នាយករដ្ឋមន្រ្តីឡាវ និងភរិយា មកដល់កម្ពុជាសម្រាប់ដំណើរទស្សនកិច្ច២ថ្ងៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន បានធ្វើដំណើរមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃ៤…
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន បានធ្វើដំណើរមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃ៤…
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន បានធ្វើដំណើរមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃ៤ ធ្នូនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ (៤-៥ធ្នូ)នៅកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ឲ្យដឹងថាលោកនាយករដ្ឋមន្ត្រីឡាវ និងភរិយានឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅក្នុងកម្ពុជារយៈពេល២ថ្ងៃ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ។ ការទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៤ ។
លោកបណ្ឌិត សនសៃ ស៊ីផាន់ដន និងលោកស្រី នឹងអញ្ជើញចូលក្រាបថ្វាយបង្គំ គាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ។ លោកបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ គ្រោងនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ។
លោកសនសៃ ស៊ីផាន់ដន នឹងមានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាពដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ។
នាយករដ្ឋមន្ត្រីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ។ ក្នុងអំឡុងពេលនៃទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវនឹងអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត នាយករដ្ឋមន្ត្រីឡាវ នៅព្រះរាជាណាចក្រកម្ពុជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ