ឡានកាមរីបើកគេចឡានធំ ធ្លាក់ចូលទឹកប្រឡាយ ស្លា.ប់អ្នកបើកបរម្នាក់និងជួយសង្គ្រោះបាន២នាក់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ រថយន្តម៉ាកកាមរីមួយគ្រឿងបើកគេចរថយន្តធុនធំមួយគ្រឿងទៀត បណ្តាលឱ្យធ្លាក់ចូលទឹកប្រឡាយមុខសំណង់ស្ពានតាផាន់ ជួយសង្គ្រោះបាន២នាក់ និងស្លាប់អ្នកបើកបរម្នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រ៉ាយ ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ។ ចំណែកជនរងគ្រោះដែលត្រូវគេជួយសង្គ្រោះបាន២នាក់ក្នុងនោះម្នាក់ឈ្មោះ រើន ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឆាត រ៉ា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា មុនពេលកើតហេតុ មានយុវជន៣នាក់ជិះរថយន្តមួយគ្រឿងម៉ាកកាមរី ចង្កូតស្តាំ ស៊េរីឆ្នាំ១៩៩៥ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខសៀមរាប 2A-1461 ដែលជិៈកៅអីខាងមុខ២នាក់ និងខាងក្រោយ១នាក់ ហើយរថយន្តនោះបានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចស្ពានតាផាន់ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀតធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា រួមនឹងម៉ូតូ១គ្រឿងផ្សេងទៀត ទើបបើកគេច បណ្តាលឱ្យធ្លាក់ចូលប្រឡាយខាងកើតផ្លូវ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយរថយន្តធ្លាក់ភ្លាមៗអ្នកធ្វើដំណើរនិងនៅជិតខាងឃើញបានជួយសង្គ្រោះដោយយកដុំថ្មដំកញ្ចក់ឡានបែកជួយបាន២នាក់ហើយរថយន្តលិចចូលក្នុងទឹករួមទាំងអ្នកបើកបរម្នាក់លិចបាត់រកមិនឃើញហើយសាច់ញាតិនិងកម្លាំងនគរបាលព្យាយាមជួយរកដែលបានតាំងពីម៉ោង២ឈានចូលព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ព្រឹក ទើបរករថយន្តឃើញដែលលិចទឹកក្បែរក្បាលស្ពានខាងប្រមាណ៥០ម៉ែត្រហើយបានយករថយន្តសន្ទូចយកឡើងគោកឃើញសាកសពជនរងគ្រោះអ្នកបើកបរបានស្លាប់ក្នុងរថយន្តត្រូវបានយកប្រគល់ជូនសាច់ញាតិ។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា ជនរងគ្រោះដែលបើករថយន្តធ្លាក់ប្រឡាយទឹកស្ពានតាផាន់ស្លាប់១នាក់និងជួយសង្គ្រោះបាន២នាក់ នៅពេលគ្រោះជនរងគ្រោះបើករថយន្តគេចរថយន្តធុនធំនិងម៉ូតូ បណ្តាលធ្លាក់ចូលប្រឡាយបានជួយសង្គ្រោះបាន២នាក់និងស្លាប់ម្នាក់ ។ ក្រោយពេលកើតហេតុ រថយន្តជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕

















ចែករំលែកព័តមាននេះ