រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡាដ្ឋានមរតកតេជោ ដែលមានមហាជនចូលរួម ប្រមាណជិត៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះផងដែរ ។
ដើម្បីអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ ដំណើរការទៅដោយរលូន និងជោគជ័យ នារសៀលថ្ងៃទី០៦ ធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយជាមួយស្ថាប័នពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តមនាយឧត្តមសេនី ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម សំហេង បុរស តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា ដែលរកមកបានដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អរគុណសន្តិភាព គឺអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះ ត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគុំតន្ត្រី សម័យ បុរាណ។ ចំពោះការងារសន្តិសុខ ត្រូវតែពង្រឹងអោយបានម៉ឹងម៉ាត់បំផុត ព្រោះពួកជ្រុលនិយម ចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពួកគេនៅតែប៉ុនប៉ង់ជានិច្ច ដែលយើងមិនត្រូវធ្វេសបករហែសបានឡើយ។សន្តិភាពមានតម្លៃណាស់កាត់ថ្លៃមិនបាន សូម្បីតែប្រទេសខ្លះសុខចិត្តកាត់ឱ្យគេដូរយកសន្តិភាពក៏រកមិនទាន់បានផង។សព្វថ្ងៃបណ្ដាប្រទេសលើពិភពលោក គេមកស្វែងយល់ និងយកបទពិសោធន៌ សន្តិភាពនៅកម្ពុជាទៀតផង ។
ក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់នេះ ចំពោះការផ្សព្វផ្សាយ ការតុបតែងត្រូវបានប្រគល់ជូនទូរទស្សន៍បាយ័ន ជាអ្នករៀបចំ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជិត ៥ម៉ឺននាក់ ដូច្នេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់បំផុត ដោយគ្រប់ស្ថាប័ន ត្រូវសហការគ្នាធ្វើអោយបានល្អបំផុតជាមួយនឹងការទទួលខុសត្រូវរៀងៗខ្លួន ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងផងដែរថា បាល់ទាត់នេះ ផ្សារភ្ជាប់ជាមួយសន្តិភាព។ សន្តិភាពបានមកដោយលំបាក ដូច្នេះហើយបានគេយកប្រទេសកម្ពុជាជាគំរូ រហូតគេផ្តល់មេដាយសន្តិភាពជូនកម្ពុជា «សម្ដេចតេជោហ៊ុន សែន» ថែមទៀត ។
ឯកឧត្តមសន្តិបណ្ឌិត បន្តថា ព្រឹត្តិការណ៍បាល់ទាត់នេះ នឹងមានមហាជនចូលរួមជិត ៥ម៉ឺននាក់ ពួកគាត់មកទស្សនា ជាមួយការចែកទឹកបរិសុទ្ធជូនហ្វ្រី។ ការតុបតែង ការសម្តែងសិល្បៈ មុនព្រឹត្តិការណ៍បាល់ទាត់ ត្រូវតែធ្វើឡើងដោយគគ្រឹកគ្រែងបំផុត។ ប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សាយខ្លឹមសារ នៃព្រឹត្តិការណ៍នេះអោយទូលំទូលាយ។ ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ត្រូវរួមគ្នាធ្វើ និងទទួលខុសត្រូវទាំងអស់គ្នា និងសុំអោយបានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តផងដែរ។ ក្រៅពីការងារសន្តិសុខសណ្តាប់ធ្នាប់ ការងាររៀនចំ ចំណត និងការងារអនាម័យ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាមួយនិងការជំរុញអោយក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ថែមល្បឿនកម្លាំងសេវាទូរសព្ទ ដោយសារមនុស្សចូលរួមច្រើន ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក. ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោង អ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី ៕















ចែករំលែកព័តមាននេះ