញ​ទេ គឺ​គ្រាន់តែ​ចាក់​ដីឥដ្ឋ រួច​ចាក់ទឹក​កិ​នប​ង្រា​ប រៀប​ដែក ចាក់​បេតុង តែ​ម្តង ។

បើ​តាម​មន្ត្រី​បច្ចេកទេស លើក​ឡើង​ថា តាម​ស្តង់ដា បច្ចេកទេស ការ​សាងសង់​ផ្លូវ​បេតុង​នេះ គឺ​តម្រូវ​ឲ្យ​ប្រើ​ដែក​សរសៃ ថ្នាំងអំពៅ ១០​លី ចង​ក្រឡា​ដែក ១​តឹក ៨​ហ៊ុន ប្រើ​ស៊ីម៉ង់​តិ៍ ខេ​ស៊ី​មែន (KCMEN) ហើយ​មុន​និង​ចាក់​បេ​តុ ត្រូវ​កិន​បង្ហាប់ដី រួច​ក្រាល​បាត ប្រើ​ថ្ម ទើប​រែង​ដែក​ដាក់​ពីលើ យក​ទំហំ និង​កម្រាស់​១​តឹក​កន្លះ តាម​ស្តង់ដា កំណត់​ទើប​រដ្ឋបាល​ក្រុង​ទទួល ។

គួរ​រំលឹក​ផង​ដែរ​ថា ករណី​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២៤ កន្លង​ទៅ នៅ​ភូមិ​គយ​ត្របែក​សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង មាន​ក្រុម​អាជីវកម្ម​ដឹក​អាចម៍ដី​លក់ ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ជុំ ខាន់ មាន​ទីលំនៅ​ឯ​ខេត្តកំពង់ចាម បាន​មក​ធ្វើ​អាជីវកម្ម ជីករណ្តៅ​ដី និង​ដឹក​អាចម៍ដី​លក់ នៅ​ក្រុង​ស្វាយ​រៀង បាន​កំពុង​បំផ្លាញ​ផ្លូវ​បេតុង ១​ខ្សែ ប្រវែង​ជិត​២០​ម៉ែត្រ បណ្តាល​ឲ្យ​ស្រុត​ខូច​ទាំងស្រុង និង​បែកធ្លាយ​ទុយោ​ទឹក​ស្អាត​របស់​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ដាច់​ទឹក​ប្រើប្រាស់​អស់​រយៈពេល​១​ថ្ងៃ ពេល​ប្តឹង​ទៅ​អាជ្ញាធរ​សង្កាត់​មិន​អើពើ សង្ស័យ​ត្រូវ​សើម​មាត់​ហើយ​មើលទៅ ទើប​លោក​អភិបាលក្រុង ឲ្យ​ជួសជុល​ជូន​ប្រជាពលរដ្ឋ​វិញ និង​ព្រមាន​បញ្ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ