រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០១០ ពណ៌ស្លែរ១គ្រឿងទាំងបែកកង់មុខ និងស្នាមក្រពឹតកាងមុខ ដោយពុំដឹងថា ជួបគ្រោះថ្នាក់ចរាចរនៅកន្លែងណាមួយ ឬក៏មានបញ្ហាអ្វីនោះទេ ។
លុះពេលបើកចូលទៅដល់ផ្លូវដែលពុំសូវមានអ្នកធ្វើដំណើរមានទឹក និងភក់ក៏បានជាប់ផុងកើលទ្រូងទៅមុខលែងរួច អ្នកបើកបររូបនោះក៏បានដោះស្លាកលេខចេញ រួចទុកចោល និងបានចាកចេញទៅបាត់ស្រមោល ។ នេះបើតាមការប្រាប់ឲ្យដឹងពីសំណាក់អ្នកភូមិដែលបានដើរហាត់ប្រាណតាមផ្លូវនោះ ហើយបានប្រទះឃើញរថយន្តខាងលើរួចរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចចុះទៅពិនិត្យមើល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវលំដែលពុំសូវមានគេធ្វើដំណើរស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកហាត់ប្រាណខាងលើបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលពួកគាត់ដើរហាត់ប្រាណនៅចំណុចនោះបានឃើញបុរសម្នាក់បើករថយន្ត១គ្រឿងខាងលើទាំងបែកកង់មុខចេញពីផ្លូវក្នុងភូមិចាក់ជ្រូកសំដៅទៅភូមិត្រពាំងជ្រៃសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែជ័យ ។
លុះពេលចេញផុតពីក្នុងភូមិបន្តិចចូលដល់ផ្លូវលំដែលគេមិនសូវមានគេធ្វើដំណើរឆ្លងកាត់ ហើយមានទឹក និងភក់ផងនោះ បណ្ដាលឲ្យជាប់ផុងកង់មុខកើលទ្រូងទៅមុខលែងរួច បន្ទាប់មកបុរសអ្នកបើកបរបានដោះស្លាកលេខចេញ និងទុករថយន្តចោល រួចក៏បានចាកចេញទៅបាត់ ។
ប្រភពដដែលបានរៀបរាប់ប្រាប់ឲ្យដឹងបន្តទៀតថា ពួកគាត់មិនដែលធ្លាប់បានឃើញរថយន្ត១គ្រឿងនេះ ឬក៏ស្គាល់អ្នកបើកបរម្នាក់នោះពីមុនមកឡើយ ហើយក៏មិនបានដឹងថាបុរសនោះ គឺជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះដែរ ។
ក្រោយពីបានប្រទះឃើញបែបនេះពួកគាត់ក៏បានរាយការណ៍ជូនលោកមេភូមិ ដើម្បីឲ្យចុះទៅពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យចុះទៅនាំយករថយន្តទៅរក្សាទុកធ្វើការស្រាវជ្រាវបន្តទៀត ។
នគរបាលបាននិយាយថា បន្ទាប់ពីទទួលដំណឹងនោះហើយ នគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅកាន់ទីនោះភ្លាមៗ ហើយពុំទាន់ដឹងថា តើរថយន្តខាងលើនេះត្រូវចោរលួចយកមកពីកន្លែងណាមួយ ឬក៏ម្ចាស់ជួលឲ្យជនបរទេសជិះ ហើយជួបគ្រោះថ្នាក់ចរាចរ រួចក៏បើកគេចមកដល់ទីនេះ លុះពេលជាប់ផុងក៏ទុកចោលនោះឡើយ ។
បន្ទាប់មកនគរបាលប៉ុស្តិ៍ក៏បានរាយការណ៍បន្តទៅកាន់នគរបាលចរាចរខណ្ឌពោធិ៍សែនជ័យឲ្យចុះទៅនាំយករថយន្តនេះទៅរក្សាទុករង់ចាំការស្រាវជ្រាវបន្តព្រោះឃើញរថយន្តក្រពឹតកាងមុខ និងបែកកង់ខាងឆ្វេងក្រពឹតយ៉ាន់ សង្ស័យថា អាច និងជួបគ្រោះថ្នាក់ច្រើនជាងករណីផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ