រាជធានីភ្នំពេញ ៖ ការទទួលព័ត៌មានក្លែងក្លាយ នឹងទទួល នូវគ្រោះមហន្តរាយដ៏ធំ សម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ និងសង្គមជាតិទាំងមូល ។
នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបើកបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។
ពិធីនេះដោយមានការចូលរួមជាអធិបតីភាពពីលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្ដម នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូបង្គោល និងលោក ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួង ព័ត៌មានជាគ្រូបង្គោលដែរ ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើង ចំនួន៧វគ្គ រួចមកហើយ ដោយមានសិក្ខាកាម ដែលជាមន្ត្រីរាជការរបស់រដ្ឋបាល ចំនួនជាង១ពាន់នាក់ចូលរួម ។
លោក កើត ឆែ អភិបាលរងរាជធានី បន្តថា វិស័យព័ត៌មាន មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅតាមបច្ចេកវិទ្យាយុគសម័យ DIGITAL។ ក្នុងសម័យកាល DIGITAL នាពេលបច្ចុប្បន្ននេះ នរណាម្នាក់ ក៏ជាអ្នកព័ត៌មានដែរ គ្រាន់តែមានអាជីព និងអត់អាជីពប៉ុណ្ណឹង។ សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការពីក្រសួងព័ត៌មាន យើងបានរួមគ្នាបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលវិស័យព័ត៌មាននេះ គឺដើម្បីប្រយុទ្ធប្រឆាំង និងព័ត៌មានក្លែងក្លាយ។ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នៅចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជាជាប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។
លោក កើត ឆែ បានណែនាំថា ក្រោយពីរបញ្ចប់នូវវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរាជការនៅថ្នាក់មូលដ្ឋានរបស់យើងនឹងក្លាយជាអ្នកប្រយុទ្ធប្រឆាំង និងព័ត៌មានក្លែងក្លាយដ៏មានឥទ្ធិពល ។
លោកអភិបាលរង បានបញ្ជាក់ផងដែរថា ការទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់លាស់ យើងនឹងទទួលបានជ័យជំនះ តែបើយើងទទួលព័ត៌មានក្លែងក្លាយ យើងនឹងទទួលនូវមហន្តរាយដ៏ធំ ទាំងសុខភាព ទាំងធនធានលុយកាក់ ទាំងគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជារឿងរបស់យើងទាំងអស់គ្នា។ ការសិក្សាវគ្គបណ្តុះបណ្តាលនេះ មន្ត្រីរបស់យើង នឹងទទួលបានចំណេះដឹង ដូច្នេះសូមបន្តយកចំណេះដឹងទាំងនេះ ទៅចែកចាយដល់ក្រុមការងារ ក្រុមគ្រួសារក៏ដូចជាសហគមន៍ ដើម្បីរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការគ្រប់គ្រងព័ត៌មានក្លែងក្លាយបាន វានឹងធ្វើឲ្យយើងមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ។
នៅក្នុងឱកាសនោះ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍លើកឡើងដែលថា សម័យកាលនេះគឺជាសម័យការឌីជីថល ដែលយើងគ្រប់គ្នា ត្រូវតែដើរឲ្យទាន់។ ក្នុងនាមជាមន្ត្រី ត្រូវស្វែងយល់អំពីព័ត៌មាន ហើយព័ត៌មានមិនមែនស្រាប់សម្រាប់តែអ្នកនាំពាក្យនោះទេ គឺសម្រាប់មន្ត្រីយើងទាំងអស់គ្នា។ យើងជាកងទ័ពជួរមុខ ក្នុងការប្រយុទ្ធប្រប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បើយើងទទួលព័ត៌មានខុស យើងនឹងសម្រេចចិត្តខុស ដែលនឹងនាំឲ្យមានបញ្ហាទាំងគ្រួសារ និងសង្គមជាតិទាំងមូល។ ទាំងនេះ គឺទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់គ្រប់គ្រងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ។
រដ្ឋលេខាធិការ បានបន្តទៀតថា សិក្ខាកាមដែលមកក្រេបជញ្ជក់យកចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺជាមន្ត្រីដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។ យើងដឹងហើយថា រាជធានីភ្នំពេញ គឺជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះវិស័យវិស័យធំៗទាំងអស់គឺ ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះមន្ត្រីយើងទាំងអស់នៅរាជធានីភ្នំពេញ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ ដើម្បីអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ