ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេតុងទីនវេចលុយជាង២០ម៉ឺនដុល្លាររត់បាត់ ខណៈ​កូនតុងទីនប្រកាសអង្វរឱ្យត្រឡប់មកវិញដោះស្រាយគ្នា

9 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ កូនតុងទីនចំនួន15​នាក់ នៅទីប្រជុំជនអ្នកលឿង បានប្រកាសសូមអង្វរស្ត្រីជាមេតុងទីនម្នាក់ឈ្មោះ សឿង សុដា ហៅ ម៉ាក់ធនិន ដែលបានរត់គេចខ្លួនបាត់ជាច្រើនថ្ងៃមកហើយ…

0:00
0:00

ខេត្ត​ព្រៃវែង ៖ កូនតុងទីនចំនួន15​នាក់ នៅទីប្រជុំជនអ្នកលឿង បានប្រកាសសូមអង្វរស្ត្រីជាមេតុងទីនម្នាក់ឈ្មោះ សឿង សុដា ហៅ ម៉ាក់ធនិន ដែលបានរត់គេចខ្លួនបាត់ជាច្រើនថ្ងៃមកហើយ សុំឲ្យត្រឡប់មកវិញ ធ្វើការដោះស្រាយសងលុយពួកគេ ដែលបានលេងតុងទីនជាមួយ ក្នុងរង្វង់ទឹកប្រាក់ សរុបជាង 20 ម៉ឺនដុល្លារ។

កូនតុងទីនម្នាក់ឈ្មោះ ហាក់ ស្រីនាង ជាអ្នកលក់ទូរសព្ទនៅទីប្រជុំជនអ្នកលឿង ក្នុងស្រុកពាមរក៍ខេត្តព្រៃវែង បានឱ្យដឹងថា ពួកគេបានលេងតុងទីនជាមួយមេតុងទីនឈ្មោះ សឿង សុដា ហៅ ម៉ាក់ធនិន ចាប់តាំងពីថ្ងៃទី 5 វិច្ឆិកា តុងទីនមួយក្បាល 50 ដុល្លារ ដេញរាល់ថ្ងៃ ដោយមានកូនតុងទីនសរុបចំនួន 15នាក់ ស្មើនឹង 75 ក្បាល។

កូនតុងទីនដដែលនេះបានបញ្ជាក់ថា តាំងពីថ្ងៃចាប់ផ្ដើមលេងដំបូង ពួកគេមិនដែលចាប់អារម្មណ៍សួរនាំរឿងអ្នកណាដេញយកលុយនោះទេ រហូត មកដល់ថ្ងៃទី 20 វិច្ឆិកា ស្រាប់តែបាត់មេតុងទីនមិនដឹងទៅណា ពេលកូនតុងទីននាំគ្នាដេញដោលសួរច្រើន ទើបផ្ទុះរឿងដឹងថា មេតុងទីន ម៉ាក់ធនិនរត់បាត់ទៅហើយ ហើយកូនតុងទីនដែលបានដេញយកលុយតាំងពីថ្ងៃដំបូង និងបន្តបន្ទាប់មក គឺសុទ្ធតែជាកូនតុងទីនឈ្មោះខ្មោច ដែលមេតុងទីនបង្កើតឡើង ដើម្បីដេញយកលុយប៉ុណ្ណោះ ដល់ពេលប្រមូលកើបលុយបានច្រើនហើយ ក៏រត់គេចខ្លួនបាត់តែម្ដង។

អ្នកនាង ហាក់ ស្រីនាង និងកូនតុងទីនដទៃទៀតបានបញ្ជាក់ថា តុងទីនដែលពួកគេលេងមួយក្បាល 50 ដុល្លារ ដេញរៀងរាល់ថ្ងៃ អ្នកខ្លះលេងបួនក្បាល ខ្លះប្រាំក្បាល និងខ្លះទៀត 10 ក្បាលសរុបទឹកប្រាក់ប្រមាណជាង 20 ម៉ឺនដុល្លារហើយ។ ដូច្នេះពួកគេសុំអង្វរចិត្តមេតុងទីន ម៉ាក់ធនិន សូមត្រឡប់មកវិញ នឹងធ្វើការដោះស្រាយរឿងលុយកាក់នេះឱ្យពួកគេវិញ ហើយកូនតឹងទីនទាំងអស់ សន្យាមិនប្ដឹងផ្ដល់អ្វីនោះទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ