ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ដំរីព្រៃ​ដ៏​អភ័ព្វ​មួយ​ក្បាល​ដែល​មាន​អាយុប្រមាណ​៥​ខែ ត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កូន​ដំរីព្រៃ​ដ៏​អភ័ព្វ​មួយ​ក្បាល​ដែល​មាន​អាយុប្រមាណ​៥​ខែ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ឯ​ស្រុក​កោះ​ញែក នា​ល្ងាច​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ ក្រោយ​វា​ខំ​ដើរ​ទាំង​ជើង​ឈឺ​មាន​របួស បណ្តាល​មក​ពី​អន្ទាក់​ព្រានព្រៃ ។…

ខេត្តមណ្ឌលគិរី ៖ កូន​ដំរីព្រៃ​ដ៏​អភ័ព្វ​មួយ​ក្បាល​ដែល​មាន​អាយុប្រមាណ​៥​ខែ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ឯ​ស្រុក​កោះ​ញែក នា​ល្ងាច​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ ក្រោយ​វា​ខំ​ដើរ​ទាំង​ជើង​ឈឺ​មាន​របួស បណ្តាល​មក​ពី​អន្ទាក់​ព្រានព្រៃ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៧ និង​១៧​នាទី ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ខេត្តមណ្ឌលគិរី បាន​ប្រទះ​ឃើញ​កូន​សត្វ​ដំរីព្រៃ (​ឈ្មោល​) ចំនួន​០១​ក្បាល អាយុ​ប្រហែល​០៥​ខែ ទម្ងន់​២០០​គីឡូក្រាម រត់​តាម​បណ្តោយ​ផ្លូវលំ ហាក់​កំពុង​ស្វែងរក​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​កណ្តាលរ​យ៉​លើ ដែនជម្រកសត្វព្រៃ​លំ​ផាត់ ស្ថិត​ក្នុងភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា ភ្លាម​ៗ​នោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ស្ទាក់​ព័ទ្ធ​ចាប់ ដើម្បី​ពិនិត្យ​មើល​ក៏​ប្រទះ​ឃើញ​មាន​ស្នាម​របួស​នៅ​ត្រង់​ចំណុច ក ជើង​មុខ ខាងស្តាំ ។

ក្រោយ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពិនិត្យ​លើ​មុខរបួស​ដោយ​យកចិត្តទុកដាក់ រួច​ធ្វើ​សេចក្តីសន្និដ្ឋាន​បាន​ថា គឺ​របួស​ដោយសារ​ជាប់អន្ទាក់ តែ​សុខភាព​កូន​សត្វ​ដំរី​ឈ្មោល​០១​ក្បាល​នេះ គឺ​នៅ​មាន​កម្លាំង​មាំមួន​នៅឡើយ ។

បច្ចុប្បន្ន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​លំ​ផាត់ កំពុង​មើលថែ​រក្សា​នៅ​ទីស្នាក់ការ​កណ្ដាលរ​យ៉​លើ ដែនជម្រកសត្វព្រៃ​លំ​ផាត់ ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយ​កំពុង​មានការ​ទំនាក់ទំនង​ទៅ​ការ​អន្តរាគមន៍​បន្ត​ដើម្បី​ថែរក្សា​កូន​ដំរីព្រៃ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ