សត្វព្រៃចំនួន២៨ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និងអំបូរសត្វព្រៃជាច្រើនប្រភេទទៀត ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលចេញផ្សាយ ថ្មីៗនេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រដូចជា ទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ ។
ការសិក្សានេះអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ ។ គោលបំណងគឺដើម្បីវាស់ស្ទង់ទិន្នន័យពីប្រភេទ ថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់អភិរក្សក្រោមគម្រោងរេដបូកលំផាត់ ។
លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន២៨ប្រភេទ ដែលមានទំហំផ្សេងៗគ្នា រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈមានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្ដាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផងដែរ ។
ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺសត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយនឹងឈានដល់ការផុតពូជបើសិនជាមិនមានការការពារទេនោះ ។
លោកប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា ថ្លែងថា៖ «ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារសំខាន់ជាសាកល ។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា ដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់បាន និងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិងប្រភេទសត្វ ជិតផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីការពារតំបន់ទេស ភាពដ៏វិសេសនេះ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។
ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងមានប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបានផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន ។ ដែនជម្រកនេះ ក៏ទ្រទ្រង់ជីវិតសត្វជិតផុតពូជបំផុតជាច្រើនប្រភេទដូចជាត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកស ក៏ដូចជាប្រភេទសត្វស្លាបកម្រដ៏អស្ចារ្យដូចជា ក្រៀល និងក្ងោកផងដែរ ។
តំបន់ទេសភាពនេះក៏បានទ្រទ្រង់ជីវភាពរបស់សហគមន៍ និងជនជាតិដើមភាគតិចដែលរស់នៅក្នុង និងជុំវិញតំបន់ព្រៃឈើនេះផងដែរ ។ ពួកគាត់ភាគច្រើនរស់នៅពឹងផ្អែកយ៉ាងខ្លាំងលើអនុផល និងសេវាកម្ម ដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃសម្រាប់ចិញ្ចឹមជីវិត ។ ក៏ប៉ុន្តែក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ តំបន់ទេសភាពលំផាត់ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសកម្មភាពមនុស្សលក្ខណៈទ្រង់ទ្រាយធំ ដែលនាំទៅដល់ការបាត់បង់ព្រៃឈើ ការរេចរឹលព្រៃឈើ និងការបាត់បង់ជីវៈចម្រុះ ។
កត្តាចម្បងនៃការបាត់បង់ព្រៃឈើ និងជីវៈចម្រុះរួមមាន ការទន្ទ្រានព្រៃឈើសម្រាប់ការពង្រីកកសិកម្ម ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ ជាដើម។
ចែករំលែកព័តមាននេះ