ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ ​ទស្សនកិច្ច​នៅ​ចិន ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា-​ចិន ដែល​ឈាន​ដល់​ដំណាក់កាល​ថ្មី

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​បាន​ធ្វើ​បញ្ជាក់​ថា ​ការ​ធ្វើ​ទស្សនកិច្ច ​នៅ​ប្រទេស​ចិន ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ…

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​បាន​ធ្វើ​បញ្ជាក់​ថា ​ការ​ធ្វើ​ទស្សនកិច្ច ​នៅ​ប្រទេស​ចិន ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​ប្រទេស​កម្ពុជា ​និង​ចិន ​ដែល​ដែល​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយទៀត ​។

ការ​លើក​ឡើង​របស់សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ជាមួយ ឯកឧត្តម ចាវ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​វិមាន​សភា​តំណាង​ប្រជាជន រដ្ឋធានី​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ព្រឹកថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ​។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ZHAO Leji បាន​សំដែង​ នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​សម្ដេច​តេ​ជោ និង​គណៈប្រតិភូ​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​ចិន ក្នុង​ឋានៈ​សម្ដេច​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា ​។

ឯកឧត្តម បាន​គូសបញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Xi Jinping និង​សម្តេច ប្រទេស​ចិន និង​កម្ពុជា​បាន​បន្ត​អនុវត្ត​នៅ​កិច្ចព្រមព្រៀង ​នៃ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម ដែល​មានគុណ​ភាពខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ​ក្នុង​យុគសម័យ​ថ្មី ហើយ​ទន្ទឹម​នេះ​ ក៏​រួមចំណែក​ផង​ដែរ ​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​ ។

ឯកឧត្តម បាន​បន្ត​ថា ទស្សនកិច្ច​មិត្តភាព និង​ជា​ផ្លូវការ​របស់​សម្តេច ជា​ពិសេស ជំនួប​កំពូល​របស់​សម្តេច ជាមួយ​ប្រធានាធិបតី Xi Jinping និង​ជំនួប​នា​ពេល​ព្រឹក​នេះ នឹង​អនុញ្ញាត​ឱ្យ​ប​ញ្ជូ​ល​កម្លាំង​ថ្មី ដើម្បី​អនុវត្ត​គំនិត​ថ្មី និង ផែនការ​សកម្មភាព​កសាង​សហគមន៍ ​ជោគវាសនា​រួម​ ឱ្យ​កាន់តែ​មាន​ល្បឿន​លឿន​ថែម​ទៀត ​។

នា​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ឯកឧត្តម​ ZHAO Leji ចំពោះ​ការ​ទទួល​សម្តេច និង​គណៈប្រតិភូ យ៉ាង​កក់ក្តៅ ហើយសម្តេច​បាន​សំដែង​ នូវ​ក្តី​រីករាយ ​ដែល​បាន​ជួប ឯកឧត្តម សារ​ជា​ថ្មី ក្នុង​នាម​ប្រធាន​ព្រឹទ្ធសភា បន្ទាប់​ពីជំនួប​នៅ​ក្នុង​ឱកាស​វេទិកា Boao ​កាលពីដើម​ឆ្នាំ​នេះ ដែល​នៅ​ពេល​នោះ ក្នុង​នាម​សម្តេចជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖ “​ទស្សនកិច្ច​របស់​សម្តេច​នៅ​ពេល​នេះ មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​ប្រទេស​កម្ពុជា និង​ចិន ដែល​ឈាន​ដល់ដំណាក់កាល​ថ្មី ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រង់ជ្រោយ ជា​មិត្ត​ដែកថែប និងកិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​” ​។

សម្តេច​តេ​ជោ បាន​បន្ត​ថា ជោគជ័យ​ នៃ​ទំនាក់ទំនង​របស់​យើង ឈរ​លើ​ការ​អនុវត្ត​ជាក់ស្តែង មិនមែន​ឈរ​លើ​ការ​និយាយ​ទេ ក្រោម​ការ​ជំរុញ ​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ​។

សម្តេចបាន​បន្ថែម​ថា មិត្ត​ចិន មិន​ត្រឹមតែ​ជា​បង្អែក​របស់​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ថែម​ទាំង​ពង្រឹង​ឯករាជ្យ​ភាព​កម្ពុជា​ ខាង​នយោបាយ ប្រឈម​នឹង​សភាពការណ៍​សកលលោក​ ដែល​ប្រែ​ល​ប្រួល​យ៉ាង​ឆាប់រហ័ស និង​ស្មុគស្មាញ ​។

សម្តេច​តេ​ជោ លើក​ឡើង​ថា សម្តេច​ពិតជា​រីករាយ​ ដែល​បាន​ជួប ឯកឧត្តម ​Xi Jinping និងឯកឧត្តម Wang Huning ជា​ថ្មី ដែល​ជាជំនួប​យុទ្ធសាស្ត្រ​បន្ទាប់​ពី​សម្តេច បាន​ផ្ទេរអំណាច​ដឹកនាំ​ទៅ​អ្នក​បន្តវេន ​។

សម្តេច​តេ​ជោ មាន​មោទនភាព ដែល​បាន​ដោះស្រាយ នូវ​ការ​ផ្ទេរអំណាច ដឹកនាំ​យ៉ាង​រលូន​ទៅ​អ្នកដឹកនាំ​ជំនាន់​ថ្មី ដែល​បាន​ធ្វើ​សកម្មភាព​យ៉ាង​លឿន​។ ការ​សុខចិត្ត​ផ្ទេរអំណាច​របស់​សម្តេច​នេះ គឺ​ប្តូរ​នឹង​សន្តិភាព​រយៈពេល​វែង​។ ក្រោម​ការ​ដឹកនាំ​របស់​អ្នកដឹកនាំ​ជំនាន់​ថ្មី​ចំណងមិត្តភាព​កម្ពុជា​-​ចិន មិន​មានការ​ផ្លាស់​ប្តូរ​ទេ ផ្ទុយ​ទៅ​វិញ ថែម​ទាំង ពង្រឹង​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ស្រប​នឹងការ​ចុះហត្ថលេខា​លើ​សហគមន៍​ជោគវាសនា​រួម និងការ​រីក​ចម្រើន​រួម​គ្នា​ ។

សម្តេច​តេ​ជោ បាន​ជម្រាប ឯកឧត្តម ZHAO Leji ថា ជា​ប្រធាន​ព្រឹទ្ធសភា សម្តេច​បាន​កំណត់​គោលដៅ​អាទិភាព​ពីរ គឺ​ការ​លើកតម្កើង​ការទូត​សភា តាម​រយៈ​ជំនួប​របស់​សម្តេច​ជាមួយនឹង​ថ្នាក់ដឹកនាំ​បរទេស និង​ទស្សនកិច្ច​របស់​សម្តេច​នៅ​បរទេស និងការ​ធ្វើ​គណនេយ្យ​ភាព​ចំពោះ​មុខ​អង្គ​បោះ​ឆ្នោត ដោយ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ចុះ​ធ្វើការ​ជាមួយនឹង​សមាជិក ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំងអស់​ ។

សម្តេច​តេ​ជោ បាន​អបអរ​សារ​ទរ ​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​សភា​តំណាង​ប្រជាជន​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយបាន​ថ្លែងអំណរគុណ ឯកឧត្តម ZHAO Leji ដែល​គាំទ្រ​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​គណបក្ស និង​ក្របខ័ណ្ឌ​សភា​។ ឆ្លៀតឱកាស​នោះ សម្តេច​តេ​ជោ បាន​គោរព​អញ្ជើញ ឯកឧត្តម ZHAO Leji មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ពេល​សម​ស្រប​ខាង​មុខ ​។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម ZHAO Leji បាន​បញ្ជាក់​ថា ឯកឧត្តម បាន​ស្តាប់​មតិ​របស់​សម្តេច ដោយ​យកចិត្តទុកដាក់​យ៉ាង​ហ្មតចត់ និង​ឯកភាព​ទាំង​ស្រុង ​ចំពោះ​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ពាក់ព័ន្ធ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។ ការ​ប្រា​ស័​យ​ទាក់ទង និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​រវាង​កម្ពុជា​-​ចិន គឺ​ដូច​ជា​គ្រួសារ​តែ​មួយ និង​ជា​មិត្តភាព​ ដែល​មិន​អាច​បំបែកបំបាក់​បាន​ឡើយ​ ។

ឯកឧត្តម បាន​បន្ថែម​ថា សម្តេច​តេ​ជោ បាន​ផ្តល់​យុត្តិធម៌ ចំពោះ​ការ​ការពារ​ផលប្រយោជន៍​ស្នូល កម្ពុជា​-​ចិន ដែល​បាន​កសាង​មូលដ្ឋាន​ទំនាក់ទំនង និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​។ ប្រទេស​ចិន គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុ​ច​ជា ឱ្យ​កាន់​អំណាច​រយៈពេល​វែង​ ។

ឯកឧត្តម បាន​លើក​ឡើង​ពី​ការ​បន្ស៊ី​គ្នា​រវាង គំនិត​ផ្តួចផ្តើម​ផ្លូវ​និង​ខ្សែក្រវាត់ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និងការ​សម្រេច​កសាង​ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម ច្រករបៀង​មច្ឆា និង​អង្ករ ដោយ​ចិន​នឹង​បញ្ជូន​ក្រុមហ៊ុន​ជា​ច្រើន​មក​កម្ពុជា ជា​ពិសេស នៅ​ក្នុង​វិស័យ​ នៃ​ការ​អភិវឌ្ឍ​បៃតង បច្ចេកវិទ្យា​ឌី​ជី​ថ​ល​។

ឯកឧត្តម បាន​លើក​ឡើង​ថា ចិន និង​កម្ពុជា បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ស៊ី​វិល និង​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ជំរុញ​ឱ្យ​យុវជន​វ័យក្មេង និងប្រជាជន​ទាំង​ពីរ​ស្គាល់គ្នា ការ​បង្ក្រាប​បទល្មើស និង​ឧក្រិដ្ឋកម្ម​អន​ឡាន ការ​ផ្សព្វ ផ្សាយ​ព​ត៌​មាន​អវិជ្ជមាន ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ប្រទេស​យើង​ទាំង​ពីរ​ ។

ឯកឧត្តម បាន​ជម្រាប សម្តេច​តេ​ជោ​ថា ក្រោម​ការ​អនុញ្ញាត​ពី​ឯកឧត្តម Xi Jinping ឯកឧត្តម បាន​រៀបចំ​ជប់លៀង​ថ្វាយ​ព្រះមហាក្សត្រ និងសម្តេចម៉ែ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ទាំង​ទ្វេ​យាង​មក​ពិនិត្យ​សុខភាព ហើយ ឯកឧត្តម បាន​ទទួល​ដំណើរ​ទស្សនកិច្ច​របស់សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា កាលពី​ខែកញ្ញា​កន្លង​ទៅ​នេះ​ ។

សភា​តំណាង​ប្រជាជន​ចិន បានចុះ MoU ជាមួយ​រដ្ឋសភា​កម្ពុជា នៅ​ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋសភា​ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ត្រៀម​សហការ​ជាមួយនឹង​ព្រឹទ្ធសភា​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រធាន លើ​គ្រប់​វិស័យ និងការ​កសាង​សហគមន៍​ជោគវាសនា​រួម ​។

ឯកឧត្តម បាន​អរគុណ និងទទួលយក​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ដោយ​ក្តី​រីករាយ ក្នុង​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុង​ពេល​សម​ស្រប​ខាង​មុខ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ