ទីក្រុងដាម៉ាស់៖ ចលនាវាយសម្រុករបស់ពួកឧទ្ទាមនៅប្រទេសស៊ីរីហាក់ដូចជាឆាប់រហ័សពេកហើយ។ គិតត្រឹមយប់ថ្ងៃសៅរ៍ ពួកគេវាយដល់តំបន់ខ្សែក្រវាត់រដ្ឋធានីដាម៉ាស់។ នៅពេលសភាពការណ៍វិវត្តលឿនដល់ថ្នាក់នេះ ជនស៊ីវិលរស់នៅក្នុងរដ្ឋធានីកំពុងតែជ្រួលច្របល់ខ្លាំងមែនទែន។ ពួកគេចង់ចាកចេញទៅខាងក្រៅទីក្រុង ឬបង្ហួសដំណើរទៅប្រទេសដទៃទៀត។ ស្ថានភាពនេះស្រដៀងនឹងប្រទេសអាហ្វហ្កានីស្ថានកាលពីឆ្នាំ២០២១នៅពេលពួកតាលីបង់វាយចូលដល់ទីក្រុងកាប៊ុល។
រដ្ឋាភិបាលស៊ីរីបញ្ជាក់ឡើងវិញថាលោកអាល់អាសាតមិនទាន់រត់ទៅណាទេ។ លោកស្ថិតនៅក្នុងរដ្ឋធានីដាម៉ាស់ដដែល។ ប៉ុន្តែការវាយសម្រុករបស់ពួកឧទ្ទាមធ្វើឱ្យជនស៊ីវិលនៅមិនស្រណុកខ្លួនទាល់តែសោះ។ ពួកឧទ្ទាមឃោសនាថាកងទ័ពរដ្ឋាភិបាលរបស់លោកអាល់អាសាតមិនចាំបាច់ច្បាំងគ្នាតទៅទៀតទេ ពួកគេគួរទម្លាក់អាវុធចុះ ហើយចាប់ដៃគ្នាជាមួយឧទ្ទាមតែម្ដងទៅ។ យុទ្ធសាស្ត្រនេះត្រូវក្រុមតាលីបង់អនុវត្តបានជោគជ័យ ហើយចូលកាន់កាប់ទីក្រុងកាប៊ុលយ៉ាងងាយស្រួល។
ពួកឧទ្ទាមវាយលឿនដល់ថ្នាក់នេះព្រោះកងទ័ពរបស់លោកអាល់អាសាតដកថយជាបន្តបន្ទាប់ ទុកឱ្យពួកឧទ្ទាមចូលកាន់កាប់ទីក្រុងធំៗចំនួន២ទៀត។ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិនៅស៊ីរីស្នើសុំឱ្យមានកិច្ចប្រជុំបន្ទាន់នៅទីក្រុងហ្សឺណែវដើម្បីឱ្យការឡើងកាន់អំណាចពីរបប១ទៅរបប១ទៀតធ្វើឡើងដោយសន្តិវិធី។ បើមិនអីចឹងទេ «វប្បធម៌ទឹកឡើងត្រីស៊ីស្រមោច» នឹងកើតឡើង។ ប្រេសិតរូបនេះថ្លែងថាសភាពការណ៍នៅស៊ីរីកំពុងតែប្រែប្រួល១៨០អង្សាត្រឹមតែ១ប៉ប្រិចភ្នែក។
នៅរដ្ឋធានីដាម៉ាស់ មនុស្សធ្វើដំណើរទាំងហ្វូងៗទាំងអារម្មណ៍តក់ស្លុត និងជ្រួលច្របល់។ អ្នកខ្លះសម្រុកទិញស្បៀងអាហារ។ អ្នកខ្លះទៀតសុខចិត្តចំណាយលុយអស់ប៉ុន្មានក៏អស់ទៅដើម្បីសម្រុកធ្វើដំណើរទៅព្រំដែនរវាងស៊ីរី និងលីបង់។ ហាងលក់ទំនិញភាគច្រើនត្រូវបិទទ្វារ។ ហាងខ្លះបើកទ្វារមិនបានប៉ុន្មានផងត្រូវមនុស្សសម្រុកទៅទិញឥវ៉ាន់ឡើងអស់គ្មានសល់។
ជនជាតិស៊ីរីម្នាក់ប្រាប់ថាសភាពការណ៍នៅពេលនេះចម្លែកណាស់។ តាំងពីណាពីណីមក គាត់ពុំដែលជួបប្រទះបែបនេះទេ។ គាត់ប្រាប់ថាអ្នករស់នៅរដ្ឋធានីដាម៉ាស់កំពុងតែជំនុំគ្នាថាតើរដ្ឋាភិបាលសុខចិត្តបើកទ្វារទីក្រុងឱ្យពួកឧទ្ទាមចូលគ្រប់គ្រងតាមសម្រួល ឬក៏ផ្ទុះសង្គ្រាមបង្ហូរឈាមគ្នាកណ្ដាលទីក្រុង? ករណីកងទ័ពឧទ្ទាមវាយសម្រុកដល់តំបន់ខ្សែក្រវាត់រដ្ឋធានីបែបនេះក៏ធ្លាប់កើតមានម្ដងហើយកាលពីឆ្នាំ២០១៨។ ប៉ុន្តែកងទ័ពរបស់លោកអាល់អាសាតអាចវាយរុញច្រានពួកគេទៅវិញ។
តើលោកអាល់អាសាតស្ថិតនៅទីណាឥឡូវនេះ?
មានពាក្យចចាមអារ៉ាមថាលោកអាល់អាសាតបានចាកចេញពីស៊ីរីបាត់ទៅហើយ។ ដំណឹងនេះត្រូវគេបង្ហោះព្រោងព្រាតតាមបណ្ដាញសង្គម។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីរីថ្លែងថាលោកបន្តធ្វើការជាធម្មតានៅរដ្ឋធានីដាម៉ាស់។ ប៉ុន្តែគេគិតថាគាត់ប្រហែលកំពុងទ័លច្រកខ្លាំង មិនដឹងរត់ទៅពឹងនរណាទេ។ ងាកទៅរុស្ស៊ីកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។ ងាកទៅក្រុមហេសបូឡាដែលធ្លាប់បញ្ជូនយុទ្ធជនរបស់ខ្លួនទៅជួយលោកអាល់អាសាត ឥឡូវនេះ ពួកគេមិនអាចជួយអ្វីបានទេ។
ងាកទៅអ៊ីរ៉ង់ក៏អ៊ីរ៉ង់មិនអាចប្រមូលកូនចៅរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាទៅជួយលោកអាល់អាសាតបានឡើយព្រោះចលនាទាំងនោះក៏កំពុងជាប់ដៃធ្វើសង្គ្រាមផងដែរ។ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិចង់ស្នើសុំឱ្យភាគីទាំងអស់អនុវត្តតាមសេចក្ដីសម្រេចកាលពីឆ្នាំ២០១៥ដែលអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន, សរសេររដ្ឋធម្មនុញ្ញថ្មី និងរៀបចំការបោះឆ្នោត។ ប៉ុន្តែគេមិនដឹងថាតើពួកឧទ្ទាមនឹងទទួលយកសំណើនេះដែរឬទេនៅពេលពួកគេកំពុងមានប្រៀបខ្លាំង៕
ចែករំលែកព័តមាននេះ