ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ជា​មិត្ត​របស់​ចិន គ្រប់​កាលៈទេសៈ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ភាគី​ចិន សារ​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់ខ្ជាប់…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ភាគី​ចិន សារ​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់ខ្ជាប់ នូវ​នយោបាយ​ចិន​តែ​មួយ ហើយ​កម្ពុជា​នៅ​តែ​ជា​មិត្ត​របស់​ចិន គ្រប់​កាលៈទេសៈ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ នៅ​ក្នុង​ថ្ងៃ​ទី​១ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ក្នុង​ជំនួប​ជាមួយ​លោក វ៉ាង ហ៊ូ​នី​ង (Wang Huning) ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន នៅ​មហា​វិមាន​ប្រជាជន រដ្ឋធានី​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​រសៀល​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៤ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ល​លើក​ឡើង​ថា មិត្ត​ចិន​បាន​ផ្ដល់ នូវ​ការ​គាំទ្រ និង​ជំនួយ មិន​ត្រឹមតែ​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប៉ុណ្ណោះ​នោះ​ទេ ក៏​បុ​ន្តែ ក៏​បាន​គាំទ្រ​ដល់​ឯករាជ្យ​ភាព ខាង​នយោបាយ​របស់​កម្ពុជា ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​អបអរសាទរ​ដល់​ខួប​ទី​៧៥​ឆ្នាំ នៃ​ការ​បង្កើត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​កោតសរសើរ​ចំពោះ​សមិទ្ធផល ដែល​មិត្ត​ចិន​សម្រេច​បាន​នា​ពេល​កន្លង​មក ។

សម្ដេច​តេ​ជោ មាន​ក្តី​សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ព្រឹទ្ធសភា​កម្ពុជា នឹង​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ។

ជា​កិច្ច​ឆ្លើយ​តប លោក Wang Huning បាន​កោតសរសើរ​សម្តេច​តេ​ជោ ដែល​បាន​រួម​វិភាគទាន​យ៉ាងច្រើន​លើសលុប ដល់​ការ​អភិវឌ្ឍ​នូវ​ទំនាក់ទំនង​កម្ពុជា​-​ចិន ។

លោក​លើក​ឡើង​ថា សម្តេច​តេ​ជោ ជា​មិត្ត​ល្អ​របស់​ប្រទេស​ចិន និង​ប្រជាជន​ចិន​។ លោក​បាន​កោតសរសើរ ចំពោះ​ការ​បន្តវេន នៃ​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​របស់​កម្ពុជា ដែល​បាន​ដើរ​តាម​មាគ៌ា របស់​សម្ដេច​តេ​ជោ ហើយ​បញ្ជាក់​ថា ចិន បន្ត​គាំទ្រ នូវ​គោលនយោបាយ​របស់​កម្ពុជា ជា​បន្ត​ទៀត​ផង​ដែរ​។ លោក​បាន​សន្យា​ថា ប្រទេស​ចិន នឹង​ផ្សព្វផ្សាយ​ពី​ប្រពៃណី​ដ៏​ល្អ​របស់​កម្ពុជា និង​ជំរុញ​ទេសចរ​ចិន មក​កម្ពុជា​បន្ថែម​ទៀត ។

លោក Wang Huning ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​គំនិត​បន្ស៊ី​គ្នា នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​កម្ពុជា ដើម្បី​ព​ន្លឿ​ន​ការ​សម្រេច​រចនាសម្ព័ន្ធ​សំខាន់​ៗ រួម​មាន​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ច្រករបៀង​មច្ឆា និង​អង្ករ និង​ការ​អភិវឌ្ឍ​កសិកម្ម​ទំនើប​ជាដើម និង​ការ​កសាង​ច្រករបៀង​គម្រូ​ថ្មី នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​តេ​ជោ និង​លោក​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​ស្ថានការណ៍​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ និង​ប្រែប្រួល​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ។

ទន្ទឹម​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​អញ្ជើញលោក Wang Huning មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សា​ជា​ថ្មី ដើម្បី​លោក​អាច​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា បន្ទាប់​ពី​ទស្សនកិច្ច​របស់ លោក Wang Huning កាលពី​ឆ្នាំ​២០១៦ និង​ជំរុញ​ទំនាក់ទំនង​រវាង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ព្រឹទ្ធសភា​កម្ពុជា ឱ្យ​កាន់​ខ្លាំងក្លា​បន្ថែម​ទៀត ។

លោក Wang Huning ក៏​បាន​ទទួលយក​នូវ​ការ​អញ្ជើញ​របស់​សម្ដេច​តេ​ជោ ដោយ​ពិនិត្យ​មើល​នូវ​ពេលវេលា សម​ស្រប​ណាមួយ​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ