រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្រាវជ្រាវបំបែកសំណុំរឿងជនជាតិចិនចាប់ជនជាតិចិនដូចគ្នា យកទៅបង្ខាំងទុកជំរិតទារប្រាក់បាន១,២៥លានដុល្លារអាមេរិក ។ ជនសង្ស័យជាប់ទាក់ទិននឹងការចាប់ជំរិតនេះ ក៏ត្រូវបានចាប់ខ្លួន២នាក់ គឺប្តីចិនប្រពន្ធខ្មែរ ។ជនសង្ស័យទាំង២នាក់នេះមាន ប្ដីឈ្មោះ GU GUOJUN អាយុ៤៨ឆ្នាំ ជាជនជាតិចិន និងប្រពន្ធឈ្មោះ ហម ចាន់ធូ អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ ។
ទាក់ទិននឹងសំណុំរឿងចាប់បង្ខាំងជំរិតទារប្រាក់ខាងលើនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួង
មហាផ្ទៃបានឲ្យដឹងថា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១យប់ នៅចំណុចអតីតសណ្ឋាគារ មីងគួយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនជាតិចិនមួយក្រុមប្រមាណពី៤ ទៅ៥នាក់ មធ្យោបាយរថយន្ត១គ្រឿងម៉ាក Alpard ពណ៌ស(មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់បុរសម្នាក់ជាជនជាតិចិនដូចគ្នា ឈ្មោះ LU WEI ភេទប្រុស ដាក់រថយន្តរួចជិះគេចខ្លួនទៅបាត់ ។
ក្រោយពីទទួលបានព័ត៌មាននោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី ។
មន្ត្រីនគរបាលបានបន្តថា ស្របពេលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ជនរងគ្រោះក៏ត្រូវបានជនសង្ស័យដោះលែងមកវិញ ហើយបានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទើបសមត្ថកិច្ចកំណត់បានអត្តសញ្ញាណ និងមុខសញ្ញជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួន២នាក់ប្តីប្រពន្ធ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបញ្ជាក់ថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមជនសង្ស័យជាជនជាតិចិនមួយក្រុមមានគ្នាដល់ទៅ៨នាក់ បានចាប់ខ្លួនយកទៅបង្ខាំងទុក មួយកន្លែង រួចជំរិតទារប្រាក់ពីក្រុមគ្រួសារចំនួន៣លានដុល្លារ ។ ក្រោយមកគ្រួសារជនរងគ្រោះបានអង្វរ.ក និងចរចាគ្នាជាមួយជនសង្ស័យ ចុះនៅសល់ត្រឹម១,២៥លានដុល្លារ ហើយទឹកប្រាក់១,២៥លាននោះ ក្រុមគ្រួសារជនរងគ្រោះបានវេរប្រគល់ឲ្យជនសង្ស័យរួចរាល់ហើយ ទើបជនសង្ស័យដឹកជនរងគ្រោះទៅទម្លាក់ចោលនៅវត្តធម្មវ័ន្ត លើភ្នំមួយក្នុងខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះក្រោយពេលបានរួចខ្លួនក៏វិលមកភ្នំពេញវិញ ។
លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី កម្លាំងនគរបាលជំនាញ បន្តការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីចិនប្រពន្ធខ្មែរ នៅត្រង់ចំណុចនៅជិតវត្តជន្លង់ម្លូរ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ យកទៅសាកសួរ ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន អាវុធខ្លីម៉ាក NIK SAN ពណ៌ខ្មៅ៣ដើម និងបង់៣ គ្រាប់ប្រភេទ៣៨០ចំនួន៣៤គ្រាប់ ឯកសណ្ឋានប្រយុទ្ធនគរបាលជាតិ (អាវ២ខោ១) ស្ព្រៃបាញ់បង្ហូរទឹកភ្នែក១ដប ខ្នោះដៃ១ ខ្សែចំណងជរ័១ដុំ ស្បែកជើងប៊ូពណ៌ខ្មៅ៣គូ និងឧបករណ៍ប្រើប្រាស់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិមួយចំនួន ។
ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យក៏បានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពចាប់បង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នោះ គឺមានចំនួន៨នាក់ ពេលនេះ៦នាក់ទៀតកំពុងគេចខ្លួន ។
ប្រតិបត្តិការក្នុងសំណុំរឿងចាប់បង្ខាំង និងជំរិតទារប្រាក់បានសម្រេចជាង១លានដុល្លារអាមេរិកនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រឹងប្រែងដុតដៃដុតជើងសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ទំរាំឈានដល់បំបែក សំណុំរឿងនេះបាន ។ តែទោះជាយ៉ាងណា ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងដែលរឹបអូសបាន សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីហើយ ៕
ចែករំលែកព័តមាននេះ