ខេត្តកំពង់ចាម ៖ ស្លាកសញ្ញាបន្ថយល្បឿនមួយនេះ សាងអំពីបេតុងដោយបងប្អូនអានិកជនខ្មែរនៅសហរដ្ឋអាមេរិក ពីមុនពិតជាស្រស់ស្អាតដោយគេលាបពណ៌ទឹកមាស ស្ថិតនៅតាមបណ្ដោយផ្លូវថ្នល់ក្នុងភូមិព្រែកក្របៅឃុំព្រែកក្របៅ ស្រុកកងមាស។ ដោយឆ្លងកាត់ពេលវេលាយូរឆ្នាំ សញ្ញាបន្ថយល្បឿននេះ ត្រូវភ្លៀងខ្យល់ក៏ស្រអាប់ចាស់ តែទោះជាបែបណាក៏ដោយ គឺអាជ្ញាធរមូលដ្ឋានបានខិតខំថែរក្សាប្រើប្រាស់ឲ្យបានយូរអង្វែងទៅអនាគត ព្រមទាំងបានលាបពណ៌ដូចដើមទៀតផង ។
លោកអ៊ី កុកគង់ មេឃុំព្រៃក្របៅមានប្រសាសន៍ឲ្យដឹងព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២៤ ថា ក្រោយពីពេលដែលរូបលោកបានឡើងកាន់ដំណែងជាមេឃុំព្រែករបៅ គឺបានឃើញខ្លោងទ្វារកាត់ទទឹងថ្នល់សង់អំពីបេតុងមានក្បូរក្បាច់រចនាស្អាតគួរឲ្យចាប់អារម្មណ៍ មានសាលាឆទាន រួមទាំងស្លាកសញ្ញាបន្ថយល្បឿន ដែលនៅពីលើសង់ជារង្វង់មូល«កងមាស»ដោយបញ្ជាក់ឱ្យមហាជនដឹងថា មកដល់ស្រុកកងមាស ។ ចំពោះសមិទ្ធផលនេះ គឺបានសាងសង់ដោយសប្បុរសជននៅសហរដ្ឋអាមេរិកឈ្មោះកុក ម៉េង ដែលបានចំណាយថវិកាអស់រាប់ម៉ឺនដុល្លារឯណោះ ។
លោកមេឃុំព្រែកក្របៅមានប្រសាសន៍បន្តឲ្យដឹងទៀតថា បើតាមដែលលោកយល់សប្បុរសជនរូបនេះសាងសង់អាចគាត់ប៉ងប្រាថ្នាអ្វីមួយបានសម្រេចដូចបំណង ទើបសម្រេចចិត្តមកសាងសង់សមិទ្ធផលទាំងនេះ នៅស្រុកកំណើតរបស់ខ្លួនក្នុងស្រុកកងមាស។ ចំពោះសញ្ញាបន្ថយល្បឿនដោយសាងសង់អំពីបេតុងលាបថ្នាំពណ៌ទឹកមាសនោះ ដោយឆ្លងកាត់ពេលវេលាច្រើនឆ្នាំត្រូវភ្លៀងត្រូវខ្យល់ធ្វើឲ្យរបកថ្នាំស្រអាប់ តែថ្មីៗនេះត្រូវបានអាជ្ញាធរបានលាបពណ៌ឲ្យដូចដើមវិញ មើលទៅពិតជាស្រស់ស្អាត។
បើគិតទៅអាជ្ញាធរមូលដ្ឋានមិនមានថវិកាចំណាយអស់រាប់ម៉ឺនដុល្លារ ក្នុងនោះមានក្លោងទ្វារ សាលាឆទាន សញ្ញាបន្ថយល្បឿន ដែលមានទីតាំងនៅព្រំប្រទល់ស្រុកព្រៃឈរនិងកងមាសតែម្ដង ។ ដូច្នេះ ត្រូវតែបំផុសប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើយ៉ាងណា ថែរក្សាសមិទ្ធផលដែលជាស្នាដៃរបស់បងប្អូនអានិកជននៅក្រៅប្រទេស ប្រើប្រាស់ឲ្យបានយូរទៅអនាគត។ មួយវិញទៀត តាមការពិនិត្យជាក់ស្ដែងខ្លោងទ្វារកាត់ទទឹងផ្លូវមានទំហំទូលាយអាចឱ្យរថយន្តតូចធំបើកជៀសគ្នាបានមិនចោទជាបញ្ហានោះទេ។
ចំណែកលោកភោគ សាវុធ អភិបាលស្រុកកងមាសវិញមានប្រសាសន៍ឲ្យដឹងដែរថា ចំពោះសមិទ្ធផលដែលបានកសាងដោយបងប្អូននៅក្រៅប្រទេសនេះ ដែលគិតមកដល់សព្វថ្ងៃនេះ មានអាយុកាលជិត២០ឆ្នាំហើយ។ ទីនេះ ជាសញ្ញាមួយប្រាប់ដល់អ្នកធ្វើដំណើរតាមមធ្យោបាយកង់ ម៉ូតូ និងរថយន្តតូចធំ ស្វាគមន៍ស្រុកកងមាស ត្រូវតែនាំគ្នាថែរក្សានិងប្រើប្រាស់ឲ្យបានយូរទៅថ្ងៃមុខ។
ចែករំលែកព័តមាននេះ