ខេត្តសៀមរាប ៖ រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទភ្នំក្រោម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ។
លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានលើកឡើងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំង ដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យ ដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។ បច្ចុប្បន្នក្រុមការងារ បានបន្តជួសជុលនៅផ្នែកកំពូលដំបូលខាងលើ នៃតួប្រាសាទ ដែលសម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា ប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទភ្នំក្រោមនេះ បើមើលពីខាងក្រៅ ឃើញថា មានការខូចខាតតិចតួច។ ប៉ុន្តែបើការសិក្សាស៊ីជម្រៅ ប្រាសាទនេះ មានការខូចខាតធ្ងន់ធ្ងរប្រឈមនឹងការរលំនៅជ្រុងពាយ័ព្យ និងផ្នែកដំបូល។ ការជួសជុល បានសង្គ្រោះប្រាសាទនេះឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង ដោយក្រុមការងារបានខិតខំធ្វើយ៉ាងណាបំពេញការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្តអាយុកាលយូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ ៕













ចែករំលែកព័តមាននេះ