ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​មន្ត្រី​២​រូប ក្នុង​សំណុំរឿង​ឆបោក​ប្រាក់​របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោកស្រី លិ ស៊ីវ​ទាន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកាកោះហៅ​បុគ្គល​ជា​សាក្សី​ចំនួន​២​នាក់តាម​សំណើ​របស់​មេធាវី​រាជរដ្ឋាភិបាល ដែល​កំពុង​ទទួល​ជួយការពារ​ក្តី​ជូនពល រដ្ឋ​រង​គ្រោះ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រ៊ី​លាន…

ខេត្តសៀមរាប ៖ លោកស្រី លិ ស៊ីវ​ទាន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកាកោះហៅ​បុគ្គល​ជា​សាក្សី​ចំនួន​២​នាក់តាម​សំណើ​របស់​មេធាវី​រាជរដ្ឋាភិបាល ដែល​កំពុង​ទទួល​ជួយការពារ​ក្តី​ជូនពល រដ្ឋ​រង​គ្រោះ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រ៊ី​លាន ស៊ី​ធី​វើ​ល របស់​អតីត​ឧកញ៉ា ឡេ​ងចាន់​ណា ។ បុគ្គល​ទាំង​២​រូប​ដែល​ត្រូវ​បាន​កោះហៅ​នេះ​គឺ ៖១-​លោក ស៊ា​ន បូ​រ៉ា​ត់ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន​និង​កីឡា ។ ២-​លោក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ។

ដីកាកោះ​ចូល​បំភ្លឺ​ទី​១-​ឈ្មោះ ស៊ា​ន បូ​រ៉ាត់ ភេទ​ប្រុស កើត​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​១៩៧០ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៤៣ E០ ផ្លូវ​លេខ​៩៩ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ ឱ្យ​ចូល​មក​កាន់​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​៨ ​និង​៣០​នាទី​ព្រឹក បន្ទប់​លេខ​ «​ខ​១២» ដើម្បី​មក​បំភ្លឺ​ពី​ដំណើររឿង​ករណី​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ជា​ក្រុម​មានការ​ចាត់តាំងប្រព្រឹ​ត្ត​នៅ​បរិវេណ​របស់​ក្រុមហ៊ុន​ប្រ៊ី​លាន ស៊ី​ធី​វើ​លអតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កាលពី​អំឡុ​ង​ឆ្នាំ​២០២២ ។

ក្នុង​ដីកា​ដដែល​បាន​កំណត់​បទល្មើស​ព្រហ្មទណ្ឌមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៧៧ និង​មាត្រា​៣៨០ កថាខណ្ឌ​១ ចំណុច៥នៃ​ក្រមព្រហ្មទណ្ឌពី​បទ​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ក្នុង​ខេត្តសៀមរាប និង​ទីតាំង​​ផ្សេង​ទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៨ រហូត​ដល់​បច្ចុប្បន្ន បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៨នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់និង​ហិ​រញ្ញភេរវកម្មពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បករ​ណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ភូមិ​តា​វៀនសង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា២៣១នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍ដែល​អាច​ជួញដូរ​បាន និងប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

ចំពោះ​ដីកា​កោះហៅ​ចូល​បំភ្លឺ​ទី​២-​ឈ្មោះ ស ថា​វី ភេទ​ប្រុស អតីត​អភិបាលខេត្ត​ឧត្តរមានជ័យ កើត​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​១៩៦៦ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ឱ្យ​ចូល​មក​កាន់​សាលាដំបូង​ខេត្តសៀមរាប ​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក បន្ទប់​លេខ​«​ខ​១២» ដើម្បី​មក​បំភ្លឺ​ពី​ដំណើររឿង ករណី​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ជា​ក្រុម​មានការ​ចាត់តាំង ប្រព្រឹ​ត្ត​នៅ​បរិវេណ​របស់​ក្រុមហ៊ុន​ប្រ៊ី​លាន ស៊ី​ធី​វើ​លរបស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កាលពី​អំឡុង​ឆ្នាំ​២០២២ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែងឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៧៧ និង​មាត្រា៣៨០ កថាខណ្ឌ​១ ចំណុច​៥​នៃ​ក្រមព្រហ្មទណ្ឌ ពី​បទ​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ក្នុង​ក្រុង​សៀមរាប និង​ទីតាំង​ផ្សេង​ទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៨ រហូត​ដល់​បច្ចុប្បន្ន ។

បទល្មើស​ព្រហ្មទណ្ឌ​នេះ​ មាន​ចែង​ឱ្យ​ផ្តន្ទាទោសតាម​បញ្ញត្តិ​មាត្រា​៣៨នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន ភេរវកម្ម​ពី​បទ មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​ប្រព្រឹត្ត​នៅ​ភូមិតា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៣១នៃ​ច្បាប់​ស្តី​ពី​ឧប​ករណ៍​ដែល​អាចជួញដូរ​បាន និង​ប្រតិ​បត្តិការ​ទូទាត់​សង​ប្រាក់ ។ ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប​នេះ ​ត្រូវ​បាន​បង្ហោះ​ចែកចាយ​ជា​សាធារណៈ​នៅ​ថ្ងៃអាទិត្យ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​មហាជន​សង្ឃឹមថា សាលាដំបូង​ខេត្តសៀមរាប ប្រហែល​មិន​ទុក​ជន​ណា​ម្នាក់​ដែល​បាន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ក្នុង​សំណុំរឿង​របស់​ក្រុមហ៊ុន​អតីត​ឧកញ៉ាឡេ​ង
ចាន់​ណា រួចខ្លួន​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​ទិស​ដៅ​ការងារ​ឆ្នាំ​បន្ត​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ស​ប្តា​ហ៍​មុន សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា បញ្ហា​នេះ​(​ការ​ឆបោក​)​មិន​មាន​វិធី​អ្វី​ផ្សេង​ក្រៅពី​ប្រើ​យន្តការ​ច្បាប់​ដើម្បី​ដោះស្រាយ​នោះ​ទេ ។

សាលាដំបូង​ខេត្តសៀមរាប និង​មេធាវី​រាជរដ្ឋាភិបាលបាន ​និង​កំពុង​បន្តការងារ​នេះ ដើម្បី​ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំងនោះ ដែល​សំណុំរឿង​នេះ​ត្រូវការ​ពេលវេលា​ច្រើន ។ សម្តេច​បវរ​ធិ​បតី​មាន​ប្រសាសន៍​ថា​ «​តាម​ការសួរ​ចម្លើយ គាត់​ប្រាប់​អ៊ី​ចឹ​ង​ៗ យើង​ត្រូវ​ច្បាមបន្ថែម​…​អុ​ី​ចឹ​ង​កិច្ច​ការងារ​នេះ យើង​ធ្វើ ហើយ​មេធា​វី​រាជរដ្ឋាភិបាល​បាន​ស្នើ​ដីកា ដើម្បី​កោះហៅ​អ្នក​បន្តបន្ទាប់​យក​មក​ស៊ើបសួរ​បន្ថែម​» ។

សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បន្ត​ថា «​ខ្ញុំមើល​តាម​ការ​ប្រកាស​របស់​តុលាការ ឃាត់ខ្លួន​ប្រហែលជា​២០​នាក់ ហើយ​រៀបចំ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​កំណត់ ហើយបាន​ចេញ​គោលការណ៍​បង្កក​ទ្រព្យសម្បត្តិ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន ។ រឿង​នេះ អត់​ស្រួល​ទេ បើ​គាត់​ដាក់​ទ្រព្យ​ទាំង​អស់នេះ​នៅ​មួយ​ឃ្លាំង ស្រួល​ណាស់ ។ បើក​ឃ្លាំង​យក​មក​ចែក​គ្នា​តែ​ម្តង ។ តែ​វា​អត់​នៅ​ក្នុង​ឃ្លាំង​តែ​មួយ​» ។ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​ធ្វើការ​ជាមួយក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិដើម្បី​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ក្រៅប្រទេស ហើយ​ជា​ជន​រង​គ្រោះ​ដែរ​នោះ អាចប្រគល់​សិទ្ធិ​ជូន​មេធាវី ដើម្បី​ការពារ​ជូន​ពួក​គាត់​ផង​ដែរ ។

ទាក់ទង​នឹង​សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន ស៊ី​ធី​វើ​ល​ដ៍ ឯ​.​ក អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប លោក យិ​ន ស្រាង មិន​ចង់​ទម្លាយ​មុន​ចេញ​ដីកាកោះ​ថា លោក​មិន​បាន​ចាំ​ទេ​ថា មាន​មនុស្ស​ផ្សេង​ទៀត​ប៉ុន្មាន​នាក់ ដែល​ត្រូវ​បាន​កោះហៅ​ទៅ​បំភ្លឺ​នោះ ។

សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន ស៊ី​ធី​វើ​ល​ដ៍ របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា នៅ​ក្នុង​ខេត្តមរាប មាន​ជន​រង​គ្រោះ៤៩២៩​នាក់ បាន​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី​រាជរដ្ឋាភិបាល​ការពារ​ក្ដី​នៅ​តុលាការ  លោក គី តិច ប្រធាន​ក្រុមមេធាវី​រាជរដ្ឋាភិបាលឱ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន បង្ហាញ​ពី​លទ្ធផល​នៃ​ជំនួប​រវាង​មេធាវី​រាជរដ្ឋាភិបាល​ជាមួយ​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី៣ ខែតុលា ២០២៤​កន្លង​មក ។បើ​តាម លោក គី តិច នេះ​ជា​ជំនួបលើក​ទី១៤ ដែល​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​ចុះ​ជួប​ជាមួយ​ជន​រង​គ្រោះ ដែល​១២​លើក​នៅ​ភ្នំពេញ និង​២​លើក​នៅ​ខេត្តសៀមរាប ។

លោក គី តិច បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា «​ជំនួ​ប​ទាំង​១៤​លើក​នេះ មាន​ជន​រង​គ្រោះ​សរុប​ចំនួន​៤​៩២៩​នាក់ បាន​ស្ម័គ្រចិត្ត​ប្រគល់​សិទ្ធិ​ដោយ​ស្របច្បាប់​ជូន​មេធាវី ដើម្បី​ដំណើរការ ការពារ​ក្ដី​តាម​ផ្លូវ​តុលាការ​» ។ ជន​រង​គ្រោះ​នៅ​ក្នុង​សំណុំរឿង​របស់​ក្រុមហ៊ុន ប្រ៊ី​លាន ស៊ី​ធី​វើ​ល​ដ៍ របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា មិនមែន​មាន​តែ​នៅ​ក្នុង​ប្រទេស​នោះ​ទេ ពោល​គឺ​ពលរដ្ឋ​រស់​ក្រៅប្រទេស​មួយ​ចំនួន​ក៏​ចាញ់កល ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ​ដែរ ។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​ស៊ី​ធី​វើ​ល របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា សាលាដំបូង​ខេត្តសៀមរាប​កន្លង​មក បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​មួយ​ចំនួន និង​បង្កក​គណនី​ធនាគារ​ចំនួន​១៨៣ រួម​ទាំង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​របស់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ផង ។កន្លង​មក ពលរដ្ឋ​ប្រមាណ ៤​ទៅ​៥​ពាន់​នាក់ បាន​អះអាង​ថា បាន​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ី​លាន​ស៊ី​ធី ក្រោម​រូបភាព​ដាក់​ប្រាក់​វិនិយោគ ដោយ​ទទួល​បានការ​ប្រាក់​ប្រចាំខែ ។ ប៉ុន្តែ​ការ​ប្រាក់​ដែល​ក្រុមហ៊ុន​ទូទាត់​ឱ្យ​ពលរដ្ឋ មិន​បាន​ប៉ុន្មាន​ផង ក្រុមហ៊ុន​ក៏​ឈប់​ទូទាត់ ហើយ​ក្រោយមក​ក៏​ប្រកាស​ថា មិន​មាន​លទ្ធភាព​ទូទាត់​ឱ្យ​ពលរដ្ឋ​ក្រោម​ហេតុផល​វិបត្តិ​សេដ្ឋកិច្ច​សកល ។

សូម​បញ្ជាក់​ថា អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ប្រធាន​ក្រុមហ៊ុន «​ប្រ៊ី​ន​លាន ស៊ី​ធី​វើ​ល​ដ៍​» ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក រំលោភ​លើ​ទំនុកចិត្ត និង​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ក្នុង​រូបភាព​ទិញ​ដី ផ្ទះ និង​ការ​វិនិយោគ​ដោយ​បានការ​ប្រាក់​ខ្ពស់ ដោយ​អ្នកខ្លះ​បានការ​ប្រាក់​ស៊ី​តែ​ប៉ុន្មាន​ខែ ក៏លែង​បាន​រហូត ។

ការ​ចាប់ខ្លួន​នេះ បក្ខពួក​ជា​ច្រើន​នាក់​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដែរ ។ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ បាន​ចាញ់បោក​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ដោយ​ខ្លះ​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​មក​វិនិយោគ​ជាមួយនឹង​ក្រុមហ៊ុន​ខាងលើ ហើយ​ពួក​គាត់​ត្រូវ​សង​ធនាគារ​វិញ​យ៉ាងលំបាកលំបិន​បំផុត ក៏​ព្រោះ​តែ​ចាញ់​ការ​លួងលោម​ឆបោក​របស់​អតីត​ឧកញ៉ា រួម​ទាំង​បក្ខពួក​។ តាម​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​បាន​គេ​ដឹង​មិន​ទាន់​ជា​ផ្លូវការ​នៅឡើយ​នោះ គឺ​មាន​ទឹកប្រាក់​ដែល​ឆបោក​បាន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ