ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​ចុះ ​MOU ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ឆាប់​ៗ​នេះ

16 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ជ​.​ក​.) ​នឹង​ចុះ​កិច្ចព្រមព្រៀង MOU ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រោយ​ចុះ​ MOU​…

រាជធានីភ្នំពេញ ​៖ ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ជ​.​ក​.) ​នឹង​ចុះ​កិច្ចព្រមព្រៀង MOU ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រោយ​ចុះ​ MOU​ ជាមួយ​គ្នា​ហើយ រាល់​កំណត់ហេតុ ព្រមព្រៀង បញ្ចប់​វិវាទ ​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ មាន​អានុភាព អនុវត្ត​ដូច​សាលក្រម​ស្ថាពរ​របស់​តុលាការ​ដែរ ​។

នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពីលោក ជិន ម៉ា​លី​ន រដ្ឋលេខាធិការ​ប្រចាំការក្រសួងយុត្តិធម៌ តំណាងឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ខណៈលោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ និង​លោក ​កើត ឆែ អភិបាលរង តំណាងលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី “​បេសកកម្ម នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​” ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ​។

លោក ជិន ម៉ា​លី​ន​ បាន​មាន​ប្រសាសន៍​ថា​ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី “​បេសកកម្ម នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​”​ បាន​ធ្វើ​ឡើង​ ចំនួន៩​ខេត្ត​ហើយ និង​បាន​ចុះ ​MOU​ ជាមួយ​ខេត្ត​ចំនួន​៣​ រួច​ហើយ​ គឺ​ខេត្តកណ្តាល បាត់ដំបង​ និង​ខេត្តកំពង់ឆ្នាំង​។

លោក ​បន្ត​ថា​ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ជ​.​ក​.) ត្រូវ​បាន​បង្កើត​ឡើង​ដោយព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/១១២៣/២៣៨១ ចុះ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្តី​ពីការ​បង្កើតការ​រៀបចំ និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ តុលាការ​។ ការ​បង្កើតអាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ដ​.​ក​.) គឺជា​ផ្នែក​មួយ​ នៃកម្មវិធី​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា និង​ជា​ការ​អនុវត្ត​ នូវ​កិច្ចការ​អាទិភាព១ ក្នុងចំណោម​កិច្ចការ​អាទិភាព​ ទាំង៣ នៃ​វិធានការ​គន្លឹះ​ទី៥ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃ​រដ្ឋសភា​។ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជាយន្តការ​ថ្មី​មួយ ​បំពេញបន្ថែម​ឱ្យយន្តការ​ដោះស្រាយ​វិវាទ​ ដែល​មាន​ស្រាប់​នៅ​កម្ពុជា ដែល​មាន​បេសកកម្ម​ជួយ​ដោះស្រាយវិវាទ តាម​រយៈ​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ ​។

តាម​រយៈ​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ​ ក្រៅ​ប្រព័ន្ធ​តុលាការនេះ មាន​សារ​​សំខាន់ ៣ ៖ ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ជម្រះក្តី​។ បង្ខិត​សេវា​ដោះស្រាយ​វិវាទ​ឱ្យ​កាន់តែ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ធានា​បាន​នូវ​ភាព​សុខដុមរមនា និង​យុត្តិធម៌​ក្នុង​សង្គម​ជាតិ ​។

លោក កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ ​ថ្លែង​ថា​ សិក្ខាសាលា​នេះ​ គឺដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល នៃ​ការ​ផ្តល់​សេវា ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

លោក​បន្ត​ថា​ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​យន្តការ​បំពេញបន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​បច្ចុប្បន្ន​ នៅ​កម្ពុជា ដោយ​ប្រើប្រាស់​យន្តការ​សម្រុះសម្រួល ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ តាម​រយៈ សូចនាករ​ ចំនួន ២ រួម​មាន (​ទី​១) ការ​រក្សា​បាន​នូវ​ចរិត ​នៃ​ការ​ដោះស្រាយ វិវាទ​ក្នុង​មូលដ្ឋាន ស្រប​តាម​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង(​ទី​២) ការ​បញ្ចប់​វិវាទ ឬការ​រំលត់​វិវាទ ​ដែល​កើត​មាន​ឡើង​នៅ​មូលដ្ឋាន ជាក់ស្តែង សំដៅ​ចូលរួម​ចំណែក​កាត់​បន្ថយ​សំណុំរឿង​នៅ​តាម​សាលា​ជម្រះក្តី​គ្រប់​កម្រិត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ