ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ស្នើកាតាបញ្ជូនវិនិយោគិនមកកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើ​ដល់​ភាគី​កា​តា បញ្ជូន​វិនិយោគិន​មក​កម្ពុជា ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើ​ដល់​ភាគី​កា​តា បញ្ជូន​វិនិយោគិន​មក​កម្ពុជា ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម ។

ការ​ស្នើ​របស់​សម្តេច​តេ​ជោ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក សេក្ខ មហា​ម៉េ​ដ ប៊ី​ន អាប់​ឌុ​ល​រ៉ា​ហ្ស​ម៉ា​ន ប៊ី​ន ចាស​ស៊ី​ម អាល​-​ថា​នី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​រដ្ឋកា​តា នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ ។

សម្តេច​តេ​ជោ បាន​សម្តែង​នូវ​សេចក្តី​អំណរ​គុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី ចំពោះ​ការ​ទទួល​ស្វាគមន៍ សម្តេច និង​គណៈប្រតិភូ​យ៉ាង​កក់ក្តៅ នៅ​រាជធានី​ដូ​ហា ។សម្តេច​បាន​បញ្ជាក់​ថា បាន​ទទួល​ជួប​លោក​ក្នុងអំឡុងពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​ចុះហត្ថលេខា​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្ត និង​សហប្រតិបត្តិការ​អាស៊ី​អាគេ្នយ៍ (TAC) ។

សម្តេច​បាន​បន្ត​ថា កម្ពុជា និង​កា​តា បាន​បង្កើត​ទំនាក់ទំនង​ការទូត នៅ​ឆ្នាំ​២០០៨ ហើយ​សម្តេច​មាន​បំណង​មក​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋកា​តា​ជា​ច្រើន​ដង ក៏​ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់ ។ សម្តេច​បាន​បន្ថែម​ថា ប្រទេស​យើង​ទាំង​ពីរ​មាន​សក្តានុពល​ច្រើន​ដែល​ប្រើប្រាស់​មិន​ទាន់​អស់ ។ កា​តា ជា​ប្រទេស​អ្នកមាន និង​គួរ​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិឧស្សាហកម្ម​កែ​ច្នៃ ដើម្បី​នាំ​ចេញ ។

កម្ពុជា​មាន​ផលិតផល​កសិកម្ម​ច្រើន ដូច​ជា គ្រាប់ស្វាយចន្ទី ដែល​កម្ពុជា​ផលិត​ច្រើន​ជាងគេ​នៅ​ក្នុង​ពិភពលោក តែ​ខ្វះ​លទ្ធភាព​កែ​ច្នៃ និង​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត ។ សម្តេច បាន​គូសបញ្ជាក់​ថា កម្ពុជា​និង​កា​តា គួរ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ​ទៅ​វិញ​ទៅ​មក និង​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកទេស និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្តី​ពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួងការបរទេស​ទាំង​ពីរ ។

សម្តេច​តេ​ជោ បាន​លើក​សរសើរ​តួនាទី​របស់​កា​តា​នៅ​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ដោយ​បាន​បញ្ជាក់​ថា កា​តា​ត្រូវ​បាន​គេ​ស្គាល់​ទូ​ទាំង​សកលលោក តាម​រយៈ​ការ​ចរចា​ពាណិជ្ជកម្ម​ពិភពលោក Doha Round និង​បាន​រៀបចំ​គោលនយោបាយ​មួយ​ដែល​ទទួល​បានការ​ទុកចិត្ត ពី​សំណាក់​ប្រទេស​នានា​ក្នុង​សកលលោក ។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា កា​តា​មាន​ទំនាក់ទំនង​ជាមួយ​អាស៊ាន តាម​រយៈ​ការ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា TAC ។ អាស្រ័យ​ហេតុនេះ កា​រត​ភ្ជាប់​ផ្លូវអាកាស​ពី​មជ្ឈិមបូព៌ា​មក​អាស៊ី​អាគ្នេយ៍​ជា​ចំណុចខ្លាំង​របស់​កា​តា ។

សម្តេច បាន​អរគុណ Qatar Airways ដែល​មាន​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​មក​កម្ពុជា ។ ទ​ង្វើ​នេះ​ផ្តល់​ផលប្រយោជន៍​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន និង​វិនិយោគិន ។ សម្តេច​សម្តែង​ក្តី​រីករាយ​ដែល​កា​តា ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ World Cup 2022 ដែល​បាន​ធ្វើ​ឱ្យ​តួនាទី​របស់​កា​តា កើនឡើង​លេចធ្លោ​ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ។

ជា​កិច្ច​ឆ្លើយ​តប លោកនាយក​រដ្ឋមន្ត្រី​កា​តា បាន​អរគុណ​ចំពោះ​ការ​លើក​ឡើង​ខាងលើ​របស់​សម្តេច និង​បាន​ជម្រាប​សម្តេច​តេ​ជោ​ថា កា​តា ផ្តល់​សារៈសំខាន់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត​យ៉ាងច្រើន​ក្នុង​នោះ​មាន​កម្ពុជា និង​អាស៊ាន​ផង​ដែរ ។ លោក​បាន​បន្ត​ថា នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កា​តា សម្លឹង​មើល​ឱកាស​សម្រាប់​វិនិយោគ​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។ លោក​បាន​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ចប់​សព្វគ្រប់​នា​ពេល​ខាង​មុខ​នឹង​ជំរុញ​វិនិយោគ​ទៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​កា​តា បាន​លើក​ឡើង​ថា លោក​នឹង​ចាត់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​វិនិយោគ​នៃ​រដ្ឋកា​តា (QIA) មក​ជួប​សម្តេច ដើម្បី​ជំរុញ​ទំនាក់ទំនង​ខាង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ