លោកអ្នកដឹងទេ? អ្នកជំនាញផ្នែករុក្ខជាតិនៅកម្ពុជាអះអាងថា ផ្ការាំទឹករាំមិនមែនជាឈ្មោះរុក្ខជាតិនោះទេ ហើយក៏មិនមានពិតនោះដែរ គឺមានតែនៅក្នុងរឿងព្រេងនិទានតែប៉ុណ្ណោះ ។
រឿង «ផ្ការាំទឹករាំ» ធ្លាប់ជារឿងបែបប្រលោមលោក អាភីនិហាដ៏ល្បីមួយក្នុងចំណោមរឿងនិទានប្រជាប្រិយដទៃទៀតនៅស្រុកខ្មែរ ដោយត្រូវបានបោះពុម្ភជាសៀវភៅលក់តាមបណ្ណាគារ និងត្រូវបានយកទៅថតជាខ្សែភាពយន្តថែមទៀតផង ។
ថ្មីៗនេះ នៅខេត្តកំពតមានការចែកចាយតាមបណ្តាញសង្គមតៗគ្នាថា ប្រទះឃើញផ្ការាំទឹករាំ នៅក្នុងល្អាងភ្នំសេដាអោន ឬភ្នំក្បាលរមាស ឃុំត្រពាំងព្រីង ស្រុកទឹកឈូ រហូតផ្អើលដល់អាជ្ញាធរចុះទៅពិនិត្យ និងចុះផ្សាយព្រោងព្រាតតាមបណ្តាសារព័ត៌មានតូចធំ។
ដើម្បីចៀសវាងការហៅច្រឡំ អ្នករុក្ខវិទូ លោក សុខ វិជ្ចា បានចេញមកអំពាវនាវតាមបណ្តាញសង្គមដោយសំណូមពរដល់មហាជនថា« ឈប់បានឈប់ទៅ ផ្ការាំទឹករាំមិនមែនជាឈ្មោះរុក្ខជាតិទេ ហើយក៏មិនមែនមានពិតនោះដែរ គឺគ្រាន់តែជារឿងប្រលោមលោកភាពយន្តប៉ុណ្ណោះ ។
តាមរយៈផេក «ជីវចម្រុះនៅប្រទេសកម្ពុជា» លោក សុខ វិជ្ចា បានអះអាងថា ផ្ការាំទឹករាំ ដែលគេកំពុងល្បី និងហៅដោយការយល់ច្រលំតៗគ្នានេះ គឺមានឈ្មោះផ្លូវការថា «បល្ល័ង្គ នពារក្ស» ហើយរុក្ខជាតិមួយនេះ ក៏ត្រូវបានហៅឈ្មោះខុសៗគ្នាទៅតាមតំបន់ ដូចជា «ប្រទាល១០០គុណ» និង «ព្រះ១០០»ជាដើម ។
បល្ល័ង្គ នពារក្ស គឺជាប្រភេទបរាសិតជាតិម្យ៉ាង ដែលច្រើនរស់នៅ និងអាស្រ័យលើរុក្ខជាតិដទៃជាអ្នកជួយចិញ្ចឹមជីវិតពួកវាដោយការស្រូបយកសារធាតុចិញ្ចឹមតាមប្រព័ន្ធ ឬសពីរុក្ខជាតិដ៏ទៃ ដែលមានប្រភពនៅប្រជុំកោះបូណេអូ,កោះស៊ូម៉ាត្រា, ឡាវ ,ម៉ាឡេស៊ី, ,ថៃ, វៀតណាម និង កម្ពុជា។
បល្ល័ង្គ នពារក្ស ជាភូតគាម មានដើមសណ្ឋានដូចផ្កាខ្នុរ ប៉ុន្តែមានពណ៌ស្រស់ជាង និងមានទំហំដើមតូចជាងផ្កាខ្នុរ ដែលមានកម្ពស់ប្រហែល ៦-៨សម ។ តួរដើមមានសណ្ឋានលូតលាស់មិនត្រង់ ដុះក្នុងដីដែលមានប្រវែង ២-៣សម ស្លឹកមានទំហំតូចល្អិត លូតឆ្លាស់គ្នា និងមានចំនួនប្រហែល ៣-៦គូរ ក្នុងមួយដើម, ផ្កាច្រើនលូតចេញជាគុម្ភ មានពណ៌លឿងស្រាល ហើយផ្កាទាំងនេះមានកេសរញីឈ្មោលនៅលើតួរដើមផ្សេងគ្នា , គុម្ភផ្កាចាស់ ច្រើនមានសំណំគុម្ភផ្កាលូតច្រើននៅជុំវិញគុម្ភរបស់វាត្រឹមៗដី ដែលជាទូទៅមានចំនួនប្រហែលចាប់ពី១០ផ្កាឡើង ។
គុម្ភផ្កាឈ្មោលមានសណ្ឋានវែង និងមានរាងស្ទើរការ៉េ ដែលមានប្រវែងចន្លោះពី៣-១០សម និងទទឹង២-៦សម ជាមួយទងផ្កាមានប្រវែងចន្លោះពី ៧-១០មីលីម៉ែត្រ ។ តួផ្កាមានរាងជាកំពូលមុំស្រួច ឬរាងមូលទ្រវែង ដូចក្រពុំឈូក ដែលមានប្រវែងប្រហែល៥មីលីម៉ែត្រ ។ ផ្កាបល្ល័ង្គនពារក្ស មានចំនួនច្រើនដែលរីកក្នុងទងតែមួយ នៅលើតួរផ្កានីមួយៗមានត្របកប្រហែល ៤-៥ស្រទាប់ មានពណ៌លឿងស្រាល និងមានទងកេសរឈ្មោលចំនួន ៤-៥ទង ដែលលូតស្របតាមបណ្តោយនៃទងផ្កា ។ តួផ្កាឈ្មោលច្រើនមានរាងសំប៉ែត្រជ្រុង មានប្រវែងចន្លោះពី ២.៥ – ៥មីលីម៉ែត្រ ផ្នែងទងកេសរក្រោមមានរាងដូចក្រចកសេះ ។
ចំណែកគុម្ពផ្កាញីមានរាងពងក្រពើ បើមើលពីចម្ងាយមានសណ្ឋានដូចស៊ុត តួផ្កាមានពណ៌ក្រហមត្នោត ឬ ក្រហម និងមានប្រវែងចន្លោះពី ១-៦សម ទទឹង ១-៤សម ដែលមានផ្កាតូចៗរីកនៅលើកន្សោមទងតែមួយ ។
នៅប្រទេសកម្ពុជាយើង ដើមផ្កាបល្ល័ង្គនពារក្ស មានវត្តមាននៅតាមតំបន់ព្រៃធំស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់ព្រៃដែលមានសំណើមខ្ពស់ ក្នុងរយៈកម្ពស់រហូតដល់ចាប់ពី ២០០-១៥០០ម ពីនេវូទឹកសមុទ្រ។ រដូវផ្ការីកគឺស្ថិតនៅចន្លោះខែ វិច្ឆិកា ដល់ កុម្ភៈ ។
នៅប្រទេសកម្ពុជាយើង ផ្កាបល្ល័ង្គនពារក្សនេះ ពុំទាន់មានការសិក្សាណាមួយដែលនិយាយអំពីអត្ថប្រយោជន៍របស់វានៅឡើយទេ ។ ដោយភាគច្រើនវាត្រូវបានអ្នកភូមិគាស់ប្រមូលលក់ទៅអោយឈ្មួញជនជាតិវៀតណាមយ៉ាងអនាធិបតេយ្យសម្រាប់លក់នាំចេញទៅប្រទេសចិនបន្ត ក្នុងមួយគីឡូ ១០$ ។ មើមរបស់ដើម បល្ល័ង្គនពារក្ស មានជាតិក្រមួនច្រើននៅស្រុកជ្វា គេនិយមយកចំរាញ់ធ្វើជាប្រេងសម្រាប់ដុតក្នុងចង្កៀង ។
ប៉ុន្តែបើយោងតាមក្បួនឱសថបុរាណចិនវិញ ដើមបល្ល័ង្គ នពារក្ស នេះ នៅប្រទេសចិនគេយកទៅធ្វើឱសថព្យាបាលជំងឺច្រើនមុខណាស់ដូចជា ៖ -ជាថ្នាំសម្រាប់ ប៉ូវកំលាំង
-ជួយរក្សាតុល្យភាពកំរិតជាតិស្ករនៅក្នុងឈាម ( ជម្ងឺលើសឈាម )
-ជួយព្យាបាល និងបង្កើនសមត្ថភាពផ្លូវភេទសម្រាប់បុរស
-ជាឱសថជួយបំបាត់ការឈឺចាប់ និងប្រឆាំងនឹងការរលាក
-ជាឱសថព្យាបាលខ្ទាំក្នុង
-ជាថ្នាំព្យាបាលបញ្ហាក្រពះពោះវៀន។
ដោយឡែក នៅប្រទេសវៀតណាម ជនជាតិភាគតិចដែលរស់នៅតំបន់ភ្នំ Ninh Thuan ប្រើប្រាស់ដើមរុក្ខជាតិនេះដើម្បីព្យាបាលជំងឺក្រពះពោះវៀន ។ យោងតាមក្បួនឱសថបុរាណសៀម ដើមបល្ល័ង្គ នពារក្ស គេយកទៅធ្វើជាឱសថព្យាបាល រោគសើរស្បែក, ព្យាបាលជម្ងឺមហារីក, និងព្យាបាលរោគហឺតផងដែរ ។
គួរកត់សម្គាល់ថា បច្ចុប្បន្ន ដើមបល្ល័ង្គ នពារក្សនេះ ត្រូវបានក្រុមឈ្មួញទុច្ចរិត គាស់កាប់ជួយដូរលក់ទៅកាន់ប្រទេសជិតខាងយ៉ាងអណាធិបតេយ្យ ដោយគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវឡើយ ។ ដូច្នេះហើយសូមបងប្អូនមេត្តាជួយអភិរក្សប្រភេទរុក្ខជាតិកម្រមួយនេះផង ដើម្បីទុកជាប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវទៅថ្ងៃក្រោយ៕
ចែករំលែកព័តមាននេះ