រាជធានីភ្នំពេញ ៖ នារីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា គាត់បើករថយន្តទៅចតនៅមុខព្រលានយន្តហោះ ហើយនាំកូនទៅកម្មវិធីតាំងពិព័រណ៍ ស្រាប់តែពេលចេញមកវិញបើករថយន្តចេញផុតពីកោះពេជ្ររកលុយទិញនំអោយកូនហូបទើបដឹងបាត់លុយខ្មែរ និងដុល្លារជាង៥០០០ដុល្លារ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមុខព្រលានយន្តហោះកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមនារីជនរងគ្រោះបានប្រាប់អោយដឹងថា ករណីខាងលើនេះ មុនកើតហេតុគាត់ជាមួយគ្រួសារប្ដីប្រពន្ធកូន ប្អូន បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC 0801 កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទៅលេងកន្លែងតាំងពិព័រណ៍លក់សម្ភារ:ក្មេងៗនៅក្នុងកោះពេជ្រ ដោយមានរថយន្តចតច្រើននៅក្បែរអគារL ដែលជាទីតាំងពិព័រណ៍ទើបយករថយន្តទៅចតនៅបរិវេណព្រលានយន្តហោះវិញ ហើយបានទុកលុយក្នុងថង់ពណ៌ផ្កាឈូក មានលុយខ្មែរ និងដុល្លារសរុបទៅជាង៥០០០ដុល្លារសហរដ្ឋអាមេរិក ដោយមិនហ៊ានយកទៅជាប់ខ្លួនខ្លាចមនុស្សច្រើនជនសង្ស័យបន្លំលួច ទើបទុកក្នុងរថយន្តវិញហើយមុនចាកចេញពីរថយន្តបានចាក់សោទ្វារយ៉ាងត្រឹមត្រូវ ទើបនាំគ្នាដើរចូលទៅមើលពិព័រណ៍ ។
នារីរងគ្រោះបន្តទៀតថា លុះដល់ម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលបានចេញពីពិព័រណ៍កោះពេជ្របើករថយន្តចេញ តែមិនបានចាប់អារម្មណ៍លុយបាត់ ឬក៏យ៉ាងណាទេ រហូតបើករថយន្តទៅដល់ពេទ្យចិន ស្រាប់តែរកទិញអីអោយកូនហូបក៏នឹកឃើញលុយដែលដាក់នៅថង់លុយដែលដាក់នៅកៅអីមុខខាងស្ដាំរកមិនឃើញទើបបង្កការភ្ញាក់ផ្អើលបានសួរប្ដីថា បងមានយកលុយទុកអត់ ប្ដីឆ្លើយថា អត់បានយកទេ បានរកអស់ចិត្តនៅតែរកមិនឃើញ ទើបបើករថយន្តត្រឡប់មកវិញម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មកដល់កន្លែងដែលចតរថយន្តប្ដឹងសន្តិសុខជួយតេហៅសមត្ថកិច្ចមកផង ដើម្បីពិនិត្យជាក់ស្ដែង និងដាក់ពាក្យបណ្ដឹង សមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យខាងលើ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ ក្រោយពីទទួលព័ត៌មានថា នារីជាមួយគ្រួសារបើករថយន្តចតហើយមានជនសង្ស័យមិនស្គាល់មុខបើកទ្វាររថយន្តលួចលុយ ពេលចុះមកដល់បរិវេណកោះពេជ្រ មើលស្លាកស្នាមលើទ្វាររថយន្ត គឺមិនមានការខូចខាតទ្វារទេ តែជនរងគ្រោះបញ្ជាក់ច្បាស់ថា បានចាក់សោឡក់ទ្វារត្រឹមត្រូវហើយ ក៏បាននាំជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីលំអិតបន្ថែមទៀត តើការបាត់បង់លុយជាង៥០០០ដុល្លារនៅកន្លែងណាច្បាស់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ជនរងគ្រោះមិនបានប្តឹងសមត្ថកិច្ចទេ បានសុំសមត្ថកិច្ចត្រឡប់ទៅផ្ទះវិញ ដើម្បីរកលុយនឹងម្តងទៀតតើច្រឡំទុកនៅត្រង់ណា ៕
ចែករំលែកព័តមាននេះ