ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បំណុល​តាម​អន​ឡាញ​កាន់តែ​ក្លាយជា​បញ្ហា​សំខាន់​ក្នុង​ប្រទេស ដែល​ប៉ះពាល់​ដល់​បុគ្គល ក្រុម​គ្រួសារ និង​សហគមន៍​កាន់តែ​ច្រើន គ្រាន់តែ​មិន​មាន​តួរ​លេខ​បញ្ជាក់ ។ ការ​រីកសាយ​ភាយ​នៃ​ក្រុម​អ្នក​ដែល​ប្រកាស​ផ្តល់​សេវា​ប្រាក់​កម្ចី​តាម​អន​ឡាញ នៅ​តែ​បន្ត​គឃ្លើន ដែល​ជំរុញ​ដោយ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត…

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បំណុល​តាម​អន​ឡាញ​កាន់តែ​ក្លាយជា​បញ្ហា​សំខាន់​ក្នុង​ប្រទេស ដែល​ប៉ះពាល់​ដល់​បុគ្គល ក្រុម​គ្រួសារ និង​សហគមន៍​កាន់តែ​ច្រើន គ្រាន់តែ​មិន​មាន​តួរ​លេខ​បញ្ជាក់ ។ ការ​រីកសាយ​ភាយ​នៃ​ក្រុម​អ្នក​ដែល​ប្រកាស​ផ្តល់​សេវា​ប្រាក់​កម្ចី​តាម​អន​ឡាញ នៅ​តែ​បន្ត​គឃ្លើន ដែល​ជំរុញ​ដោយ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត និង​កំ​ណើ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត គួប​ផ្សំ​នឹង​ការ​ស្រែក​ឃ្លាន​សាច់ប្រាក់​នៅ​ពេល​ជីវភាព​ម​មាន​បញ្ហា ។

មក​ដល់​ពេល​នេះ ក្រុម​ដែល​កំពុង​តែ​ផ្តល់​សេវាកម្ម​ផ្តល់​ប្រាក់​កម្ចី​តាម​អន​ឡាញ​ទាំងនេះ ហាក់​កំពុង​តែ ទទួល​បាន​ប្រជាប្រិយភាព នៅ​ក្នុង​ប្រទេស​គួរសម​ដោយសារ​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​ទទួល​លុយ ពោល គឺ​ត្រឹមតែ​៥​នាទី លុយ​ត្រឹម​៥០០​ទៅ​១០០០​ដុល្លារ ឬ​អាច​ច្រើន​ជាង​នេះ​ក៏​ថា​បាន ។ មិន​ដូច​ធនាគារ​ស្ថាប័ន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​ឡើយ កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​តាម​អន​ឡាញ​ទាំងនេះ ផ្តល់​ប្រាក់​កម្ចី​ដោយ​មិន​ចាំបាច់​មាន​ឯកសារ​ទូលំទូលាយ វត្ថុ​បញ្ចាំ ឬ​ការ​ទៅ​ជួប​ជាមួយ​ស្ថាប័ន​ណាមួយ​ឡើយ ។ អ្នក​ខ្ចី​អាច​ទទួល​បាន​សាច់ប្រាក់ ដោយ​ការ​ចុច​តែ​ពីរ​ទៅ​បី​ដង​នៅ​លើ​ទូរស័ព្ទ​វ័យឆ្លាត របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​សេវាកម្ម​ទាំងនេះ​មាន​ភាព​ទាក់ទាញ​ជា​ពិសេស ។

លើស​ពី​នេះ យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​សកម្ម​ដែល​ប្រើ​ដោយ​ក្រុម​អ្នក​ផ្តល់​ប្រាក់​កម្ចី​តាម​អន​ឡាញ​ទាំងនេះ​ជំរុញ​ឱ្យ​មានការ​ទទួលយក​សេវាកម្ម​របស់​ពួក​គេ គឺ​ការ​ដើរ​ចុច​លេខ​ទូរស័ព្ទ​រាវ​ព្រាវ​យក​អតិថិជន​តែ​ម្តង ។ ពួក​គេ​មាន​ក្រុមការងារ​ដើរ​ទំនាក់ទំនង​តាម​ទូរស័ព្ទ ដើរ​បិទ​ការ​ផ្សាយពាណិជ្ជកម្ម​តាម​ផ្ទះ តាម​ទីកន្លែង​សាធារណៈ​នានា រួម​ទាំង​ការ​ផ្សាយពាណិជ្ជកម្ម យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការ​ផ្ញើ​សារ​បញ្ចុះបញ្ចូល​បុគ្គល​គោលដៅ​ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ផ្សព្វផ្សាយ​សារ​បំភាន់​ផ្សេង​ៗ​ដើម្បី​បញ្ជាក់​អំពី​សេវាកម្ម​ពួក​គេ ។

ជា​ការ​ពិត​លុយ និង​អ្នក​ដែល​អត់​លុយ និង​អ្នក​ដែល​ត្រូវការ​វា​ប្រៀប​បាន​នឹង​ខ្លា​ដែល​កំពុង​តែ​ស្រេកឃ្លាន ហើយ​ជួប​ប្រទះ​សាច់​ដ៏​ស្រស់​ដូច្នេះ​ដែរ ។ ខណៈ​ពេល​ដែល​ការ​ទទួល​បាន​ប្រាក់​កម្ចី​តាម​អន​ឡាញ​វា​មាន​ភាព​ងាយស្រួល តែ​វា​តែងតែ​បង្កើត​ការ​លំបាក​រយៈពេល​វែង ។ ផលវិបាក​ទាំងនោះ គឺថា​ជា​ទូទៅ​អត្រា​ការ​ប្រាក់​របស់​វា គឺ​ខ្ពស់ និង​មាន​ថ្លៃ​សេវា​លាក់កំបាំង​ជា​ច្រើន​ដែល​នាំ​ទៅ​ដល់​វដ្ត​នៃ​បំណុល​ដោយ​ធ្វើ​អោយ អ្នក​ដែល​ផុងខ្លួន​ជា​ច្រើន​មិន​អាច​គ្រប់គ្រង​បាន ។ ជា​ទូទៅ​អ្នក​ខ្ចី​អាច​ដក​ប្រាក់​កម្ចី​បន្ថែម ដើម្បី​សងបំណុល​ដែល​មាន​ស្រាប់​ដោយ​ដាក់​អន្ទាក់​ពួក​គេ​នៅ​ក្នុង​វដ្ត​បំណុល​ដ៏​កាច​សាហា​.​វ​បំផុត ។

នៅ​ក្នុង​សហគមន៍​ជនបទ ដែល​អត្រា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទាប​ពួក​គេ​កាន់តែ​មាន​ហានិភ័យ​។ បងប្អូន​ប្រជាពលរដ្ឋ​ប្រហែលជា​មិន​យល់​ច្បាស់​អំពី​លក្ខខណ្ឌ​នៃ​ប្រាក់​កម្ចី​របស់​ពួក​គេ​ទេ ដែល​ទុក​ឱ្យ​ពួក​គេ​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​អនុវត្ត​ដែល​គួរ​ឱ្យ​ខ្លាច​។ សម្ពាធ​ក្នុង​ការ​សង​ប្រាក់​កម្ចី​អាច​បណ្តាល​ឱ្យ​មាន​ភាព​តានតឹង​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​នាំ​ដល់​ការ​បែកបាក់​គ្រួសារ និង​សូ​ម្បី​តែ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​ឫ​ប្រឈម​នឹង​បញ្ហា ឃោរឃៅ​ផ្សេង​ៗ​ជា​ច្រើន​រូបភាព​។ ការ​កើនឡើង​នៃ​បំណុល​តាម​អន​ឡាញ​បាន​កំពុង​តែ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​សង្គម​យ៉ាង​ជ្រាលជ្រៅ ។ បញ្ហា​ទាក់ទង​នឹង​បំណុល​ច្រើន​តែ​នាំ​ឱ្យ​មានការ​មាក់ងាយ និង​ភាព​អាម៉ាស់​ដោយសារ​ការ​ខ្ចី​លុយ​មាន​លក្ខណៈ​រសើប​ក្នុង​សង្គម ។ គ្រួសារ​ដែល​មាន​បំណុល​អាច​ប្រឈម​មុខ​នឹង​ការ​រិះគន់ ឬ​ការ​ឃ្លាតឆ្ងាយ​ពី​សហគមន៍​របស់​ពួក​គេ​ដែល​ធ្វើ​អោយ​ផ្លូវចិត្ត​របស់​ពួក​គេ​កាន់តែ​អាក្រក់ ។

មក​ដល់​ពេល​នេះ កម្ចី​តាម​អន​ឡាញ​នេះ ប្រហែលជា​មិនធម្មតា​ទេ នៅ​ក្នុង​សង្គម​ដែល​ស្ថាប័ន​ជំនាញ​គួរតែ​ស្រាវជ្រាវ​តាម​វិទ្យាសាស្ត្រ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ឲ្យ​ឆ្លើយ​តប​នឹង​បញ្ហា​ឲ្យ​ចំ ។ មក​ដល់​ពេល​នេះ​យើងខ្ញុំ​ជឿជាក់​ថា នរណា​ក៏​ដូច​ជា នរណា​ដែរ គឺ​ច្បាស់​ជា​ធ្លាប់​ទទួល​បាន​សារ​ធ្លាប់​បានឃើញ​សេវាកម្ម​កម្ចី​អន​ឡាញ​ទាំងនេះ ហើយ​ជា​ពិសេស​នោះ គឺ​ក្រុម​បុគ្គល​ដែល​ទំនាក់ទំនង​ទូរស័ព្ទ​មក​យើង​ផ្ទាល់​ៗ​តែ​ម្តង ។

តាម​របាយការណ៍​របស់​ធនាគារជាតិ​បាន​ឲ្យ​ដឹង​ថា ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា​មាន​អ្នក​ជាប់បំណុល​ធនាគារ​សរុប ជិត​៥​លាន​នាក់ ពី​ម្ចាស់​កម្ចី​ដែល​ជា​ធនាគារពាណិជ្ជ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ស្របច្បាប់​នានា ប្រមាណ​ជា​១៩៤ ស្ថាប័ន ប៉ុន្តែ​កម្ចី​អន​ឡាញ​មិន​មាន​តួរ​លេខ​ឡើយ ។ នៅ​ពេល​នេះ កម្ពុជា​នៅ​តែ​បន្ត​ចាត់​ទុក​ក្រុម​កម្ចី​អន​ឡាញ​ទាំងនោះ​ថា​ជា​ក្រុម​អ្នក​ចងការ​ក្រៅ​ប្រព័ន្ធ ។

នៅ​ក្នុង​ករណី​ដែល​យើង​ចេះ​តែ​សម្ងំ​ហើយ​ធ្វើ​សកម្មភាព​ឆ្លើយ​តប​ប្រយោល​ៗ​ដូច​ជា សព្វថ្ងៃ តាម​រយៈ​កិច្ចប្រជុំ កា​រៀបចំ​សិក្ខាសាលា ការ​ផ្សព្វផ្សាយ​ដែល​មាន​ដែល​កំណត់​ដូច​តែ​សព្វ​ថ្ងៃនេះ​យើងខ្ញុំ​ជឿជាក់​ថា វា​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​សង្គម​ងងឹត​ដែល​កំពុង​តែ​ដំណើរការ​សេវាកម្ម​កម្ចី​អន​ឡាញ​នេះ​ទេ ។

យើង​ដឹង​ថា នៅ​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​សមាគម​ធនាគារ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន គឺ​សុទ្ធតែ​បាន​ទទួលស្គាល់​បញ្ហា​ដែល​កំពុង​កើនឡើង​នៃ​បំណុល​អន​ឡាញ និង​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​សហគមន៍ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សារ​ស្រាវជ្រាវ​ច្បាស់លាស់​អំពី​វា​ដូច​ជា នៅ​មិន​ទាន់​បានឃើញ ស្រប​ពេល​ដែល​វិធានការ​និយតកម្ម ដើម្បី​ត្រួតពិនិត្យ និង​គ្រប់គ្រង​ប្រតិបត្តិការ​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​អន​ឡាញ​នេះ​ក៏​ទំនងជា​មិន​ទាន់​ឃើញ​ជាក់លាក់​ក្រៅពី​ការ​រៀបចំ​ការ​ពិភាក្សា និង​ចេញ​ការ​ជូនដំណឹង​ខ្លះ​ៗ​។

យើង​គួរតែ សិក្សា​មួយ​អោយ​ស៊ីជម្រៅ ហើយ​ដាក់​ចេញ​វិធានការ​មួយ​ដ៏​ត្រឹមត្រូវ ។ បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​អាច​កាន់តែ​ធ្លាក់​នៅ​ក្នុង​អន្ទាក់​នៃ​បំណុល​អន​ឡាញ​នេះ​កាន់តែ​ច្រើន​ជាប់​ពិបាក​រើ​បម្រាស់​ខ្លួន​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ