រាជធានីភ្នំពេញ ៖ បុរសម្នាក់ខឹងប្រជាពលរដ្ឋយករថយន្តមកដាក់ចតហៀរមកមុខផ្ទះបន្តិច ក៍ស្រាប់តែចេញមករករឿងវាយបំបែកកញ្ចក់រថយន្តរងការខូចខាតហើយទៅរករឿងវាយគេឯងថែមទៀត ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ចំណុចផ្ទះលេខ១៧ បុរីសូនី សង្កាត់មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានយករថយន្តកូរ៉ូឡាមួយគ្រឿងទៅចតនៅមុខផ្ទះគេ ។ ពេលចតរថយន្តបានហៀរមកមុខផ្ទះគេបន្តិច ខណៈពេលនោះបុរសជាជនបង្ក ចេញមកក្រៅខឹងសម្បា ឡូឡានិងបានយកដែកទៅវាយកញ្ចក់រថយន្តបណ្ដាលឲ្យបែកផ្នែកខាងមុខ និងបែកកញ្ចក់មើលក្រោយចំហៀងខាងស្ដាំ ។ បន្ទាប់ពីវាយកញ្ចក់រថយន្តរួចហើយបុរសខាងលើក៏បានដើរចេញពីផ្ទះកើតហេតុទៅម្ដុំផ្សារលឹមឈាងហាក់បាត់មួយសន្ទុះ រួចហើយក៏ត្រឡប់មកវិញក៏ស្រាប់តែទៅរករឿងវាយបុរសជាសន្តិសុខម្នាក់ដែលយាមនៅក្បែរនោះចំផ្ទៃមុខបណ្តាលឲ្យរងរបួសតិចតួច ហើយក៏រត់ចូលទៅក្នុងផ្ទះចាក់សោសំងំបាត់ទៅ ។
ពាក់ព័ន្ធករណីនេះដែរ បន្តិចក្រោយមកគឺខាងបងប្អូនប្រជាពលរដ្ឋគាត់បានរាយការណ៍បន្តជូនសមត្ថកិច្ច មូលដ្ឋានមានទាំងអាវុធហត្ថ ខណ្ឌមានជ័យបានចុះទៅទីតាំងកើតហេតុ ហើយបានសួរនាំពីដំណើររឿង ក៏បានណែនាំឲ្យភាគីខាងរងគ្រោះដែរ ត្រូវបានជនបង្កវាយធ្វើឲ្យខូចខាតដូចជារបួសស្នាម សូមទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យដើម្បីរង់ចាំលោកធ្វើការតាមជំនាញនៅពេលក្រោយជាបន្តទៀតផងដែរ ។
ករណីនេះផងដែរ ពលរដ្ឋផ្សេងទៀតថា បុរសខាងលើអាចជាជនញៀនថ្នាំនិងតែងតែបង្កការអុកឡុកនៅតំបន់នោះជាញឹកញាប់ផងដែរ ទោះជាយ៉ាងណាមិញក្នុងករណីនេះក៏មិនមានបង្កឲ្យមានបងប្អូនប្រជាពលរដ្ឋណារបួសស្នាមធ្ងន់ធ្ងរនោះទេគ្រាន់តែបង្កការភ័យខ្លាចដល់អ្នកជិតខាងដែលរស់នៅតំបន់នោះតែប៉ុណ្ណោះ ហើយពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចពាក់ព័ន្ធនិងមានចំណាត់ការលើបុគ្គលនេះផងដែរ ៕
ចែករំលែកព័តមាននេះ