ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញឱ្យ​សមត្ថកិច្ច​ពិនិត្យ និង​ចាត់ការ​ជា​បន្ទាន់​! ចំពោះ​ការ​ផ្សាយ​ល្បែងស៊ីសង តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដើម្បី​អនុវត្ត​សារាចរ​ណែនាំ​លេខ ០៧២ សណ​ន ចុះ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដើម្បី​អនុវត្ត​សារាចរ​ណែនាំ​លេខ ០៧២ សណ​ន ចុះ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ ឱ្យ​មាន​ប្រសិទ្ធភាព ជា​ពិសេស ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ធានា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

១. ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​រៀបចំ​អនុវត្ត​នូវ​ការងារ​មួយ​ចំនួន​ដូច​ខាងក្រោម ៖
-​ត្រូវ​បន្ត​ពង្រឹង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន
-​ត្រូវ​ចាត់វិធានការ​តឹង​រឹង​ក្នុង​ការ​តាមដាន និង​ហាមឃាត់​ការ​ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ច្បាប់​គ្រប់​ប្រភេទ
-​ត្រូវ​ចាត់វិធានការ​ត្រួតពិនិត្យ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន ដូច​ជា​ផ្ទាំង​ប៉ាណូ របារ​កាត់​ទទឹង​ផ្លូវ ទូរទស្សន៍ LED ផ្ទាំង​ផ្សព្វផ្សាយ​លើ​តុ​កតុក ។​ល​។ ករណី​រក​ឃើញ​ថា មានការ​ផ្សព្វផ្សាយ​ល្បែងស៊ីសង ត្រូវ​ចាត់វិធានការ​បក​ផ្ទាំង​ផ្សព្វផ្សាយ​នោះ​ចេញ​ជា​បន្ទាន់
-​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​យល់​ដឹង​ពី​ហានិភ័យ និង​ផល​ប៉ះពាល់​នៃ​ការ​លេង​ល្បែងស៊ីសង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ជា​ផ្នែក​មួយ នៃ​ការ​អនុវត្ត​គោលនយោបាយ «​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​» ។

២. មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ​ជំរុញ​លើកទឹកចិត្ត​ស្ថានីយទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ឱ្យ​ផលិត​វី​ដេ​អូ ដែល​មាន​ខ្លឹមសារ​ផ្តល់​ចំណេះដឹង​ពី​ផល​ប៉ះពាល់ នៃ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ដឹង​បន្ថែម​ពី​បញ្ហា​នេះ

៣. ហាម​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​អាវយឺត ឬ​សម្ភារៈ​ផ្សេង​ៗ ដែល​មាន​បោះពុម្ព​រូបភាព (Screen) ផេ​ក​កាស៊ីណូ​អន​ឡាញ ឬ​ការ​លើកទឹកចិត្ត​ផ្សេង​ៗ​ឱ្យ​លេងល្បែង​ស៊ីសង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ៗ​នៅ​រាជធានី​ភ្នំពេញ

៤. គ្រប់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រូវ​បក​ចេញ​ជា​បន្ទាន់ នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​មាន​រូបភាព ឬ​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ