ទីក្រុងសេអ៊ូល៖ សំណុំរឿងកំពុងតែក្ដៅនៅកូរ៉េខាងត្បូងបន្ទាប់ពីមានព្រឹត្តិការណ៍ថ្មីនៃការអនុវត្តច្បាប់អាជ្ញាសឹក។ ដំណឹងនេះលេចឮដល់វ៉ាស៊ីនតោនក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងត្បូង។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកខឺតខាំបែល (Kurt Campbell) ថ្លែងថារដ្ឋាភិបាលរបស់ខ្លួនកំពុងតាមដានព្រឹត្តិការណ៍នេះដោយយកចិត្តទុកដាក់ ហើយខ្វាយខ្វល់យ៉ាងខ្លាំងចំពោះបញ្ហានេះ។ សង្ឃឹមថាជម្លោះនយោបាយនេះអាចដោះស្រាយដោយសន្តិវិធី និងស្របទៅតាមផ្លូវច្បាប់។
លោកខាំបែលថ្លែងនៅក្នុងកម្មវិធីជួបជុំដែលរៀបចំនៅទីស្ដីការក្រសួងការបរទេសអាមេរិកបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោកយូនស៊ុកយូល ប្រកាសប្រើច្បាប់អាជ្ញាសឹកនៅលើកញ្ចក់ទូរទស្សន៍ជាតិនៅរាត្រីថ្ងៃអង្គារ។ លោកយូនបានស្ដីបន្ទោសក្រុមប្រឆាំង និងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងប្រទេសកូរ៉េខាងត្បូងចំពោះចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។
គេឃើញទាហានកូរ៉េខាងត្បូងព្យាយាមវាយទម្លុះចូលច្រកទ្វារវិមានរដ្ឋសភានៅពេលរំលងអធ្រាត្រឆ្លងចូលព្រឹកថ្ងៃពុធតបតាមសេចក្ដីប្រកាសរបស់លោកយូនស៊ុកយូល។ លោកខាំបែលថ្លែងថាលោកបៃដិន, លោកជេកស៊ូលីវេន (ទីប្រឹក្សាសន្តិសុខជាតិ) និងលោកប្លីងខិន (រដ្ឋមន្ត្រីការបរទេស) បានជ្រាបដំណឹងនេះហើយ ហើយបន្តតាមដានព័ត៌មានបច្ចុប្បន្នភាពជាទៀងទាត់។
សូមរំលឹកថានៅក្នុងការថ្លែងសុន្ទរកថានោះ លោកយូនស៊ុកយូលចោទប្រកាន់ធ្ងន់ៗចំពោះបក្សប្រឆាំង។ លោកថាបក្សនេះមានសមានចិត្តចំពោះកូរ៉េខាងជើង និងក៏មានសមានចិត្តចំពោះការធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ។ ក្រោយមក រដ្ឋសភាកូរ៉េខាងត្បូងបោះឆ្នោតជំទាស់នឹងការចេញក្រឹត្យរបស់លោកយូនស៊ុកយូល។
គេមិនទាន់ដឹងថារវាងសភា និងប្រធានាធិបតីតើនរណាមានអំណាចជាងនរណាព្រោះប្រធានាធិបតីកូរ៉េខាងត្បូងក្រៅពីជាប្រមុខរដ្ឋាភិបាល លោកក៏ជាប្រមុខរដ្ឋថែមទៀត មានន័យនៅពីលើសភាទៅទៀត។ ដូច្នេះ លោកអាចមានសិទ្ធិមិនស្ដាប់តាមសេចក្ដីសម្រេចរបស់សភា។
ចំណាត់ការរបស់លោកយូនស៊ុកយូលធ្វើឱ្យរដ្ឋាភិបាលអាមេរិកភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានរុញច្រានប្រទេសជាតិឱ្យធ្លាក់ទៅក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ។ យោងតាមច្បាប់របស់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតែអនុវត្តតាមសេចក្ដីសម្រេចរបស់សភា។ ប៉ុន្តែនៅដំណាក់កាលនេះ រដ្ឋាភិបាលត្រូវតែពិនិត្យមើលឡើងវិញទៅលើការសម្រេចនោះ មុននឹងដកចេញនូវបទបញ្ជា។ នេះបើយោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង៕
ចែករំលែកព័តមាននេះ