ខេត្តព្រះសីហនុ ៖ ដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវ: ប្រកបដោយក្រមសីលធម៌ ក្នុងវិស័យសុខាភិបាល ជាចលករដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន និងនាពេលអនាគត ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តការទទួលខុសត្រូវប្រកបដោយក្រមសីលធម៌ និងចុះបញ្ជីបន្តអាជ្ញាប័ណ្ណឲ្យបានគ្រប់ចំនួន សម្រាប់មន្ទីរពហុព្យាបាលឯកជននានា ។
នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត លិ គឹម ហ៊ួ ប្រធានគណ:គ្រូពេទ្យខេត្តព្រះសីហនុ ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩ ដែលបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ។ លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួ បានថ្លែងថា គ្រូពេទ្យដែលបានបំពេញការងារកន្លងមកប្រកបដោយវិជ្ជាជីវ: ប្រកបដោយលទ្ធផលល្អប្រសើរ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតតិចតួច មានភាពចន្លោះប្រហោង ដែលទាមទារឱ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវបំពេញបន្ថែម ទាំងលើវិសាលភាពផ្លូវច្បាប់ និងក្រមវិជ្ជាជីវ:ស្ថាប័នរបស់ខ្លួន ដើម្បីឱ្យមានការអភិវឌ្ឍទៅតាមតម្រូវការរបស់សង្គមជាតិ ក៏ដូចជាអតិថិជនដែលមកទទួលសេវាព្យាបាល ។
លោកប្រធានគណៈគ្រូពេទ្យខេត្ត បានបញ្ជាក់ថា គោលបំណងសំខាន់នៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩ នៅខេត្តព្រះសីហនុនាពេលនេះ គឺស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយដែលគណៈគ្រូពេទ្យបានអនុវត្តនាពេលកន្លងមក ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងនេះ សមាជិកសមាជិកាក្រុមប្រឹក្សាគណៈគ្រូពេទ្យ ក៏នៅមានចំណុចអវិជ្ជមានមួយចំនួនតូច ដែលត្រូវកែលម្អដូចជា គ្រូពេទ្យដែលទើបនឹងបញ្ចប់ការសិក្សាថ្មីៗពុំសូវយល់ជ្រួតជ្រាបអំពីច្បាប់ និងបទបញ្ជាផ្ទៃក្នុង ពិបាកក្នុងការវិនិច្ឆ័យ សញ្ញាបត្រមួយចំនួនតូចមានលក្ខណៈស្មុគស្មាញ ជាពិសេសសញ្ញាបត្ររបស់គ្រូពេទ្យជាជនជាតិបរទេស ។ភាពអសកម្មរបស់សមាជិកក្នុងការបរិច្ចាគពេលវេលា ដើម្បីចូលរួមប្រជុំទទួលយកព័ត៌មាន ក៏ដូចជាការស្រាវជ្រាវ ក្នុងការបង្កើននូវគុណវុឌ្ឍិសម្រាប់ការផ្តល់សេវាសុខាភិបាល ។
លោកបន្តទៀតថា ដើម្បីទទួលបាននូវប្រសិទ្ធភាពឲ្យកាន់តែប្រសើរឡើង ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តព្រះសីហនុ មានទិសដៅបន្តរួមមាន ៖-បន្តជំរុញការផ្សព្វផ្សាយឲ្យបានទំលំទូលាយ នូវសេចក្តីសម្រេច សេចក្ដីណែនាំ និងច្បាប់ថ្មីៗ របស់គណៈគ្រូពេទ្យជាតិ បន្តលើកទឹកចិត្តនិងជំរុញដល់គ្រូពេទ្យក្នុងការធ្វើបទបង្ហាញ ករណីសិក្សាឲ្យកាន់តែមានលក្ខណ:ល្អប្រសើរ ។-ជំរុញការបន្តសុពលភាពរបស់សមាជិកឲ្យកាន់តែល្អ ស្របតាមសេចក្ដីណែនាំ និងបទបញ្ជាផ្ទៃក្នុងរបស់គណៈគ្រូពេទ្យជាតិ ជំរុញឲ្យមានទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត២ដងក្នុង១ឆ្នាំ ។-បន្តជំរុញក្រុមការងារឱ្យចុះត្រួតពិនិត្យស្ថានភាពប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រសុខាភិបាលនៅក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែប្រសើរជាងមុន ។
-បន្តចូលរួមជួយដោះស្រាយនូវរាល់បាតុភាពជាយថាហេតុ ឱ្យបានដល់សមាជិកគណៈគ្រូពេទ្យខេត្ត នៅតាមបណ្តាមូលដ្ឋានសុខាភិបាលសាធារណ: និងសេវាឯកជន ។ ចំពោះសមិទ្ធផលជាផ្លែផ្កា ដែលក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តទទួលបាន ដោយមានការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត ក៏ដូចជាលោក លោកស្រី ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសលទ្ធផលជាវិជ្ជមាននេះពិតបានមកពីការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងចិត្តទុកដាក់របស់គណៈគ្រូពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុផងដែរ ។
លោក សែជូ សិទ្ធិជោត្តិ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ថ្លែងថា គ្រប់កិច្ចការនិងកំហុសឆ្គងទាំងអស់របស់ក្រុមគ្រូពេទ្យ ចាំបាច់ត្រូវមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីគណ:គ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការសម្របសម្រួលនូវគ្រប់ដំណោះស្រាយ ជាពិសេសលើផ្នែកច្បាប់ ។ លោកបានបន្ថែមថា ក្នុងនាមគណ:គ្រូពេទ្យ ត្រូវតែធ្វើបច្ចុប្បន្នភាពនៅគ្រប់ទីតាំងប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីជៀសវាងនូវភាពមិនប្រក្រតីចំពោះទីតាំងមួយចំនួន ដែលពុំទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការបើកអាជីវកម្ម ។
យោងតាមការសង្កេតកន្លងមកក្រសួងបានរកឃើញថា មានទីតាំងមួយចំនួន ប្រកបអាជីវកម្មលើសពីការអនុញ្ញាតរបស់ក្រសួង ដោយទទួលព្យាបាលអ្នកជំងឺគ្រប់ប្រភេទ ដែលពុំមែនជាជំនាញឯកទេសរបស់ខ្លួន និងបង្កឱ្យមានបញ្ហានាពេលកន្លងមកនេះ ៕
ចែករំលែកព័តមាននេះ