ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​កូរ៉េ​ខាង​ត្បូង​ចាប់​ខ្លួន​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ពី​បទ​ក្បត់​ជាតិ

17 ម៉ោង មុន

​ទី​ក្រុង​សេអ៊ូល៖ ខុទ្ទ​កាល័យ​របស់​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល ត្រូវ​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេរ​​កាល​ពី​ព្រឹក​មិញ​។ នេះ​ជា​​ផ្នែក​១​​​នៃ​ការ​ស៊ើប​អង្កេត​​នៅ​​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដែល​ប្រព្រឹត្ត​ដោយ​លោក​​យូន​ស៊ុកយូល និង​​ក្រុម​​របស់​គាត់​។ សមត្ថ​កិច្ច​ក៏​បន្ត​ចាប់​ខ្លួន​មន្ត្រី​គ្រាក់​ៗ​របស់​លោក​ដែល​ចូល​រួម​នៅ​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​។ ​ក្រៅ​ពី​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​រួចហើយ​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​​ក៏​ត្រូវ​​ចាប់​ខ្លួន​ផង​ដែរ​។​ ​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​នេះ…

​ទី​ក្រុង​សេអ៊ូល៖ ខុទ្ទ​កាល័យ​របស់​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល ត្រូវ​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេរ​​កាល​ពី​ព្រឹក​មិញ​។ នេះ​ជា​​ផ្នែក​១​​​នៃ​ការ​ស៊ើប​អង្កេត​​នៅ​​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដែល​ប្រព្រឹត្ត​ដោយ​លោក​​យូន​ស៊ុកយូល និង​​ក្រុម​​របស់​គាត់​។ សមត្ថ​កិច្ច​ក៏​បន្ត​ចាប់​ខ្លួន​មន្ត្រី​គ្រាក់​ៗ​របស់​លោក​ដែល​ចូល​រួម​នៅ​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​។ ​ក្រៅ​ពី​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​រួចហើយ​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​​ក៏​ត្រូវ​​ចាប់​ខ្លួន​ផង​ដែរ​។​

​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​នេះ សមត្ថ​កិច្ច​​​ហាម​ឃាត់​លោក​​យូន​ស៊ុកយូល​​មិន​ឱ្យ​​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ទេ។ ​បក្ស​ពួក​របស់​លោក​​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​បណ្ដើរ​ៗ​ទៅ​តុលាការ​​ហើយ​​ពី​បទ​ចូល​រួម​នៅ​ក្នុង​​​អំពើ​ក្បត់​ជាតិ​ និង​រំលោភ​អំណាច​។ បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​​​ល្ងាច​ថ្ងៃ​អង្គារ​ ​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ លោក​គីម​យ៉ុង​យុន (Kim Yong-hyun) ប្រុង​​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ប៉ុន្តែ​មាន​គេ​រត់​ទៅ​ឃាត់​ទាន់​។

អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ លោក​គីម​យ៉ុង​យុន (Kim Yong-hyun)

សមត្ថ​កិច្ច​ថ្លែង​ថា​​ការ​ចាប់​ខ្លួន​​អតីត​រដ្ឋ​មន្ត្រី​រូប​នេះ​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​គាត់​មាន​ឱកាស​អាច​​បំផ្លាញ​ភស្តុ​តាង​ចោល​។ លោក​គីម​យ៉ុង​​យុន​​ហាក់​ដូច​ជា​ចង់​ទទួល​ទោស​កំហុស​តែ​ម្នាក់​ឯង​។ គាត់​ថា​កំហុស​គ្រប់​យ៉ាង​កើត​មក​ពី​រូប​គាត់​​តែ​ម្នាក់​ប៉ុណ្ណោះ​​។ ដោយ​ឡែក​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ រួម​ជា​មួយ​​ស្នង​ការ​​នគរ​បាល​ក្រុង​សេអ៊ូល​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​​ព្រឹក​ថ្ងៃ​ពុធ​ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​​ទៅ​តុលាការ​​ពី​បទ​ចូល​រួម​នៅ​ក្នុង​អំពើ​ក្បត់​ជាតិ​។

អគ្គ​ស្នង​ការ​នគរបាល​ជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ​ពី​បទ​ចូល​រួម​ក្បត់​ជាតិ (រូប​ឈ្ងោក​មុខ​ចុះ​នៅ​កណ្ដាលជួរ​ខាង​មុខ​)

សមត្ថ​កិច្ច​រក​ឃើញ​ថា​នៅ​ថ្ងៃ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ អ្នក​ទាំង​២​បាន​ដាក់​ពង្រាយ​កម្លាំង​នគរ​បាល​ទប់​ស្កាត់​មិន​ឱ្យ​ក្រុម​​អ្នក​តំ​ណាង​រាស្ត្រ​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​​ និង​បោះ​ឆ្នោតជំទាស់​​​នឹង​ច្បាប់​អាជ្ញា​សឹក​។ ​​គម្រោង​របស់​គណ​បក្ស​កាន់​អំណាច​ដែល​ចង់​រៀប​ចំ «​ផែន​ទី​​បង្ហាញ​ផ្លូវ​សម្រាប់​ការ​ចុះ​ចេញ​ពី​តំណែង​» របស់​លោក​​យូន​ស៊ុកយូល​​នៅឆ្នាំ​ក្រោយ​មិន​ដឹង​ថា​ទៅ​រួច​ឬ​អត់​។ មូល​ហេតុ​ដោយ​សារ​គណ​បក្ស​ប្រឆាំង​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ដក​តំណែង​របស់​​គាត់​​ឱ្យ​បាន​​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ខ្លួន​នឹង​ស្នើ​សុំ​កោះ​ប្រជុំ​សភា​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ដើម្បី​ដក​តំណែង​លោក​យូស៊ុក​យូល​។ អ្នក​តំណាង​រាស្ត្រ​ខ្លះ​របស់​គណ​បក្ស​កាន់​អំណាច​ប្រកាស​ថា​លើក​នេះ​ខុស​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ ពួក​គេ​ក៏​នឹង​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​ស្នើ​សុំ​ដក​តំណែង​នេះ​​​។ លោក​លី​ជេ​ម្យុង​ដែល​ជា​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​ប្រៀប​ប្រដូច​វិធាន​ការ​នេះ​ទៅ​នឹង​រថ​ភ្លើង​ដែល​កំពុង​រត់ និង​ដែល​​គ្មាន​អ្វី​អាច​បញ្ឈប់​ចលនា​នេះ​​បានទេ​​។

ក្រុម​គណ​បក្ស​ប្រឆាំង​

លោក​យូន​ស៊ុកយូល​ធ្លាប់ប្រកាស​រួច​ហើយ​​​ថា​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មិន​ចុះ​ចេញ​ពី​តំណែង​ជា​ដាច់​ខាត​។ ​​លោក​យូន​ខ្លួន​ឯង​ក៏​ប្រឈម​នឹង​ការ​កាត់​ទោស​​ប្រហារ​ជីវិត​​ផង​ដែរ​។ ​គ្រាន់​តែ​ថា​សមត្ថ​កិច្ច​មិន​ទាន់​ចាប់​ខ្លួន​គាត់​ ឬ​ចោទ​ប្រកាន់​គាត់ទៅ​តុលាការ​។ ប៉ុន្តែ​សមត្ថ​កិច្ច​ក៏​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ទៅ​លើ​រូបគាត់​​ជា​បណ្ដើរ​ៗ​ហើយ​ដូច​ជា​ករណី​​​ចូល​ឆែក​ឆេរ​ខុទ្ទ​កាល័យ​របស់​គាត់​កាល​ពី​ព្រឹក​មិញ​ជា​ដើម​។​

សព្វ​ថ្ងៃ​នេះ​លោក​យូន​ស៊ុក​យូល​មាន​តែ​សម្បក​ខ្លួន​តែ​ប៉ុណ្ណោះ។ សូម្បី​តែ​តំណែង​ប្រធានា​ធិបតី​ក៏​គ្រាន់​តែ​ជា​តំណែង​ខ្យល់​តែ​ប៉ុណ្ណោះ​។ គាត់​គ្មាន​ភារកិច្ច និង​តួនាទី​អ្វី​ទាំង​អស់​បន្ទាប់​ពី​គាត់​ស្ម័គ្រ​ចិត្ត​ផ្ទេរ​អំណាច​ទាំង​អស់​ទៅ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ និង​ប្រធាន​គណ​បក្ស​កាន់​អំណាច​តាំង​ពី​​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​​​ជា​​ថ្នូរ​នឹង​ការ​មិន​​បោះ​ឆ្នោ​តដក​តំណែង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​​មុន៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ