ខេត្តកែប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកែប បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការតាមស្រាវជ្រាវ ។
ក្រោយបញ្ចប់ការស្រាវជ្រាវ បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ ក្នុងនោះស្ត្រី៥នាក់ នៅក្នុងផ្ទះសំណាក់ ប៉ារ៉ាឌី ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងវត្ថុតាងមួយចំនួនពីបទឆបោកការលក់ទំនិញនៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស ។
លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប បានបញ្ជាក់ឱ្យដឹងថា ការបើកប្រតិបត្តិការបង្ក្រាបខាងលើ គឺមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោកឧត្តម សេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្តខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាសាលាដំបូងខេត្តកែប ។
មកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ មៀច ប៊ុនថា បានដឹកនាំកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកែប សហការជាមួយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មនេះ ។
សម្ភារៈចាប់យករួមមាន រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២Q-០១៣៨ ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JP-០៤១៤ ចំនួន១គ្រឿង ទូរស័ព្ទដៃ១៣គ្រឿង ស្រាបៀរ៥៧កេស បាកាស២យួរ ឧបករណ៍ចាក់ភ្លេងសម្រាប់ដេញសត្វ១កេស ប្រាក់ដុល្លារ៣០១ដុល្លារ ប្រាក់រៀល៥០១.៥០០រៀល និងលោហៈធាតុពណ៌ក្រហមរួមមានខ្សែដៃ១ខ្សែ ក្រវិល១គូ ចិញ្ចៀនដាំត្បូង១វង់ បន្តោងខ្សែកស្រោបព្រះ១ ។
ពាក់ព័ន្ធករណីឆបោកប្រាក់តាមរយៈការលក់ទំនិញទៅឱ្យជនរងគ្រោះឈ្មោះ ឃុន សុខនី ភេទស្រី អាយុ៣៨ឆ្នាំ ជាអាជីវករ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប អស់ទឹកប្រាក់សរុបចំនួន៧.២០០.០០០រៀល និងក្រវិលកំប៉ុងសម្រាប់ប្តូរយករង្វាន់ចំនួន២៦កេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក ។
តាមការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំងអស់បានសារភាពថា ក្រុមរបស់ខ្លួនពិតជាបានដើរឆបោកតាមរយៈការលក់ទំនិញ នៅតាមបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេសពិតប្រាកដមែន ។ ជនសង្ស័យទាំង១២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកែប កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ។
តាមឯកឧត្តម ខាន់ សុផល ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្តកែប បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានឱ្យដឹងនៅរសៀលថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៤ ថា ក្រុមជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកដល់ស្ថាប័នអយ្យការហើយ និងកំពុងតែធ្វើការសួរនាំ ដើម្បីចាត់ការបន្តភ្លាមៗតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ