ទីក្រុងញូយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ្គូតេរ៉េ អំពាវនាវឱ្យភាគីជម្លោះនៅប្រទេសស៊ីរីជួយសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ចែកជូនជនស៊ីវិលដែលកំពុងត្រូវការអាហារជាបន្ទាន់។ ចំណុច១ទៀត លោកក៏សូមអំពាវនាវផងដែរឱ្យភាគីជម្លោះទទួលយកអង្គការសហប្រជាជាតិធ្វើជាអ្នកសម្របសម្រួលដើម្បីបិទបញ្ចប់ជម្លោះប្រដាប់អាវុធ។
ការថ្លែងដូច្នេះបន្ទាប់ពីពួកឧទ្ទាមដែលប្រឆាំងនឹងរបបដឹកនាំរបស់លោកអាល់អាសាតបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលចំថ្ងៃអនុវត្តកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅប្រទេសលីបង់។ មូលហេតុដែលពួកឧទ្ទាមឆ្លៀតឱកាសនេះព្រោះពួកគេលែងសូវខ្វាយខ្វល់ពីសម្ពាធយោធារបស់ហេសបូឡា ឬអ៊ីរ៉ង់ដែលជាអ្នកគាំទ្រលោកអាល់អាសាត។
សង្គ្រាមត្រឹមតែរយៈពេលប៉ុន្មានថ្ងៃនេះបានឆក់យកជីវិតមនុស្សរាប់រយនាក់ទាំងទាហាន និងជនស៊ីវិល។ ប៉ុន្តែពួកឧទ្ទាមអាចវាយដណ្ដើមយកបានទីក្រុងអាឡេប៉ូ (Aleppo) និងអ៊ីតលីប (Idlib) ដោយគ្មានការប្រទាំងប្រទើសគ្នាជាដុំកំភួនទេពីកងទ័ពរបស់លោកអាល់អាសាត។ នៅក្នុងឱកាសនេះ លោកហ្គូតេរ៉េសូមអំពាវនាវទៅគ្រប់ភាគីដែលមានឥទ្ធិពលនៅក្នុងការដោះស្រាយបញ្ហានេះសូមចូលរួមចំណែកតិចឬច្រើនដើម្បីគិតគូរទៅដល់ប្រជាជនដែលរងគ្រោះនៅប្រទេសស៊ីរី។
លោកថ្លែងថាគ្រប់ភាគីទាំងអស់ត្រូវតែមានកាតព្វកិច្ចការពារជនស៊ីវិល។ លោកសង្កេតឃើញថាជនស៊ីវិលរហូតដលរាប់ម៉ឺននាក់ប្រឈមនឹងបញ្ហាគ្រប់យ៉ាងនៅក្នុងតំបន់ដែលកំពុងកើតមានសង្គ្រាមយ៉ាងផុលផុស។ នេះជាអ្វីដែលលោកថ្លែងប្រាប់អ្នកសារព័ត៌មាន។ យើងសម្លឹងឃើញថាផលចាប់ផ្ដើមកើតមានជាបណ្ដើរៗហើយ មិនមែនផលល្អទេ ប៉ុន្តែជាផលអាក្រក់ដែលកើតចេញពីបរាជ័យនៃការអនុវត្តតាមកិច្ចព្រមព្រៀងកាលពីមុនស្ដីពីការបន្ធូរបន្ថយភាពតានតឹងនៅប្រទេសស៊ីរី។
កិច្ចព្រមព្រៀងនេះមានគោលដៅធ្វើឱ្យមានបទឈប់បាញ់ដ៏ពិតប្រាកដមួយសម្រាប់ប្រទេសជាតិ ឬនិយាយម៉្យាងទៀតថាជាការអនុវត្តតាមកិច្ចព្រមព្រៀងនយោបាយដើម្បីពង្រឹងការអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ព័ត៌មានចុងក្រោយបង្ហាញថាពួកឧទ្ទាមវាយយកបានទីក្រុងហាម៉ា (Hama) មួយទៀតហើយកាលពីថ្ងៃព្រហស្បតិ៍។ អាចចាត់ទុកថានេះជាជោគជ័យដ៏សំខាន់១បន្ទាប់ពីពួកគេវាយប្រហារទ្រង់ទ្រាយធំរយៈពេល១សប្ដាហ៍ចុងក្រោយទៅលើតំបន់ភាគខាងជើង៕
ចែករំលែកព័តមាននេះ