ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ «​ក្រូច​វល្លិ​» ហើយ​សាធារណៈជន​ទូទៅ​ស្គាល់​ថា ផ្លែ​ផា​សិន គឺជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ​ដែល​គេ​អាច​ហូប​ស្រស់ និង​យក​ទៅ​ច្នៃ​ធ្វើ​ភេសជ្ជៈ ឬ​បង្អែម​តាម​ពលរដ្ឋ​និយម​ចូល​ចិត្ត ។ តែ​ទោះបីជា​ផ្លែ​ឈើ​នេះ​ត្រូវ​គេ​បង្ហើប​ថា​បាន​នាំ​ចូល​ស្ទើរតែ​ទាំងស្រុង​ពី​ប្រទេស​ជិតខាង ហើយ​កសិករ​យើង​មិន​ច្រើន​ឡើយ…

ផ្លែ «​ក្រូច​វល្លិ​» ហើយ​សាធារណៈជន​ទូទៅ​ស្គាល់​ថា ផ្លែ​ផា​សិន គឺជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ​ដែល​គេ​អាច​ហូប​ស្រស់ និង​យក​ទៅ​ច្នៃ​ធ្វើ​ភេសជ្ជៈ ឬ​បង្អែម​តាម​ពលរដ្ឋ​និយម​ចូល​ចិត្ត ។ តែ​ទោះបីជា​ផ្លែ​ឈើ​នេះ​ត្រូវ​គេ​បង្ហើប​ថា​បាន​នាំ​ចូល​ស្ទើរតែ​ទាំងស្រុង​ពី​ប្រទេស​ជិតខាង ហើយ​កសិករ​យើង​មិន​ច្រើន​ឡើយ ដឹង​ពី​ទីផ្សារ​ផ្លែ​ឈើ​នេះ ។

ផ្លែ​ឈើ​ប្រភេទ​នេះ​ងាយស្រួល​ដាំ​ហើយ​ក៏​មិនសូវ​ជា​រើស​ដី​ដែរ ប៉ុន្តែ​វា​ត្រូវ​បាន​នាំ​ចូល​ជា​ច្រើន​តោន​នៅ​ក្នុង​មួយ​ថ្ងៃ​ៗ​ពី​ប្រទេស​ជិតខាង ជា​ពិសេស គឺ​ប្រទេស​វៀតណាម ។

អ្នកលក់​ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គរ​មួយ​រូប​បាន​អះអាង​ថា ផ្លែ​ឈើ​នេះ កសិករ​ខ្មែរ​អាច​ដាំ​បាន និង​យក​មក​លក់​នៅ​លើ​ទីផ្សារ​ខ្លះ​ដែរ តែ​មិន​ច្រើន​ដូច​ជា ការ​នាំ​ចូល​ទេ ។ លោកស្រី​បាន​លើក​ឡើង​ថា លោកស្រី​ក៏​មិន​បានដឹង​អំពី​បរិមាណ​នៃ​ការ​នាំ​ចូល​ប្រចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​សម្រាប់​លោកស្រី​ផ្ទាល់​បាន​ទទួល​ពី​គេ​ហើយ​យក​មក​បោះ​អោយ​ម៉ូយ​ប្រចាំ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​១០​គីឡូ​ក្រុម​ដែរ ដោយ​មួយ​គីឡូក្រាម​ពេល​ខ្លះ​អាច​លក់​បាន​៥០០០​រៀល ពេល​ខ្លះ​ដល់​៨០០០​រៀល​ក៏​មាន​តាម​វា​សម្បូរ​ឬ​ខ្សត់ ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា «​ឃើញ​លក់​នៅ​ទីផ្សារ​សម្បុរ​រៀង​ក្រហម​ៗ ហើយ​ជូរ​ខ្លាំង នេះ​ភាគច្រើន គឺ​មក​ពី​វៀតណាម ខណៈ​ដែល​អា​សម្បក​រៀង​ស​ៗ មាន​រសជាតិ​ផ្អែម​ដិត ជាង​អា​ក្រហម​នេះ គឺ​ច្រើន​ដាំ​នៅ​ក្នុងស្រុក​ម្តុំ​ភូមិភាគ​ឥ​សាន្ត​ស្រុក​យើង​» ។

មក​ដល់​ពេល​នេះ ផ្លែក្រូច​វល្លិ​ដែល​លក់ដាច់​បំផុត គឺ​គេ​ច្រើន​យក​ទៅ​កែ​ច្នៃ​ធ្វើ​ទឹក​ភេសជ្ជៈ​ដែល​យក​ទៅ​ផ្សំ​ជាមួយនឹង​ទឹក​សូ​ដា ឬ​ទឹកដោះគោ​ស្រស់ និង​ទឹក​ស្ករ ហើយ​កន្លែង​ខ្លះ​គេ​បន្ថែម​ក្រែ​ម និង​ខ្ទិះដូង និង​ទឹកកក មាន​រសជាតិ​ឆ្ងាញ់ ហើយ​មួយ​កែវ​អាច​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ក៏​៤០០០​រៀល ទៅ​៨០០០ រៀល​ដែរ ឬ​លើស​ពី​នេះ​អាស្រ័យ​លើ​ហាង និង​ទីតាំង​កន្លែង​លក់ ។

កញ្ញា សុខា ដែល​ជា​អ្នកលក់​កាហ្វេ មួយ​រូប​បាន​អះអាង​ថា អ្នក​ដែល​មក​ចូល​ហាង​កាហ្វេ​មួយ​ចំនួន​មិនមែន​មក​ពិសា​តែ​កាហ្វេ​ទេ គឺ​គេ​ពិសា​ទឹក​ផ្លែក្រូច​វល្លិ (​ផា​សិន​) ទឹកដោះគោ ឬ​សូ​ដា ។ កញ្ញា​បាន​ឲ្យ​ដឹង​ថា សម្រាប់​ហាង​ដែល​កញ្ញា​កំពុង​តែ​ធ្វើការ​ឲ្យ​គេ​នេះ មួយ​ថ្ងៃ​វា​អាច​អស់ពី​២០​ទៅ​៣០​កែវ​ដែរ ។ កញ្ញា​បាន​បន្ត​ថា នៅ​ក្នុង​២០​ទៅ​៣០​កែវ​នេះ វា​អាច​អស់​ក្រូច​វល្លិ​ប្រហែល​១​គីឡូក្រាម ប៉ុន្តែ​កញ្ញា​ក៏​មិនដឹង​ថា ប្រភព​នៃ​ក្រូច​វល្លិ​នោះ​មកពីណា​ដែរ ។

ជា​ទូទៅ​នៅ​រាជធានី​ភ្នំពេញ មាន​ហាង​កាហ្វេ​រាប់​សិប​កន្លែង ពោល គឺ​សឹងតែ​គ្រប់​ផ្លូវ​គ្រប់​ទីកន្លែង​ហើយ​រាល់​ទីកន្លែង​ដែល​លក់​កាហ្វេ​នោះ គឺ​រមែង​ច្រើន​តែ​មាន​ភេសជ្ជៈ​ច្នៃ​ចេញពី​ផ្លែក្រូច​វល្លិ​នេះឯង ។

ពាក់ព័ន្ធ​នឹង​សក្តានុពល​នៃ​ដំណាំ​ប្រភេទ​នេះ បណ្តាញ​ព័ត៌មាន​វី​អិន អ៊ិ​ច​ប្រេស (VN Express) បាន​ឲ្យ​ដឹង​ថា កសិករ​វៀតណាម​បាន​កំពុង​តែ​ដាំ​ដំណាំ​នេះ​លើ​ផ្ទៃដី​ដល់​ទៅ​៩.៥០០​ហិ​កតា ដោយ​ភាគច្រើន​នៅ​ខ្ពង់រាប​ភាគ​កណ្តាល​នៃ​ប្រទេស ដែល​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជា​១៩ ម៉ឺន​តោន នៅ​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​៨០​ភាគរយ គឺ​នាំ​ចេញ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ផ្លែក្រូច​វល្លិ​នេះ​តែ​មួយ​មុខ​វៀតណាម​អាច​នាំ​ចេញ​ទាំង​អា​ស្រស់ និង​បង្កក​មាន​តម្លៃ​ដល់​ទៅ​២២២​លាន​ដុល្លារ កាលពី​ឆ្នាំទៅ ហើយ​កំពុង​តែ​សម្លឹង​រក​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត​ដោយ​រំពឹង​ថា អាច​បង្កើន​តម្លៃ​នាំ​ចេញ​បន្ថែម​ពី​៥០​ទៅ​១០០​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ