ខេត្តកំពង់ឆ្នាំង ៖ លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ក្រោមប្រតិបត្តិការយ៉ាងសកម្មរបស់ក្រុមការងារឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម សហការជាមួយអាជ្ញាធរខណ្ឌរដ្ឋបាលជលផលតាមតំបន់គោលដៅ បានចុះទៅពិនិត្យបើកច្រក(ក.ដប) តាមបណ្តាប្រឡាយព្រែក ក្នុងភូមិសាស្ត្រ៣ខេត្ត មានខេត្តកំពង់ឆ្នាំង/កំពង់ធំ/ និងពោធិ៍សាត់ ដើម្បីអោយត្រីចុះមកប៉ែកខាងក្រោមបានល្អ ។

រយៈពេល៤ថ្ងៃនេះ ប្រជានេសាទក្នុងខេត្តកំពង់ឆ្នាំងទទួលផលត្រីតូចធំបានប្រមាណជិត៤ពាន់តោន គឺជាទូរលេខយ៉ាងខ្ពស់គួរឲ្យកត់សម្គាល់ និងមានការកើនជាងឆ្នាំមុន ។
លោកលីឡា ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បញ្ជាក់អោយដឹងថា ៖ រយៈពេល៤ថ្ងៃនេះ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងខេត្តកំពង់ឆ្នាំងប្រមូលផលត្រីនេសាទបានចំនួនសរុប៣៧៨០តោន ភាគច្រើនជាប្រភេទត្រីធំដូចជា ត្រីឆ្កោក ត្រីច្រកែង។ល។ បានន័យថា គឺមានការកើនឡើងជាងឆ្នាំងមុនចំនួន៦៣០តោន ក្នុងរយៈពេល៤ថ្ងៃដូចគ្នាដោយឆ្នាំមុនទទួលផលត្រីបានចំនួន៣១៥០តោន ។

លោកលីឡា បន្តថា ចំពោះត្រីដែលត្រូវខ្លាំងជាងគេ គឺចាប់ពីចំណុច(ក.ដប) តំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ បន្តធ្លាក់មកដល់ស្រុកកំពង់លែង ក្រុងកំពង់ឆ្នាំង និងថ្ងៃនេះផ្ទាល់ គឺបន្តធ្លាក់មកដល់ស្រុកកំពង់ត្រឡាចហើយ ។ ពិសេសនោះ គឺប្រជានេសាទស្រុកបរិបូរណ៍ផ្ទាល់នេះតែម្តងដែលសប្បាយចិត្តខ្លាំង ព្រោះបានចាប់ត្រីមុនគេ ។ ថ្វីត្បិតនាពេលនេះត្រីដែលត្រូវភាគច្រើនជាប្រភេទត្រីធំ ប៉ុន្តែលោកជឿជាក់ថា ខ្នើតក្រោយនេះប្រាកដជាត្រូវប្រភេទត្រីប្រហុកបានទិន្នផលច្រើនជាក់ជាមិនខាន ក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ។

គួររំលឹកថា នៅតាមបណ្ដោយផ្លូវជាតិលេខ5 ចំណុច មុខផ្សារពន្លៃ ស្រុកបរិបូណ៌ គេសង្កេតឃើញអ្នកដំណើរជិះឡាន ទំនើបៗយ៉ាងច្រើនឈប់កកកុញ ដើម្បីចូលទិញត្រីធំៗក្នុងផ្សារ តាមតម្រូវការរៀងៗខ្លួនផងដែរ នៅព្រឹកថ្ងៃទី០៨ ខែធ្នូនេះ ៕





ចែករំលែកព័តមាននេះ