ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប៊ីសាអូឌីត

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​, រដ្ឋកា​តា ,​សាធារណរដ្ឋ​តួ​ក​គី​យ៉េ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​, រដ្ឋកា​តា ,​សាធារណរដ្ឋ​តួ​ក​គី​យ៉េ និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ។

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែធ្នូ ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋកា​តា សាធារណរដ្ឋ​តួ​ក​គី​យ៉េ និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា សមាសភាព​គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា រួម​មាន​ឯកឧត្តម អ៊ុ​ច បូរ​រិ​ទ្ធ អនុប្រធាន​ទី​១ ព្រឹទ្ធសភា ទេស​រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​នៃ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​កម្ពុជា ។

សេចក្តី​ប្រកាស​ជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​បណ្ឌិត អាប់​ឌុ​ល​ឡា មហា​ម៉េ​ដ អ៊ី​ប្រា​ហ៊ី​ម អាល់​សេក្ខ ប្រធាន​សភា អា​រ៉ា​ប៊ី​សា​អូឌីត និង​ជាមួយ​ព្រះ​អង្គ​ម្ចាស់ មហា​ម៉េ​ដ ប៊ី​ន សាល​ម៉ា​ន ប៊ី​ន អាប់​ឌុ​ល​ឡា​ហ្ស៊ី​ស អាល់​សូ​ដ នាយក​រដ្ឋមន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត ។

បន្ទាប់​មក​នៅ​រដ្ឋកា​តា សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម ហាស​សាន ប៊ី​ន អាប់​ឌុ​ល​ឡា អាល់​ហ្កា​នី​ម ប្រធាន​សភា​នៃ​រដ្ឋកា​តា និង​ជាមួយ​ឯកឧត្តម សេក្ខ មហា​ម៉េ​ដ ប៊ី​ន អាប់​ឌុ​ល​រ៉ា​ហ្ស​ម៉ា​ន់ ប៊ី​ន ចាស់​ស៊ី​ម អាល​ថា​នី នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​រដ្ឋកា​តា ។

នៅ​សាធារណរដ្ឋ​តួ​ក​គី​យេ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត នូ​ម៉​ង់ គ័​រ​ទុល​មុ​ស ប្រធានរដ្ឋសភា​តួ​ក​គី​យ៉េ និង​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា ការងារ​ជាមួយ​ឯកឧត្តម រេ​ជីប ថា​យ​យ៉ុ​ប អ៊ែ​រ​ដ៏​វ៉ា​ន់ ប្រធានាធិបតី​តួ​ក​គី​យ៉េ ។

ក្រៅពី​នេះ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​សំខាន់​ៗ​ដទៃ​ទៀត​រួម​ទាំង​អញ្ជើញ​ទស្សនា​ទីតាំង​ជា​ប្រវត្តិសាស្ត្រ​របស់​តួ​ក​គី​យ៉េ​ផង​ដែរ ។

ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នៅ​បណ្តា​ប្រទេស​ជា​មិត្ត​ខាងលើ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​សារៈសំខាន់ និង​តួនាទី​កាន់តែ​សកម្ម​នៃ «​ការទូត​សភា​» ដែល​ជា​អាទិភាព​មួយ​នៃ​អាទិភាព​ទាំង​ពីរ​របស់​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា ក្នុង​ការ​រួមចំណែក​ដល់​ការ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​កម្ពុជា​ជាមួយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ជា​គុណប្រយោជន៍​ដល់​ប្រជាជន ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​រីក​ចម្រើន និង​ដើម្បី​សន្តិភាព ស្ថិរភាព និង​សន្តិសុខ ក្នុង​តំបន់ និង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ