ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើងក្រុម​ម៉ា​ក់តី(MT)០៦​នាក់ ត្រូវអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

1 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ក្មេង​ទំនើង​ចំនួន ៦​នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​កាន់កាប់…

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ក្មេង​ទំនើង​ចំនួន ៦​នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ ដោយ​គ្មាន​ការ​អនុញ្ញាត ។

យោង​តាម​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១៧​និង​៥០​នាទី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ថា នៅ​ចំណុច​តារាង​បាល់ទះ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មាន​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​ចំនួន​០៦​នាក់ ប្រមូលផ្ដុំ​គ្នា​ដោយ​មានកាំបិត និង​ដុំ​ថ្ម ត្រៀម​បង្កជម្លោះ​ជាមួយ​ក្រុម​ម្ខាង​ទៀត​។ ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន​ភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ដល់ទី​តាំង​ខាងលើ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជា​ក្មេង​ទំនើង ចំនួន​៦​នាក់ ។

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បន្ត​ថា ក្មេង​ទំនើង​ទាំង ៦​នាក់ រួម​មាន ៖
១.​ឈ្មោះ ឡៃ គណ្ណិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
២.​ឈ្មោះ អៀម ចៅ​វាំង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៣.​ឈ្មោះ រ៉ា​ហ៊ូ សាំ​យូ​អែ​ល ហៅ​ក្រៅ សាំ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៤.​ឈ្មោះ ឧត្តម សត្យា ហៅ​ក្រៅ ញ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ
៥.​ឈ្មោះ ងួ​ន សុ​ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៦.​ឈ្មោះ ម៉ៅ ឃុន​ណា​រ៉ា​រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។
ក្មេង​ទំនើង​ទាំង​០៦​នាក់ គឺជា​សមាជិក​ក្រុម MT មានឈ្មោះ​ជា​ភាសា​ខ្មែរ ម៉ា​ក់តី ព្រមទាំង​ដកហូត​វត្ថុ​តាង មាន ៖ កាំបិត និង​ដុំ​ថ្ម ហើយ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដើម្បី​សូរ​នាំ​និង​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ក្រុម​របស់​ពួក​គេ គឺ​មាន​ទំនាស់ ជាមួយ​ក្រុម បេនឡាន និង​ក្រុម KPS (​កំពង់ស្វាយ​) គឺ​តែងតែ​ដេញ​វាយ និង​កាប់​គ្នា​ឱ្យ​តែ​ជួប​គ្នា​។ ហើយ​កាលពី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ ក្រុម​ខ្លួន​កំពុង​តែ​អង្គុយ នៅ​តារាង​បាល់ ម៉ា​ក់តី ដែល​ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរិ​សោភ័ណ ស្រាប់តែ​មាន​ក្រុម​បេនឡាន មាន​គ្នា​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​ទាញ​កាំបិត មក​កាប់​ទៅ​លើ​ឈ្មោះ ថៃ ដែល​ជា​សមាជិក​ក្រុម MT(​ម៉ា​ក់តី​) របស់​ខ្លួន​តែ​មិន​មាន​រង​របួស​ទេ ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ